COVID-19
ជាតិ
អ្នកនាំពាក្យ៖ ពន្ធនាគារទាំងអស់ បានអនុវត្តវិធានការតឹងរឹង ដើម្បីការពារជំងឺឆ្លងCOVID-19 រូបពីគេហទំព័រពីពន្ធនាគារខេត្តកំពង់ធំ
× ភ្នំពេញ៖ គ្រប់ពន្ធនាគារនៅកម្ពុជា បានអនុវត្តវិធានការតឹងរឹង ដើម្បីការពារជំងឺឆ្លងCOVID-19 ។ វិធានការទាំងនោះ រួមមាន ការប្រើឧបករណ៍វាស់កម្ដៅ ការរក្សាអនាម័យ និងការតាមដានប្រវត្តិអ្នកចូលឃុំថ្មីក្នុងពន្ធនាគារជាដើម។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅពីថ្ងៃទី១៨ មីនា ឆ្នាំ២០២០ ថា ការអនុវត្តវិធាការនេះ គឺមានរយៈជាង២សប្ដាហ៍មកហើយ ដោយមានការតាមដាននិងរាយការណ៍ជាប្រចាំ លើអ្នកជាប់ពន្ធនាគារ និងអ្នកចេញចូល។ លោក សវនា ថាការធ្វើបែបនេះ គឺដើម្បីការពារការរីករាលដាលនៃជំងឺCovid-19។
«ក្នុងពន្ធនាគារបានអនុវត្តវិធានការមួយចំនួន មានសម្ភារៈសម្រាប់វាស់កម្ដៅ សាប៊ូលាងដៃ ម៉ាស់ ស្រោមដៃសម្រាប់ការពារ។ ចំពោះការសួរសុខទុក្ខគឺឈប់ឱ្យជួបផ្ទាល់ហើយ គឺយើងឱ្យពួកគាត់ជួបគ្នាតាមកញ្ចក់ ហើយពិនិត្យរាល់អីវ៉ាន់ដែលចេញចូល។ ចំពោះការដឹកជញ្ជូនអ្នកជាប់ឃុំមិនចោទជាបញ្ហានោះទេ អ្វីដែលយើងឱ្យក្រុមការងារយកចិត្តទុកដាក់ខ្លួនគឺអ្នកជាប់ឃុំថ្មី។
បើសិនមានកម្ដៅខ្ពស់និងក្អក គឺយើងនឹងយកដាក់មួយឡែក ហើយយើងនឹងទាក់ទងទៅក្រសួងសុខាភិបាល ហើយគ្រប់អ្នកចូលថ្មីគឺយើងតែងតែសួរនាំពីប្រវត្តិអំឡុង២ទៅ៣សប្ដាហ៍គាត់ទំនាក់ទំនងជាមួយអ្នកណាខ្លះ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យអគ្គនាយដ្ឋានពន្ធនាគារ ដោយបន្ថែមថា ប្រសិនបើករណីCOVID-19កើតឡើង គឺខាងពន្ធនាគារនឹងប្រគល់ជូនទៅខាងសុខាភិបាល ដើម្បីព្យាបាល។
សូមបញ្ជាក់ថា បុរសជាង៣៤០០០នាក់និងស្ត្រីជាង២០០០ នាក់កំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅក្នុងសន្និសីទកាសែតស្តីពីទិសដៅនិងការរីកចម្រើនរបស់ក្រសួង កាលពីសប្ដាហ៍មុន៕
© រក្សាសិទ្ធិដោយ thmeythmey.com