COVID-19
អន្តរជាតិ
ថៃ​តម្រូវ​ឲ្យ​អ្នកដំណើរ​មកពី​១៥​ប្រទេស​បញ្ជាក់ថា​គ្មាន COVID-19 និង​ធានារ៉ាប់រង​ជាមុន ទើប​ឲ្យ​ឡើង​យន្តហោះ​
19, Mar 2020 , 7:39 pm        
រូបភាព
អាកាសយានដ្ឋានមួយកន្លែងរបស់ថៃ។ រូបភាព​AFP
អាកាសយានដ្ឋានមួយកន្លែងរបស់ថៃ។ រូបភាព​AFP
​ដោយ​៖ គយ រតន​បុរិន្ទ
 
អាជ្ញាធរ​អាកាសចរ​ស៊ីវិល​ថៃ តម្រូវ​ឲ្យ​អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិ​បរទេស និង​ជនជាតិ​ថៃ​បង្ហាញថា ខ្លួន​គ្មាន​ជំងឺ COVID-19 មុននឹង​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​ធ្វើដំណើរ​មក​ប្រទេស​ថៃ​។ លោក Chula Sukmanop ប្រធាន​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​ថៃ​បានចេញ​ចំណាត់ការ​នេះ​នៅ​ពីថ្ងៃ​ពុធ ១៨​មីនា ក្នុង​គោលបំណង​ខ្ទប់​ការ​រាលដាល​នៃ​ជំងឺ COVID-19​។

 
​អាជ្ញាធរ​ថៃ ចាប់ផ្ដើម​រឹតបន្តឹង​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ថែមទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ។ ក្នុង​វិធានការ​ចុងក្រោយ អាកាសចរណ៍​ស៊ីវិល​ថៃ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ពិនិត្យមើល​ប្រវត្តិ​ធ្វើដំណើរ​របស់​អ្នកដំណើរ​រយៈពេល​១៤​ថ្ងៃ​ចុងក្រោយ​។ នេះ​បើតាម​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​បន្ថែម​ពីនេះ ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ទាមទារ​អ្នកដំណើរ​មកពី​១៥​ប្រទេស​ឲ្យ​បង្ហាញថា​វិ​ញ្ញាប​ន​ប័ត្រ​គ្មាន COVID-19  ដែល​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល មិន​លើសពី ៧២​ម៉ោង​មុននឹង​ចាកចេញ បើទោះបីជា​អ្នកដំណើរ​នោះ​ទៅ​ទីណា​ក៏ដោយ​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ទាមទារ​ឲ្យ​អ្នកដំណើរ​មានការ​ធានារ៉ាប់រង​ព្យាបាល COVID-19 ក្នុងប្រទេស​ថៃ ដែលមាន​តម្លៃ​យ៉ាងតិច ១​សែន​ដុល្លារ​ផងដែរ​។ 
 
​ប្រទេស និង​តំបន់​ទាំង​១៥​មាន ចិន ហុងកុង ម៉ា​កាវ អ៊ីរ៉ង់ អ៊ីតាលី និង​កូរ៉េខាងត្បូង អង់គ្លេស ដា​ណឺ​ម៉ាក បារាំង អាល្លឺម៉ង់ ជប៉ុន ហួឡ​ង់ ន័​រ​វ៉េ​ស អេ​ស្ប៉ា​ញ ស៊ុយអែត ស្វី​ស និង​សហរដ្ឋអាមេរិក​។ ចំពោះ​ប្រទេស​ជប៉ុន​ចំណាត់ការ​នោះ​សំដៅលើ​អ្នកដំណើរ​ដែល​មកពី​ទីក្រុង​មួយចំនួន​តែប៉ុណ្ណោះ​។ ដោយឡែក​អ្នកដំណើរ​ដែល​មកពី​ចិន អ៊ីតាលី អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ត្បុ​ង នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ​សិន​ផងដែរ​។​
 
​ជា​វិធាន​ការបង្ការ អាជ្ញា​រធរ​អាកាសចរ​ស៊ីវិល​ថៃ ក៏​បង្គាប់​ឲ្យ​អ្នកដំណើរ​អង្គុយ​ឲ្យ​ឆ្ងាយ​ពីគ្នា និង​សម្លាប់​មេរោគ​ក្នុង​យន្តហោះ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល​។ 
 
​ក្នុងករណី អ្នកដំណើរ​ដែល​មិនអាច​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ខាងលើ នឹងមិន​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​មក​ប្រទេស​ថៃ​ទេ​។ ចំណែកឯ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ដែល​មិន​ព្រម​អនុវត្តតាម នឹង​តម្រូវ​ឲ្យ​ចេញថ្លៃ​ធ្វើដំណើរ ការព្យាបាល និង​ការ​ឲ្យ​នៅ​តែឯង​របស់​អ្នកជំងឺ ព្រមទាំង​បង់ប្រាក់​ដើម្បី​ទប់​ស្កាត​ជំងឺ​ផងដែរ​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com