COVID-19
ជាតិ
COVID-19៖ ឆ្លង១០ករណីទៀតនៅកម្ពុជា សរុប៤៧ករណី
× ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី១៩ ខែមីនា នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១០ករណីទៀតនៅកម្ពុជា ក្នុងនោះ៤ករណីពាក់ព័ន្ធជនជាតិខ្មែរដែលវិលត្រឡប់ពីពិធីសាសនានៅម៉ាឡេស៊ី និង៦ករណីជាបុរសម៉ាឡេស៊ី។ សរុបកម្ពុជាមានអ្នកឆ្លង៤៧នាក់ហើយ។
ក្នុងចំណោម១០ករណីថ្មី ២ករណីស្ថិតនៅខេត្តបាត់ដំបង ដែលទាំងនេះជាករណីឆ្លងរបស់ភរិយាពីស្វាមី ដែលបានទៅចូលរួមពិធីបុណ្យសាសនានៅម៉ាឡេស៊ី។ ស្ត្រីម្នាក់មានអាយុ៣៥ឆ្នាំ ដែលឆ្លងពីស្វាមីអាយុ៤៥ឆ្នាំ និងស្ត្រីម្នាក់ទៀតអាយុ៤១ឆ្នាំឆ្លងពីប្តីអាយុ៤២ឆ្នាំ។ ស្ត្រីទាំងពីរដែលជាករណីឆ្លងពីស្វាមីដំបូងបំផុតនោះ ស្ថិតនៅព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
១ករណីនៅខេត្តកណ្តាល កើតលើបុរសអាយុ៦០ឆ្នាំនៅភូមិប៉ារ៉ែនក្រោម ឃុំស្វាយប្រទ្រាល ស្រុកស្អាង ដែលត្រូវបានដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ករណី១ទៀតនៅភ្នំពេញ ជាបុរសអាយុ៣៤ឆ្នាំ ដែលមកធ្វើការងារសាសនានៅព្រះវិហារឥស្លាម២ ទៅ៣ថ្ងៃនៅឃុំព្រែកប្រា សង្កាត់ច្បារអំពៅ១។ គាត់ត្រូវបានដាក់នៅដាច់ដោយឡែកនៅមន្ទីរពេទ្យចាក់អង្រែក្រោម។
៦ករណីទៀតនៅកំពង់ចាម ដែលសុទ្ធតែជាជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ, ៣៤ឆ្នាំ, ៣៤ឆ្នាំ, ៥៨ឆ្នាំ និង៦២ឆ្នាំ។ ពួកគាត់ជាអ្នកធ្វើការងារសាសនាតាមភូមិ ហើយស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកងមាស។
មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន៤៧ករណីហើយ ដែលក្នុងនោះមាន ចិន១រូប (សះស្បើយ) អង់គ្លេស៣នាក់ (ពីនាវា Viking Cruise) បារាំង២នាក់ (ក្មេងអាយុ៤ខែម្នាក់), កាណាដា១នាក់ បែលហ្ស៊ិក១នាក់ ម៉ាឡេស៊ី១១នាក់ ខ្មែរ២៨នាក់ ដោយក្នុងនោះ២៣នាក់ ជាអ្នកដែលទើបវិលត្រឡប់ពីបុណ្យសាសនានៅម៉ាឡេស៊ី ខណៈស្ត្រី២នាក់ឆ្លងបន្តពីស្វាមី៕
© រក្សាសិទ្ធិដោយ thmeythmey.com