COVID-19
អន្តរជាតិ
មហាក្សត្រ​​ម៉ូ​ណា​កូ ព្រះអង្គ​ម្ចាស់ Albert II មាន​ផ្ទុក COVID-19
20, Mar 2020 , 9:24 am        
រូបភាព
ព្រះអង្គម្ចាស់ Albert II. រូបភាព៖ Harold Cunningham, Getty Images
ព្រះអង្គម្ចាស់ Albert II. រូបភាព៖ Harold Cunningham, Getty Images
​ព្រះអង្គម្ចាស់ នៃ​បុរី​ក្សត្រ​ម៉ូ​ណា​កូ Albert II ត្រូវបាន​គេ​តេស្ត​រកឃើញថា មាន​ផ្ទុក ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ព្រះរាជ​រាំង​ម៉ូ​ណា​កូ នៅ​ថ្ងៃទី​១៩ ខែមីនា​។ កន្លងមក លោក Serge Telle ប្រមុខ​រដ្ឋាភិបាល​ម៉ូ​ណា​កូ ក៏មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ផងដែរ​។​

 
​ព្រះអង្គម្ចាស់ Albert II ដែលមាន​ព្រះជន្ម ៦៥​ព្រះវស្សា ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក COVID-19 នា​ដើម​សប្តាហ៍​នេះ​។ មកទល់ពេលនេះ ព្រះរាជសុខភាព​របស់​ព្រះអង្គ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ និង​ត្រូវបាន​គេ​ពិនិត្យ​តាមដាន​យ៉ាង​ពិសេស​។ 
 
​បើទោះជា​ព្រះអង្គម្ចាស់​Albert II មាន​COVID-19 ក៏ពិតមែន ប៉ុន្តែ​ទ្រង់​នឹង​បំពេញ​ព្រះរាជកិច្ច ពី​អា​ផាត​មិន (Apartment)​របស់​ទ្រង់ និង​នៅតែ​ទាក់ទង​ជាមួយ​សមាជិក​រដ្ឋាភិបាល​ដដែល​។ បន្ថែម​ពីលើ​នេះ ទ្រង់​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ ប្រតិបត្តិ​តាម​វិធានការ​របស់​រដ្ឋាភិបាល​ផងដែរ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ករណី​ឆ្លង​នៅក្នុង​បុរី​ក្សត្រ​។ 
​គិត​ត្រឹម​ពេលនេះ ម៉ូ​ណា​កូ មាន​ករណី​COVID-19 សរុប​ចំនួន ១០​ករណី​៕

Tag:
 ​ម៉ូ​ណា​កូ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com