COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​បរិច្ចាគ ២,៧​លាន​ដុល្លារ​ដើម្បី​ប្រឆាំង COVID-19
19, Mar 2020 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​១៨ ខែមីនា​ប្រកាសថា ពួកគេ​នឹង​បរិច្ចាគ​ប្រាក់​ចំនួន ២,៥ លាន​អឺរ៉ូ (២,៧ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នៃ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ជំងឺឆ្លង COVID-19​។​


 
​តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram អ្នកចាំទី និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Manuel Neuer បាន​និយាយថា​៖ «​យើង​ត្រូវ​មើលថែរក្សា​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ យើង​នៅក្នុង​ក្រុម​ជម្រើសជាតិ​ទាំងអស់​បានគិត​ហើយ​ថា យើង​នឹង​បរិច្ចាគ​ប្រាក់​ដើម្បី​រួមចំណែក​ជួយ​ក្នុងករណីនេះ​»​។​
 
​ក្រៅពី Neuer សមាជិក​ក្រុម Bayern Munich ផ្សេងទៀត​ដូចជា Joshua Kimmich និង Leon Goretzka រួមជាមួយ Matthias Ginter ខ្សែ​ការ​ក្រុម Borussia Moenchengladbach ក៏បាន​បង្ហោះ​វីដេអូ​ស្រដៀង​គ្នា​នេះដែរ​។​
 
​គោលបំណង​របស់​កីឡាករ​អាល្លឺម៉ង់ គឺ​ចង់​សម្របសម្រួល​ដល់​អ្នកស្ម័គ្រចិត្ត និង​ក្រុមគ្រូពេទ្យ​នៅ​ទូទាំងប្រទេស​អំឡុងពេល​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​កំពុង​រាលដាល​ខ្លាំង​។​
 
Ilkay Gundogan តារា​ឆ្នើម​របស់​ក្រុម Manchester City ខ្សែបម្រើ Toni Kroos របស់ Real Madrid និង​អ្នកចាំទី Marc-Andre ter Stegen របស់​ក្រុម Barcelona ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​បង្កើត​គំនិត​បរិច្ចាគ​ប្រាក់​នេះ​ផងដែរ​។​
 
​ទន្ទឹមនឹងនេះ លោក Joachim Loew ដែលជា​គ្រូបង្វឹក​របស់​អាល្លឺម៉ង់​ក៏ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​ពួកគេ​បន្ទាប់ពី​វិបត្តិ COVID-19 នេះ​។​
 
«​ពិភពលោក​កំពុង​ជួបប្រទះ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​រួមគ្នា​។ អំណាច ភាព​លោភលន់​បាន​កើតឡើង​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​បញ្ហា​ដែល​ជះឥទ្ធិពល​ដល់​យើងទាំងអស់គ្នា ហើយ​យើង​ដឹងថា​អ្វីដែល​ពិត​ជាមាន​សារៈសំខាន់​នៅក្នុង​ជីវិត​នោះ គឺ​មិត្តភក្តិ គ្រួសារ និង​ការគោរព​អ្នកដទៃ​។ យើង​គួរ​គោរព​គ្នា​ទៅវិញទៅមក​ឲ្យ​កាន់តែច្រើន​នាពេល​អនាគត​»​។ លោក Loew លើកឡើង​ដូច្នេះ​តាមរយៈ​វីដេអូ​ពី​ផ្ទះ​របស់លោក​នៅឯ​ក្រុង Freiburg​។​
 
​រហូតមកទល់​ថ្ងៃទី​១៨ ខែមីនា​នេះ អាល្លឺម៉ង់​មាន​ករណី​ស្លាប់​ដោយសារ COVID-19 ចំនួន​២៨​នាក់ និង​ឆ្លង​ចំនួន​១២៣២៧​ករណី ហើយ​សះស្បើយ​១០៥​នាក់​។ អាល្លឺម៉ង់​ជា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ទី​៣ ដែលមាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើនជាងគេ បន្ទាប់ពី​អេ​ស្ប៉ា​ញ និង អ៊ីតាលី​៕

Tag:
 COVID-19
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com