COVID-19
កីឡាជាតិ
ជាតិ
AFC សម្រេច​ផ្អាក​ការប្រកួត​ដែល​នៅ​សេសសល់ ដោយសារ​បញ្ហា COVID-19
19, Mar 2020 , 8:39 pm        
រូបភាព
ដោយ:
​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​សម្រេច​ផ្អាក​ការប្រកួត AFC Cup 2020 ដែល​នៅសល់​ជា​បណ្តោះអាសន្ន​។ AFC នឹង​ជួន​ដំណឹង​ពី​ពេល​វ​លា​ប្រកួត​ថ្មី នៅពេល​ការរីក​រាល​នៃ​ជំងឺ​នេះ​មាន​ស្ថានភាព​ធូរស្បើយ​។

 
​ស្របពេល​ការរីក​រាលដាល​និង​ចំនួន​អ្នក​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 នៅតែ​បន្ត​កើនឡើង ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រទេស​និង​ស្ថាប័ន​មួយចំនួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការប្រកួត​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជា​បន្តបន្ទាប់ ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ផ្អាក​ការប្រកួត​វគ្គ​ជម្រុះ AFC Cup 2020 ដែល​នៅសល់​ជា​បណ្តោះអាសន្ន​។ ការផ្អាក​នេះ AFC មិនបាន​កំណត់ពេល​វេលា​ឡើយ ហើយ​ពួកគេ​នឹង​ប្រាប់​ពី​ពេលវេលា​ប្រកួត​ថ្មី ក្រោយ​ស្ថានភាព​ការរីក​រាល​នៃ COVID-19 មាន​ភាព​ធូរស្រាល​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់ AFC បានបញ្ជាក់​បន្ថែមថា ការផ្អាក​នេះ​គឺ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី COVID-19 ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក​។ ការសម្រេច​របស់ AFC ធ្វើឡើង​ក្រោយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​មួយចំនួន បានចេញ​ចំណាត់ការ​ដោយ​ហាម​ប្រជាពលរដ្ឋ​ខ្លួន​ចេញទៅ​ក្រៅប្រទេស និង​ហាម​បរទេស​ចូល​ប្រទេស​ខ្លួន​ជាដើម​។ កត្តា​នេះ​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់ AFC ក្នុងការ​អនុញ្ញាត​ឲ្យ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​។ 
 
​មិនមែន​មានតែ AFC នោះទេ សូម្បី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ក៏បាន​ផ្អាក​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup 2022 មិន​កំណត់​ពេលវេលា ដោយសារ​ការរីក​រាល​ដាល​នៃ COVID-19 ផងដែរ​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 បាន​រាតត្បាត​ជាង​១៦០​ប្រទេស​ហើយ​៕   

Tag:
 បាល់ទាត់​
  AFC Cup 2020
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com