COVID-19
ជាតិ
ក្រសួង​មួយចំនួន ចាប់ផ្តើម​អនុវត្តតាម​គ្នា «​ឲ្យ​មន្ត្រី​ធ្វើការ​នៅផ្ទះ​»
20, Mar 2020 , 9:29 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួង
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួង
​ភ្នំពេញ​៖ នៅ​កម្ពុជា ក្រសួង​មួយចំនួន បានអនុញ្ញាត​ឲ្យ​ម​ន្រី្ត​របស់ខ្លួន បំពេញការងារ​ពី​ផ្ទះ តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

 
​ការអនុញ្ញាត​ឲ្យ​ម​ន្រី្ត​ធ្វើការ​ពី​ផ្ទះ​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវបាន​ក្រសួង​នានា សម្រេច​ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្រោយ​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​សប្ដាហ៍​នេះ​។  ក្រសួង ដែល​អនុញ្ញាត​ឲ្យ​ម​ន្រី្ត ធ្វើការ​ពី​ផ្ទះ មានដូចជា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, ក្រសួងពាណិជ្ជកម្ម និង ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត ជាដើម​។ រដ្ឋសភា ក៏​ប្រកាស​ឲ្យ​មន្ត្រី​ធ្វើការ​នៅផ្ទះ​ដែរ​។ 

យ៉ាងណាក៏ដោយ ក្រសួងឬស្ថាប័នខាងលើ ក៏នៅតែតម្រូវឲ្យមន្ត្រីខ្លួនមួយចំនួន ត្រូវមានវត្តមាននៅកន្លែងធ្វើការដែរ មិនមែនមានន័យថា ត្រូវធ្វើការនៅផ្ទះទាំងអស់គ្នានោះទេ។ ចំពោះមន្រ្តីណា ដែលអាចធ្វើនៅផ្ទះបាន ដោយមិនប៉ះពាល់ដល់ការងារ ពួកគេ នឹងត្រូវអនុញ្ញាត ឲ្យធ្វើការនៅផ្ទះ ហើយមន្រ្តីណា ដែលចាំបាច់ត្រូវតែមានវត្តមាននៅកន្លែងធ្វើការ គឺពួកគេ ត្រូវតែទៅកន្លែងធ្វើការ។ 
 
​រីឯ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​, ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, ក្រសួងមហាផ្ទៃ និង ក្រសួង​-​ស្ថាប័ន​ផ្សេងៗ​ទៀត ទោះ​មិនបាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ធ្វើការ​នៅផ្ទះ តែ​ក៏​បានចេញ​វិធានការ​តឹងរ៉ឹង ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩ បញ្ហា​សុខភាព និង តាមដាន​ពី​ប្រវត្តិ​ម​ន្រី្ត​ខ្លួន ជាពិសេស​មន្ត្រី​ដែល​ទើប​វិលត្រឡប់​ពី​ក្រៅប្រទេស ត្រូវដាក់​ឲ្យ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ ទន្ទឹមនឹងនេះ ប្រសិនបើ​មាន​ករណី​ចាំបាច់ ម​ន្រី្ត​អាចធ្វើ​ការ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ធានា​និរន្តរភាព​ការងារ​។ 
 
​គិត​ត្រឹមយប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​មនុស្ស​៤៧​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ និង​មាន​មនុស្ស​ជាង​១​ពាន់​នាក់ បាន​ទៅធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩៕ 

Tag:
 Covid-19
  មន្ត្រី​ធ្វើការ​នៅផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com