COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ ក្រសួងនឹងចាត់វិធានការលើអ្នកលក់អាល់កុលក្លែងក្លាយ និងផលិតផលឡើងថៃ្ល រូបភាពពីអគ្គនាយកដ្ឋានកាំកុងត្រូល
× ភ្នំពេញ៖ ក្រសួងចំនួន២ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ទឹកអាល់កុលក្លែងក្លាយ និងដំឡើងថ្លៃផលិតផល ស្របពេលវីរុសCOVID-19 កំពុងរីករាលដាលនៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងក្រោយពីក្រសួងទាំងពីរ ពិនិត្យឃើញថា ពលរដ្ឋ និងអាជីវករ បានឆ្លៀតឱកាសលក់ផលិតផលក្លែងបន្លំ ដើម្បីកេងផលចំណេញច្រើន។
ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំរួមគ្នាមួយ ដោយស្នើឲ្យឱសថស្ថាននានា និងអាជីវករដែលលក់ម៉ាស់ ទឹកអាល់កុល និងទឹកសម្អាតដៃ កុំដំឡើងថ្លៃហួសហេតុ និងលក់ផលិតក្លែងក្លាយ។ ក្នុងករណីអ្នកពាក់ព័ន្ធទាំងនេះ មិនគោរពតាមការណែនាំទេ ក្រសួងទាំងពីរនឹងសហការគ្នាចាត់វិធានការតាមច្បាប់ និងបិទអាជីវកម្មតែម្ដង។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងអនុវត្តនូវគោលការណ៍៣ដំណាក់កាលសម្រាប់អាជីវករ និងឱសថស្ថានណាដែលលក់ផលិតផលក្លែងក្លាយ និងដំឡើងថ្លៃ។ នៅចំណុចនេះលោក ស៊ាង ថៃ បានបញ្ជាក់ថា បើអ្នកលក់ផលិតផលបន្តថ្លៃ គឺក្រសួងនឹងចុះទៅណែនាំ ។ប៉ុន្តែបើអ្នកលក់នៅតែមិនរាងចាល គឺក្រសួងនឹងបិទអាជីវកម្ម ឬឈានដល់ការអនុវត្តទៅតាមវិធីច្បាប់ជាធរមានតែម្តង។
«ក្រសួងពាណិជ្ជកម្មបានអំពាវនាវកុំឲ្យពួកគាត់ឡើងថ្លៃខ្លាំង ធ្វើម៉េចបើកម្ពុជាជាទីផ្សារសេរីដែលធ្វើឲ្យការផ្គត់ផ្គង់ហ្នឹងវាឡើងថ្លៃ។ យើងអំពាវនាវដល់ពូកគាត់ ពិចារណា ភាពជាខ្មែរដូចគ្នា កុំឲ្យលក់ចំណេញហួសហេតុពេក។ យើងបានសហការជាមួយនឹងនគរបាលសេដ្ឋកិច្ច ក្នុងការឃ្លាំមើល បើសិនជា របស់របរនៅទីផ្សារដែលលក់ឡើងថ្លៃហួសហេតុ ដែលនាំឲ្យចលាចល និងបង្កអសន្តិសុខក្នុងប្រទេស គាត់នឹងមានភារកិច្ចក្នុងការបង្ក្រាប។ បើផលិតផលក្លែងបន្លំ ក្រសួងពាណិជ្ជកម្មមានសិទ្ធិក្នុងការបិទអាជីវកម្ម បើធ្ងន់ធ្ងរយើងនឹងបញ្ជូនទៅតុលាការតែម្តង»។ នេះបើតាមលោក ស៊ាង ថៃ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
លោក ស៊ាង ថៃ ទទួលស្គាល់ថាផលិតផលចាំបាច់សម្រាប់បំពេញតម្រូវការរបស់មនុស្សក្នុងការការពារCOVID-19 កំពុងតែប្រកួតប្រជែងគ្នា និងលក់ហួសពីតម្លៃពីមុន។ បើតាមលោក ស៊ាង ថៃ ការដំឡើងថ្លៃនៅតាមទីផ្សារ បណ្តាលមកពីពលរដ្ឋនាំគ្នាភ័យខ្លាចពេក និងផ្អើលទៅទិញកាន់តែច្រើន ទើបធ្វើឲ្យទីផ្សារតម្លៃផលិតផល គឺរឹតតែឡើងថ្លៃ និងអស់ផលិតផលពីស្តុក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានរៀបរាប់ដូច្នេះថា៖« កម្ពុជាជាទីផ្សារសេរី។ របស់មួយដែលធ្លាប់តែលក់ត្រឹមតែ១០ដុល្លារ ហើយត្រូវការច្រើន ដែលឡើងដល់១៣ដុល្លារ វាធម្មតា និងសមរម្យនឹងទទួលយកបាន។ តែបើឡើងដល់៣០ដុល្លារអី តម្លៃហ្នឹងវាហួសហេតុពេកហើយ»។
គិតមកដល់ថ្ងៃទី១៩ ខែមីនា កម្ពុជាមាន៣៧ករណីហើយដែលផ្ទុកកូវីដ-១៩ ក្នុងនោះមានខ្មែរ២៤នាក់ អង់គ្លេស៣នាក់ កាណាដា១នាក់ ប៊ែលហ្ស៊ិក១នាក់ បារាំង២នាក់(ក្នុងនោះមានទារកម្នាក់) ម៉ាឡេស៊ី៥នាក់ និងចិន១នាក់(ជាសះស្បើយ)៕
Tag:
ទឹកអាល់កុល
ស្លាកសញ្ញា
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com