COVID-19
ជាតិ
ជប៉ុន អះអាងថា ខ្លួន​ត្រៀមលក្ខណៈ​ជួយ​កម្ពុជា ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​COVID-19
20, Mar 2020 , 7:19 pm        
រូបភាព
លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជួបលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០២០ (រូបពីហ្វេសប៊ុក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជួបលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០២០ (រូបពីហ្វេសប៊ុក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
​ភ្នំពេញ​៖ ជប៉ុន បាន​ត្រៀមលក្ខណៈ​រួចហើយ ដើម្បី​ជួយ​កម្ពុជា ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា (COVID-19) ។​លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អះអាង​បែបនេះ ប្រាប់​ទៅ​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​


 
​កម្ពុជា និង​ជប៉ុន ក៏​កំពុង​រងគ្រោះ ដោយសារ​វីរុស​COVID-19 ដូចគ្នា ប៉ុន្តែ​ជប៉ុន នៅតែ​អាចជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​បាន បើសិនជា​ត្រូវការ​។ លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ជប៉ុន បាន​ត្រៀមលក្ខណៈ និង​ផ្ដល់​កិច្ចសហការ​គាំទ្រ​ផងដែរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង ការពារ និង​ទប់ស្កាត់​ទៅនឹង​ការរីក​រាលដាល​នៃ​វីរុស COVID-19​នេះ​»​។​
 
​ក្រៅពី​កិច្ចសហការ​ជួយ​កម្ពុជា ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​COVID-19​នេះ រដ្ឋាភិបាល​ជប៉ុន ក៏​នឹង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​អាទិភាព​របស់​កម្ពុជា រួមទាំង​បន្ត​ការគាំទ្រ​ផ្តល់​ហិរញ្ញប្បទាន សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ផ្លូវការ (ODA) ទាំង​ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង ឥណទាន​សម្បទាន និង​ជំនួយ​បច្ចេកទេស​ជាដើម​។ ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​ឯកជន​នានា​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​
 
​លោក អូន ព័ន្ធមុន្នីរ័ត្ន ចាត់ទុក​សកម្មភាពរ​បស់​ជប៉ុន ដែល​នៅតែ​គិតគូរ​ជួយ​ដល់​កម្ពុជា​ក្នុង​បរិបទ​នេះ​ថា ជា​ទង្វើ​ដែល​បង្ហាញ​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច បានបញ្ជាក់​ដូច្នេះ​ថា​៖«​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែលជា​និច្ច​ជា​កាល​តែងតែ​ជួយឧបត្ថម្ភ គាំទ្រ ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ធនធាន ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩ មីនា​នេះ កម្ពុជា មាន​អ្នកជំងឺ​COVID-19 ចំនួន​៣៧​នាក់​ហើយ​។ អ្នក​ឆ្លង​ទាំងនោះ រួមមាន​ជនជាតិ​អង់គ្លេស​៣​នាក់ កាណាដា​១​នាក់ បែលហ្ស៊ិក​១​នាក់ បារាំង​២​នាក់ (​ក្នុងនោះ​មាន​ទារក​អាយុ​៤​ខែ​) ម៉ាឡេស៊ី​៥​នាក់ និង​ខ្មែរ​២៤​នាក់ ដោយ​២១​នាក់​ស្ថិត​ក្នុងចំណោម​អ្នក​មកពី​ពិធីបុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី​ខណៈ​ជនជាតិ​ចិន​១​នាក់​នៅ​ខេត្ត​ព្រះសីហនុ បានជា​សះស្បើយ ។​
 
​ដោយឡែក​ប្រទេស​ជប៉ុន​វិញ មាន​អ្នកជំងឺ​COVID-19 ជាង​៩០០​នាក់​ហើយ ដោយ​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​១៩១​នាក់ ហើយ​អ្នកស្លាប់​៣២​នាក់​។​
 
​ពិភពលោក​កំពុង​ជួប​វិបត្តិ និង​បញ្ហា​ប្រឈម​នឹង​វីរុស​COVID-19 នេះ​។ បណ្ដា​ប្រទេស​ទាំងនោះ កំពុង​ចាត់វិធានការ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។ វីរុស​COVID-19​នេះ មិន​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ទេ វា​ថែមទាំង​ធ្វើឱ្យ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​ជីវភាព​រស់នៅ រង​ផលប៉ះពាល់​ទៀតផង​៕

Tag:
 COVID-19
  សេដ្ឋកិច្ច​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com