COVID-19
អន្តរជាតិ
វៀតណាម​ពន្យារពេល​កិច្ចប្រជុំ​អាស៊ាន ដោយសារ​ការ​រាតត្បាត​នៃ COVID-19
20, Mar 2020 , 11:31 am        
រូបភាព
នាយករដ្ឋមន្រ្តីវៀតណាមNguyen Xuan Phuc (កាន់ញញួរ) និងនាយករដ្ឋមន្រ្តីថៃប្រាយុទ្ធ ចន្ទអូចា, រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីវៀតណាមNguyen Xuan Phuc (កាន់ញញួរ) និងនាយករដ្ឋមន្រ្តីថៃប្រាយុទ្ធ ចន្ទអូចា, រូបភាព៖ Reuters
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ដែល​គ្រោង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ ខែមេសា នឹងត្រូវ​ពន្យារ​រហូតដល់​បញ្ចប់​ខែមិថុនា​។ បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​វៀត​ណា​ម នា​ថ្ងៃទី​១៩ ខែមីនា ការលើក​ពេល​នៃ​កិច្ចប្រជុំ​នេះ ត្រូវធ្វើឡើង​ដោយសារតែ​បារម្ភ​ពី​ការរីក​សាយភាយ​នៃ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

 

 
​ក្នុងស្ថានភាព​COVID-19 កំពុងតែ​អុកឡុក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ វៀតណាម ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៦ បានសម្រេច​លើក​ថ្ងៃ​ប្រជុំ​ទៅ​ពេល​ក្រោយ​។ ជា​កិច្ចប្រជុំ​ផ្លាស់ប្តូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​អាស៊ាន អាចធ្វើ​ក្រោយ​ខែមិថុនា ឆ្នាំ​២០២០​វិញ​។​
 
​បើតាម​លិខិត​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​Nguyen Xuan Phuc ដែល​ផ្ញើ​ទៅ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ការពន្យារពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​ឡើ​ក​ទី​៣៦​នេះ គឺ​ដោយសារតែ​ការ​រាតត្បាត​នៃ COVID-19 នៅក្នុង​វៀតណាម និង​តំបន់​អាស៊ីអាគ្នេយ៍​។ ម្យ៉ាងទៀត ការពន្យារ​ពេលនេះ ក៏​ដើម្បី​ការពារ​សុខភាព​របស់​ថ្នាក់ដឹកនាំ​ប្រទេស​នីមួយៗ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News​។ 
 
​មិន​ត្រឹមតែ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទេ​ត្រូវ​ពន្យារ ប៉ុន្តែ​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដូចជា អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ ដែល​ត្រូវធ្វើឡើង​នៅ​ទីក្រុង Da Nang ក៏ត្រូវ​លើក​ពេល​ដែរ ព្រមទាំង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។ 
 
​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ COVID-19 កំពុងតែ​អុកឡុក​យ៉ាងខ្លាំង និង​ត្រូវបាន​គេ​រកឃើញ​ជា​បន្តបន្ទាប់​។ ក្នុងចំណោម​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់ ម៉ាឡេស៊ី គឺជា​ប្រទេស​មាន​ករណី COVID-19 ច្រើនជាងគេ ខណៈ​ឥណ្ឌូណេស៊ី​មាន​ករណី​ស្លាប់​ច្រើនជាងគេ​។ ចំណែក​ឡាវ និង​មី​យ៉ាន់​ម៉ា នៅតែ​មិនទាន់មាន​របាយការណ៍ COVID-19 នៅក្នុង​ប្រទេស​៕

Tag:
 អាស៊ាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com