COVID-19
អន្តរជាតិ
ចិន​គ្មាន​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ពីរ​ថ្ងៃ​ជាប់​គ្នា តែ​ករណី​នាំចូល​បន្ត​កើនឡើង​
20, Mar 2020 , 10:32 am        
រូបភាព
អ្នកដំណើរទៅកាន់ខេត្តគ័ងតុងម្នាក់ កំពុងរាយការណ៍ពីសុខភាពខ្លួននៅព្រលានយន្តហោះទីក្រុងប៉េកាំង។ រូបភាព​ Xinhua
អ្នកដំណើរទៅកាន់ខេត្តគ័ងតុងម្នាក់ កំពុងរាយការណ៍ពីសុខភាពខ្លួននៅព្រលានយន្តហោះទីក្រុងប៉េកាំង។ រូបភាព​ Xinhua
​នៅ​ថ្ងៃទី​១៩ ខែមីនា គេ​មិនឃើញ​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មី​នៅ​ចិនដីគោក​ឡើយ​។ នេះ​ជា​ថ្ងៃទី​ពីរ​ដែល​ចិន​មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​បែបនេះ ដែល​សូម្បីតែ​ទីក្រុង​វូ​ហាន​ដែលជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​វីរុស ក៏​គ្មាន​ករណី​ឆ្លង​ដែរ​។ ប៉ុន្តែ​ការរកឃើញ​វីរុស​ក្នុង​ខ្លួន​អ្នកដំណើរ​ដែល​ទៅដល់​ចិន បាន​បន្ត​កើន​ឡើងដល់​តួលេខ​ច្រើន​បំផុត​ប្រចាំថ្ងៃ​។ ជាមួយគ្នានេះ ករណី​ស្លាប់​ដោយសារ COVID-19 ក៏បាន​ធ្លាក់ចុះ​ផងដែរ គឺ​មានតែ​បីនាក់​ប៉ុណ្ណោះ​។

 
​បើតាម​ទិន្នន័យ​របស់​គណៈកម្មកា​រ​សុខាភិបាល​ចិន នៅ​ថ្ងៃទី​១៩ ខែមីនា ចិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​៣៩ ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល​ទាំងអស់​។ បូក​ករណី​ថ្មី​នេះ ករណី​ឆ្លង​សរុប​នៅ​ចិន​មាន​ចំនួន​៨០៩៦៧​។ ករណី​ស្លាប់​បីនាក់​ទៀត ធ្វើ​ឲ្យ​តួលេខ​អ្នកស្លាប់​សរុប​នៅ​ចិន​មាន​ចំនួន​៣២៤៨​នាក់​ផងដែរ​។​
 
​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន​១៤​ករណី​រកឃើញ​នៅ​ខេត្ត​គ័ង​តុង ៨​ករណី​នៅ​ទីក្រុង​សៀង​ហៃ និង​៦​ករណី​នៅ​រដ្ឋធានី​ប៉េកាំង​។ នេះ​បើតាម​ទិន្នន័យ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ វូ​ហាន ដែលជា​ទីក្រុង​ធំ​របស់​ខេត្ត​ហ៊ូ​ប៉ី មិនមាន​របាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ឡើយ​នៅ​ថ្ងៃទី​១៩ ខែមីនា ខណៈ​ថ្ងៃទី​១៨ ខែមីនា ក៏​មិនមាន​ដែរ​។ 
 
​ជាទូទៅ ស្ថានការណ៍​នៅ​ចិន បាន​ត្រឡប់​ទៅរក​ស្ថានភាព​ប្រសើរ​ឡើងវិញ ដោយ​រោងចក្រ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ហើយ​សាលារៀន​នៅតាម​តំបន់​ខ្លះ​ក៏​បើក​វិញ​ដែរ​។ ប៉ុន្តែ​នៅ​វូ​ហាន ការ​រឹតបន្តឹង​នៅតែ​បន្ត​អនុវត្ត​ដដែល ទោះ​មានការ​បើកចំហ​ខ្លះ​ក្ដី​។ នៅ​ខេត្ត​ហ៊ូ​ប៉ី អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាជនមាន​សុខភាព​ល្អ និង​រស់នៅ​តំបន់​មាន​ហានិភ័យ​ទាប អាច​ចាក​ចេញពី​ខេត្ត​បាន ប្រសិនបើ​ពួកគេ​ត្រូវ​ទៅធ្វើ​ការ ឬ​មាន​លំនៅ​នៅ​ក្រុង​ផ្សេង​។ 
 
​យ៉ាងណាមិញ រលក​នៃ​ការឆ្លង COVID-19 ទី​ពីរ​ដែល​កើត​ក្នុងចំណោម​អ្នកដំណើរ​ទៅដល់​ទឹកដី បាន​ក្លាយជា​ក្ដីបារម្ភ​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​ចិន ទោះ​ជាមាន​វិធានការ​តឹងរ៉ឹង​ក្ដី​។ គិត​ត្រឹម​ថ្ងៃទី​១៩ ខែមីនា ករណី​នាំចូល​ជំងឺ​នេះ​នៅ​ចិន​មាន​ចំនួន​ដល់​ទៅ​២២៨​នាក់ ដែល​ភាគច្រើន​ជា​អ្នកដំណើរ​មាន​ប្រវត្តិ​ធ្លាប់​ទៅកាន់​ប្រទេស​ដែល​កំពុង​រង​ការវាយប្រហារ​ខ្លាំង​ដូចជា​អ៊ីរ៉ង់ និង​អ៊ីតាលី​ជាដើម​។ 
 
​នៅ​អ៊ីតាលី អ្នកជំនាញ​សុខាភិបាល​ចិន កំពុង​ញាប់​ដៃជើង​ក្នុង​ការជួយ​សម​ភាគីរ​បស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​ដែល​ចេះតែ​កើន​ឡើងជា​លំដាប់​។ បច្ចុប្បន្ន អ៊ីតាលី ឈរលើ​ចិន​ទៅទៀត​ជា​ប្រទេស​ដែលមាន​ករណី​ដោយសារ COVID-19 ស្លាប់​ជាងគេ​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com