COVID-19
អន្តរជាតិ
អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ហាម​ជនបរទេស​ចូល​ប្រទេស​ដើម្បី​ទប់ស្កាត់ COVID-19
19, Mar 2020 , 10:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា​ អាឌើន និងនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន។ រូបភាព AFP
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា​ អាឌើន និងនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន។ រូបភាព AFP
​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ដែល​នៅក្បែរ​ខាង​គ្នា នៅ​ថ្ងៃទី​១៩ ខែមីនា បានប្រកាស​បិទ​ព្រំដែន​របស់ខ្លួន លែង​ទទួល​ជនបរទេស​ទាំងអស់​។ នេះ​ជា​វិធានការ​ថ្មី​របស់​ប្រទេស​ទាំងពីរ​នេះ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (COVID-19) ។ មេដឹកនាំ​ប្រទេស​ទាំងពីរ សុទ្ធតែ​អះអាងថា​ចំណាត់ការ​នេះ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​មិន​បណ្ដាល​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​មាន​ចំណាត់ការ​កាន់តែ​តឹងរ៉ឹង​ឡើយ​។

 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន (Scott Morrison) បានប្រកាសថា អូស្ត្រាលី នឹង​ហាមឃាត់​ដំណើរ​ទាំងអស់​ដែល​មិនមែនជា​ជនជាតិ​អូស្ត្រាលី ឬ​ប្រជាជន​អចិន្ត្រៃយ៍​របស់​អូស្ត្រាលី​ពី​ការធ្វើដំណើរ​ចូល​ទឹកដី​របស់ខ្លួន​ចាប់ពី​ម៉ោង​៩​យប់​ថ្ងៃទី​២០ ខែមីនា​តទៅ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ពី​ទីក្រុង​វែ​លីង​តោន​វិញ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ អ្នកស្រី ចា​ស៊ីន​ដា អា​ឌើ​ន ក៏បាន​ប្រកាស​វិធានការ​ដូចគ្នា​ដែរ ដោយ​ជនបរទេស​ទាំងអស់ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទឹក​នូ​វែ​ល​សេ​ឡង់​ឡើយ​។ អ្នកស្រី អា​ឌើ​ន ទទួលស្គាល់ថា វិធានការ​នេះ ពិតជា​រឿង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​នូ​វែ​ល​សេ​ឡង់​។ បន្ថែម​ពី​នោះ អ្នកមាន​ទិដ្ឋាការ​ការងារ សិក្សា ឬ​ពលករ​បណ្ដោះអាសន្ន ក៏​ជាប់​ក្នុង​បម្រាម​ធ្វើដំណើរ​នេះដែរ​។ 
 
​ការបិទ​ព្រំដែន​មិន​ទទួល​ជនបរទេស ជា​វិធានការ​តឹង​មួយទៀត​របស់​ប្រទេស​ទាំងពីរ​នេះ​បន្ថែម​ពីលើ​វិធាន​ការដែល​កំពុង​អនុវត្ត​កន្លងមក​។ យ៉ាងណាមិញ ស្ថានការណ៍​ទាំង​អូស្ត្រាលី ទាំង​នូ​វែ​ល​សេ​ឡង់ មិនទាន់​ដល់​ថ្នាក់​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បិទ​សាលារៀន ឬក៏​ដាក់​វិធាន​ការបិទ​ទីក្រុង​ដូច​ប្រទេស​ឯទៀត​ឡើយ​។ អ្នកសម្រេចចិត្ត​ផ្នែក​គោលនយោបាយ​ប្រទេស​ទាំងពីរ​សង្ឃឹមថា ចំណាត់ការ​ចុងក្រោយ​នេះ គឺ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់ COVID-19 ដោយ​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​ធ្លាក់​ខ្លាំង​ឡើយ​។​
 
​បច្ចុប្បន្ន តួលេខ​ឆ្លង​សរុប​នៅ​អូស្ត្រាលី​មាន​ចំនួន​៦៤២​ករណី ឯ​នូ​វែ​ល​សេ​ឡង់​មាន​២៨​ករណី​។ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី និយាយថា ៨០​ភាគរយ​នៃ​ករណី​ឆ្លង កើតចេញពី​បុគ្គល​ដែល​ឆ្លង​វីរុស​ពី​បរទេស ឬ​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នក​ដែល​ទើប​ធ្វើដំណើរ​ពី​បរទេស​៕

Tag:
 អូស្ត្រាលី​
  នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com