COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារ COVID-19 នៅអ៊ីតាលី កើនលើសប្រទេសចិនហើយ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte។ រូបថត AFP
× នៅថ្ងៃព្រហស្បតិ៍ ១៩ ខែមីនា អ្នកស្លាប់សរុបដោយសារជំងឺផ្លូវដង្ហើម COVD-19 នៅប្រទេស អ៊ីតាលី បានកើនលើសប្រទេសចិន ដែលជាចំណុចផ្ដើមនៃវីរុសនេះ។ រដ្ឋាភិបាលអ៊ីតាលី ក៏បានបង្ហើបពីការពន្យារពេលបិទប្រទេសផងដែរ។
ប្រទេសអ៊ឺរ៉ុបមួយនេះ មានអ្នកស្លាប់សរុប ៣៤០៥នាក់ហើយ ក្រោយពីបានរកឃើញករណីស្លាប់ថ្មី ៤២៧នាក់ កាលពីថ្ងៃពុធ ១៨ មីនា។ ចំណែកចិន បានរកឃើញករណីស្លាប់ ៣២៤៥នាក់ គិតចាប់ពីបានរកឃើញ COVID-19 លើកដំបូងកាលពីចុងឆ្នាំ២០១៩មក។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកអ៊ីតាលី ANSA ករណីស្លាប់លើគ្រូពេទ្យ២នាក់បន្ថែមក្នុងទីក្រុង Como ភាគខាងជើងនៃប្រទេស កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យតួលេខស្លាប់សរុបលើបុគ្គលិកវេជ្ជសាស្ត្រដោយសារ COVID-19 ឡើងដល់ ១៣នាក់ហើយ។
នាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានប្រាប់ទៅកាន់ប្រជាជនថា៖«យើងពុំបានមើលស្រាលស្ថានការណ៍ COVID-19 ឡើយ ហើយរដ្ឋាភិបាលតែងតែធ្វើសកម្មភាពដោយផ្អែកលើសេណារីយ៉ូងអាក្រក់បំផុតមួយ»។ ទន្ទឹមនេះ លោកក៏ស្នើឲ្យពលរដ្ឋអ៊ីតាលីប្រុងប្រយ័ត្នជានិច្ច។ បើតាម AFP លោកនាយករដ្ឋមន្ត្រីរូបនេះ អះអាងទៀតថា គ្មានការរឹតត្បិតណាផ្សេងទៀត កំពុងត្រូវបានរដ្ឋាភិបាលគិតគូរនៅឡើយទេ ក៏ប៉ុន្តែលោកព្រមានថា ប្រសិនបើបម្រាមត្រូវបានបំពាន រដ្ឋាភិបាលនឹងសម្រេចចិត្តចាត់ចំណាត់ការបន្ថែមទៀត។
ម្យ៉ាងទៀត សាលារៀន ទំនងជាពុំអាចបើកឡើងវិញដូចការគ្រោងទុក នាថ្ងៃ ០៣ ខែមេសាឡើយ ហើយឪពុកម្ដាយដែលមានកូនៗ នឹងត្រូវស្វែងរកមធ្យោបាយដើម្បីមើលថែពួកគេ ខណៈធ្វើការពីផ្ទះសម្រាប់ពេលច្រើនសប្តាហ៍ ឬខែផង។ ធ្ងនធ្ងរជាងនេះ អាជ្ញាធរអ៊ីតាលី ដាក់ពិន័យ ២២២ដុល្លារលើបុគ្គលណាដែលរកឃើញថា ដើរហើរតាមដងផ្លូវ ដោយគ្មានមូលហេតុត្រឹមត្រូវ ដូចជា ទិញម្ហូបអាហារ ឬទៅធ្វើការ ឬមកពីធ្វើការ ជាដើម។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ អ្នកឆ្លង COVID-19 នៅអ៊ីតាលី បានឡើងដល់៤១០៣៥នាក់ ខណៈជាង២៤០០ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយអ្នកជាសះស្បើយមាន៤៤៤០នាក់។ ប្រទេសចិន ឯណោះវិញ ដែលជាចំណុចផ្ដើមនៃវីរុសនេះ បានរកឃើញករណីឆ្លងជាង៨ម៉ឺននាក់ ខណៈអ្នកជាសះស្បើយមាន ៧០៤២០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com