COVID-19៖ គណៈ​ដឹកនាំ​ឥស្លាម​កម្ពុជា​ឱ្យ​សាសនិក​ឥស្លាម​ថ្វាយបង្គំ​នៅផ្ទះ
COVID-19
ជាតិ
COVID-19៖ គណៈ​ដឹកនាំ​ឥស្លាម​កម្ពុជា​ឱ្យ​សាសនិក​ឥស្លាម​ថ្វាយបង្គំ​នៅផ្ទះ
19, Mar 2020 , 8:19 pm        
រូបភាព
វិហារឥស្លាម ជើមៀក នៅក្រុងកំពង់ចាម
វិហារឥស្លាម ជើមៀក នៅក្រុងកំពង់ចាម
​សៀមរាប​៖ គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ដោយ​ហាម​ការជួបជុំ​ការថ្វាយ​បង្គំ​រៀងរាល់​ពេល រាប់ទាំង​ថ្ងៃ​សុក្រ​ផង ដើម្បី​បង្ការ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ សេចក្ដីប្រកាស បានបញ្ជាក់​ច្បាស់​ថា ការថ្វាយ​បង្គំ ត្រូវ​ប្រតិប័តន៍​តាម​ផ្ទះ​រៀងៗ​ខ្លួន​។​

 
​ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល បង្ការ​ការ​រាតត្បាត​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កូ​វីដ​១៩ គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ក្នុង​សេចក្ដីប្រកាស​ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១៨ មីនា ហាម​រាល់​ការជួបជុំ​ទាំងអស់​រប​ស់​សាសនិក​ឥស្លាម​ទូទាំងប្រទេស តាម​ព្រះវិហារ​ទូទៅ​ប្រទេស​។ ក្នុង​លិខិត​នោះ​បញ្ជាក់ថា តម្រូវ​តែ អា​ហ្សា​ន (​ការប្រកាស​ប្រាប់​ពី​ពេលវេលា​ថ្វាយបង្គំ និង​ឱ្យ​សាសនិក​ឥស្លាម​មក​ថ្វាយបង្គំ​) តែប៉ុណ្ណោះ នៅតាម​ម៉ា​ស្ជិ​ត (​វិហារ​ឥស្លាម​)​។  បន្ថែម​ពីនេះ គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា​ក៏​មិន​ភ្លេច​រំឭក​ឱ្យ​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ប្ដូរ​ពី​ទម្លាប់​ចាប់ដៃ​ពេល​ជួបគ្នា ជំនួស​ដោយ​ការប្រើ​ពាក្យ សាឡា​ម (​ពាក្យ​អារ៉ាប់​មានន័យថា សន្ដិភាព​)​។​
 
​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវបាន​ណែនាំ​ឱ្យ​ខ្ទប់​ច្រមុះ​នៅពេល​ក្អក និង​កណ្ដាស់ ដោយ​ប្រើ​ជា​កន្សែង ក្រដាស និង​ជៀសវាង​ការប៉ះពាល់​លើ​ភ្នែក ច្រមុះ និង​មាត់ ហើយ​ត្រូវ​លាងដៃ​ជា​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​ទឹក​លាងដៃ​។​ល​។ ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា លោក​សុះ កំ​រ៉ី ស្នើ​ដល់​គណៈ​ដឹកនាំ​តាម​ខេត្ត​-​ក្រុង​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់ និង​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ស្មារតី​ទទួលខុសត្រូវ ក៏ដូចជា​អប់រំ ណែនាំ​ដល់​ពលរដ្ឋ​យល់​ពី​បញ្ហា​នេះ ដើម្បី​បង្ការ​ការពារ​ពី​ជំងឺឆ្លង​កូ​វីដ​១៩​។​
 
​លោក សុះ រ៉​ហាន សហការី​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនិក​ឥស្លាម​កម្ពុជា បានឱ្យដឹងថា វិហារ​ឥស្លាម​សរុប​ទូទាំងប្រទេស​មាន​ជាង​៦០០ ដោយ​មិន​រាប់​ពី​កន្លែង​ថ្វាយបង្គំ​តូចៗ (​សូ​រ៉ាវ​) តាម​ភូមិ​នីមួយៗ​នោះទេ​។ ថ្នាក់ដឹកនាំ​រូបនេះ អំពាវនាវ​ឱ្យ​សាសនិក​ឥស្លាម​ទាំងអស់ គោរព​តាម​សេចក្ដីប្រកាស​ខាងលើ ដើម្បី​ថែរក្សា​សុខភាព និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ បន្ថែម​ពីនេះ លោក សុះ រ៉​ហាន ពន្យល់ថា ការ​តម្រូវឱ្យ​ថ្វាយបង្គំ​នៅតាម​ផ្ទះ (​សម្រាប់​បុរស​) មិន​ខុសពី​ច្បាប់​សាសនា​នោះទេ ផ្ទុយទៅវិញ សាសនា​ឥស្លាម​មិនមាន​ភាព​តឹងរឹង​ទេ ក្នុង​កាលៈទេសៈ ឬ​មាន​អាសន្ន​ណាមួយ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« សាសនា​ឥស្លាម​មាន​ភាពអនុគ្រោះ​ច្រើន ដល់​សាសនិក​គ្រប់រូប ដូចជា​ការថ្វាយ​បង្គំ តម្រូវឱ្យ​យើង​ឈរ តែបើ​យើង​មាន​ជំងឺ​ពិបាក​ក្រោក យើង​អាច​ថ្វាយបង្គំ​ដោយ​អង្គុយ គឺ​តាម​កាលៈទេសៈ​ជាក់ស្ដែង​។ ឥឡូវ​ប្រទេស​ឥស្លាម​ធំៗ ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ាឡេស៊ី ជាដើម គេ​ក៏បាន​បិទ​វិហារ​ផងដែរ ដើម្បី​ទប់ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​...»៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com