COVID-19
ជាតិ
សង្គមជាតិ
ទ័ពមួកខៀវកម្ពុជា ត្រូវដាក់កំហិតឲ្យទៅធ្វើតេស្តរកកូវីដ-១៩ និងនៅដាច់ដោយឡែក១៤ថ្ងៃ
× នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយបង្គាប់កងកម្លាំងមួកខៀវកម្ពុជាទាំងអស់ ដែលទទួលបានច្បាប់ឈប់សម្រាកចាប់ថ្ងៃជូនណឹងនេះទៅ ឲ្យទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវនៅដាច់ដោយឡែកពីគេ១៤ថ្ងៃ។
លោក សែម សុវណ្ណនី បន្តថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលឈប់សម្រាករួចហើយ ហើយត្រូវត្រឡប់ទៅកាន់តំបន់បេសកកម្មវិញ ក៏តម្រូវឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃដែរ។ តែមជ្ឈមណ្ឌលជាតិ ពុំបានបញ្ជាក់ថា ឲ្យពួកគេ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ។
លោក បន្ថែមថា កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ហើយបានប្រាស្រ័យទាក់ទងជាមួយបុគ្គលមានកូវីដ-១៩ ត្រូវប្រាប់ទៅមេបញ្ជាការខ្លួន ដើម្បីចាត់វិធានការការពារនិងព្យាបាល ហើយកងកម្លាំងមួកខៀវរូបនោះ ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។
លោក ណែនាំទៀតថា កងកម្លាំងមួកខៀវកម្ពុជា ដែលត្រឡប់មកពីបំពេញបេសកកម្មនៅខាងក្រៅ ដាច់ខាតត្រូវឲ្យពេទ្យ វាស់កម្តៅ និងបាញ់ថ្នាំសម្អាតសម្លាប់មេរោគ មុនពេលចូលបន្ទាយវិញ។
ក្រៅពីប្រាប់ឲ្យអនុវត្តវិធានការទាំងអស់នេះហើយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅដាក់ការណែនាំមួយចំនួនទៀត ឲ្យកងកម្លាំងមួយខៀវកម្ពុជា យកទៅអនុវត្ត។ ការណែនាំទាំងនោះ រួមមាន បង្កើតគណៈកម្មការតាមដាននិងពិនិត្យសុខភាពជាប្រចាំដល់កងម្លាំងមួកខៀវ, ត្រូវពាក់ម៉ាស់ លាងដៃជាប្រចាំ និង រក្សាគម្លាតពីគ្នាយ៉ាងហោចណាស់១ទៅ២ម៉ែត្រ, ត្រូវសម្អាតកន្លែងស្នាក់នៅ បន្ទប់ទឹក កន្លែងមានមនុស្សប្រើប្រាស់ច្រើន វត្ថុដែលប្រើរួមគ្នា និង ធម្យោបាយធ្វើដំណើរ, និង ត្រូវជៀសវាងពីកន្លែងដែលមានមនុស្សចេញចូលច្រើន។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៤៧នាក់ហើយ ដែលឆ្លងកូវីដ-១៩៕
Tag:
COVID-19
ទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com