COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ Man Utd ធានា​បើក​លុយ​ឲ្យ​បុគ្គលិក​ជាង​៣០០០​នាក់ ទោះ​គ្មាន​ប្រកួត​ក្តី​
20, Mar 2020 , 8:39 pm        
រូបភាព
Manchester United នឹង​បន្ត​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ដូច​ធម្មតា បើទោះបី​ការប្រកួត​ដែល​នៅ​សេះសល់​ទាំង​ប៉ុន្មាន​ក្នុង​រដូវ​កាល​នេះ​ត្រូវ​លុបចោល ឬ​លេង​ដោយ​បិទ​ទ្ធា​រ​កីឡដ្ឋាន​ក្តី​។ ការអះអាង​បែបនេះ ក្រោយ​មានការ​ពន្យារពេល​ប្រកួត​បន្ថែមទៀត​នៅ​អង់គ្លេស ដោយសារតែ COVID-19 អុកឡុក​កាន់តែខ្លាំង​។​


 
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បានប្រកាស​ជាថ្មីទៀត​នៅ​ថ្ងៃទី​១៩ ខែមីនា​ថា Premier League ត្រូវ​ពន្យារពេល​ការប្រកួត​បន្ថែមទៀតរ​ហូត​ដល់​ថ្ងៃទី​៣០ ខែមេសា ខណៈ​ការពន្យារ​ដំបូង​ត្រឹម​ថ្ងៃទី​៤ មេសា​ប៉ុណ្ណោះ​។ ការពន្យារពេល​បន្ថែម​នេះ ដោយសារតែ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) រាលដាល​ខ្លាំងក្លា​លើ​ទឹកដី​អង់គ្លេស និង​ប្រទេស​តំបន់​អឺរ៉ុប​ជាច្រើន​ទៀត​។ ប៉ុន្តែ បើ​ទោះ​យ៉ាងនេះ​ក្តី ក្លិប​បិសាច​ក្រហម នៅតែ​អះអាងថា​ប្រាក់បៀវត្ស​របស់​បុគ្គលិក​ខ្លួន​ទាំងអស់​នឹងមិន​ប៉ះពាល់​ឡើយ​។​
 
Old Trafford នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ចំនួន​បួន​ទៀត ប្រសិនបើ​មានការ​អនុញ្ញាត​ឲ្យ​មានការ​ប្រកួត​ឡើងវិញ​ដើម្បី​បញ្ចប់​ឲ្យ​បាន​រួចរាល់​សម្រាប់​រដូវ​កាល ២០១៩-២០ នេះ​។​
 
​ក្លិប Man Utd ត្រូវបាន​គេ​ជឿថា​ត្រូវ​ចំណាយ​សរុប​អស់ ១​លាន​ផោន (១,១៦​លាន​ដុល្លារ​អាមេរិក​) ដើម្បី​បើក​ឲ្យ​បុគ្គលិក​លើសពី ៣០០០ នាក់ ក្នុង​រយៈពេល​មួយខែ​។ ថ្មី​ដ្បិតថា​ត្រូវ​ចំណាយ​ទាំង​គ្មាន​ការប្រកួត តែ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ​ធានា​បង់ប្រាក់​ឲ្យ​បុគ្គលិក​ដូច​ធម្មតា ទោះ​ការពន្យារពេល​មាន​រយៈពេល​យូរ​យ៉ាងណាក៏ដោយ​។​
 
«​នេះ​ជា​កាយវិការ​ល្អ​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​បំណង​របស់​ក្លិប​ក្នុងការ​កាត់បន្ថយ​ភាពមិនប្រាកដប្រជា​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បុគ្គលិក បើ​ទោះ​កំពុង​ប្រឈម​ក្តី​។ យើង​ត្រូវ ទទួលស្គាល់​តួនាទី​សំខាន់​របស់​ពួកគេ​ក្នុង​ការផ្តល់សេវា​កម្មដ​ល់​អ្នកគាំទ្រ​របស់​យើង​»​។ នេះ​ជា​សេចក្តីប្រកាស​របស់​ក្លិប Man Utd​។ 
 
​លោក Ed Woodward នាយក​ប្រតិបត្តិ​ក្លិប Man Utd ក៏បាន​បន្ថែម​ដែរ​ថា ក្លិប​ពឹង​ផ្អែកលើ​បុគ្គលិក​ឆ្នើមៗ​ទាំងអស់នោះ​ដើម្បី​ផ្តល់​សេវាកម្ម និង​បទពិសោធន៍​ពិសេសៗ​ដល់​អ្នកគាំទ្រ​នៅ Old Trafford​។​
 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា​នេះ ចក្រភព​អង់គ្លេស​បានកើត​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 រហូតដល់​១៤៤​នាក់ ខណៈ​អ្នក​ឆ្លង​កើន​ដល់​៣២៦៩​ករណី​ពោលគឺ​លើសពី​ម្សិលមិញ​ជិត​១​ពាន់​នាក់ រីឯ​អ្នកជា​សះស្បើយ​មានតែ​៦៥​នាក់​ដដែល​៕

Tag:
 COVID-19
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com