ជាតិ
មណ្ឌល​សុខភាព​ចាក់អង្រែ នឹងដាក់​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩ សម្រាប់​ព្យាបាល
21, Mar 2020 , 7:59 am        
រូបភាព
រូបពីហ្វេសប៊ុក Dr. Huy Rithy
រូបពីហ្វេសប៊ុក Dr. Huy Rithy
​​ភ្នំពេញ​៖ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​មណ្ឌល​សុខភាព​ចាក់អង្រែ សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជា​បណ្ដោះអាស្ន​ន​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចេញ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​។



​តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក ងី មាន​ហេង ស្នើ​ឲ្យ ពល រដ្ឋ ទៅប្រើ​ប្រាស់​សេវា​នៅ​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ និង​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ឬក៏​ម​ណ្ឌ​សុខភាព​ណាមួយ​ដែល​នៅ​ជិត ជំនួស​មណ្ឌល​សុខភាព​ចាក់អង្រែ ដែល​ត្រូវ​ប្រើ​សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះដែរ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ រក្សា​អនាម័យ រួមទាំង​បរិភោគ​ចំណីអាហារ​ប្រកប​អនាម័យ ដើម្បី​ចៀសវាង​ជំងឺឆ្លង​ផ្សេងៗ​។ 
 
​គួររម្លឹកថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ដែរ​ថា យក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ The Great Duke ធ្វើជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន សម្រាប់​ដាក់​អ្នកមាន​កូ​វីដ​-១៩​។ គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ចំនួន​៤៧​នាក់​ហើយ​៕ 

Tag:
 Covid-19
  មន្ទីរពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com