COVID-19
អន្តរជាតិ
COVID-19៖ ម៉ាឡេស៊ីឆ្លងដល់៩០០ករណី ឯឥណ្ឌូណេស៊ីស្លាប់ដល់ទៅ២៥នាក់ ប្រជាជនឥណ្ឌូណេស៊ី ពាក់ម៉ាស់នៅតាមទីសាធារណៈ។ រូបភាព៖ EPA-EFE
× គិតត្រឹមថ្ងៃទី១៩ ខែមីនា ប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួន ៣ បានរកឃើញករណីឆ្លងថ្មី នៃជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) ជាបន្តបន្ទាប់។ ខណៈពេលម៉ាឡេស៊ីនៅតែមានករណីឆ្លងច្រើនដដែល ថៃវិញ បានរកឃើញតួលេខអ្នកឆ្លងCOVId-19 យ៉ាងខ្ពស់បំផុត គិតចាប់តាំងផ្ទុះជំងឺនេះមក ស្របពេលដែលឥណ្ឌូណេស៊ីមានករណីស្លាប់ច្រើនជាងគេ។
ជាប្រទេសធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី កំពុងរងគ្រោះដោយសារ COVID-19 យ៉ាងខ្លាំង។ បើតាមវេបសាយ Worldometer នាថ្ងៃទី១៩ ខែមីនា ឥណ្ឌូណេស៊ី បានរកឃើញចំនួនអ្នកស្លាប់រហូតដល់ ៦ករណី និងអ្នកឆ្លងCOVID-19 ថ្មីរហូតដល់ ៨៤ករណីឯណោះ។ ការណ៍នេះ បានធ្វើឲ្យតួលេខសរុបCOVID-19 របស់ឥណ្ឌូណេស៊ី ទាំងករណីឆ្លង និងស្លាប់ ឡើងយ៉ាងគំហុក។ គិតត្រឹមពេលនេះ ឥណ្ឌូណេស៊ីមានករណីឆ្លងសរុបប្រមាណ៣១០ករណី ខណៈអ្នកស្លាប់ឡើងដល់ ២៥ករណី។
ម៉ាឡេស៊ីវិញ ក៏កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ដែរ។ បើទោះបីជាមានវិធានការបិទប្រទេសទាំងមូល ហាមជនបរទេសចេញចូលក៏ដោយ ប៉ុន្តែតួលេខនៅម៉ាឡេស៊ី នៅតែបន្តកើនឡើងយ៉ាងគំហុក។ នាថ្ងៃទី១៩ ខែមីនា ម៉ាឡេស៊ី បានរកឃើញករណីឆ្លងថ្មីរហូតដល់ ១១០ករណីឯណោះ។
ភាគច្រើននៃករណីឆ្លងថ្មីនេះនៅម៉ាឡេស៊ី គឺមានទាក់ទងទៅនឹងពិធីសាសនាឥស្លាមមួយក្នុងទីក្រុងគូឡាឡាំពួ។ តួលេខ COVID-19 សរុបនៅម៉ាឡេស៊ីឡើងដល់៩០០ករណី និងអ្នកស្លាប់ ២ករណី ខណៈអ្នកជាសះស្បើយ៧៥នាក់។
បន្ទាប់ពីឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ថៃ ក៏រកឃើញចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសច្រើនដែរ។ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសតួលេខរកឃើញថ្មីរហូតដល់ទៅ៦០ករណី ដែលជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីផ្ទុះCOVID-19 ។ បើតាមការអះអាងរបស់នាយកដ្ឋានជំងឺឆ្លង ក្នុងចំនួន ៦០ករណីនេះ មាន៤៣ករណីគឺមានពាក់ព័ន្ធទៅនឹង កន្លែងប្រដាល់ កន្លែងកម្សាន្ត និងពិធីប្រារព្ធសាសនា។ ករណីសរុបCOVID-19 នៅថៃ គឺមានចំនួន ២៧២ករណី អ្នកស្លាប់ម្នាក់ និងអ្នកជាសះស្បើយ ៤២នាក់៕
Tag:
ឥណ្ឌូណេស៊ី
ថៃ
ម៉ាឡេស៊ី COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com