COVID-19
អន្តរជាតិ
COVID-19៖ អ្វីទៅជាការឆ្លងជាសហគមន៍ (Community Transmission)?
× គិតត្រឹមថ្ងៃទី១៩ ខែមីនា កម្ពុជាមានករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) សរុបចំនួន ៤៧ករណី ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងតួលេខទាំងនេះ កម្ពុជាមានត្រឹមតែករណីឆ្លងក្នុងស្រុក (Local Transmission) និងឆ្លងមកពីបរទេស (Imported case) តែប៉ុណ្ណោះ ពោលគឺមិនទាន់មានឡើយករណីឆ្លងជាសហគមន៍ (Community Transmission)។ បើតាមការពន្យល់របស់អង្គការសុខភាពពិភពលោក(WHO) ករណីឆ្លងមានត្រឹមតែ៣ប៉ុណ្ណោះ គឺករណីឆ្លងមកពីបរទេស ករណីឆ្លងក្នុងស្រុក និងករណីឆ្លងជាសហគមន៍។
សារព័ត៌មានថ្មីៗ សូមលើកយកពីអត្ថន័យ នៃករណីនីមួយៗ ដែលត្រូវបានពន្យល់ដោយអង្គការសុខភាពពិភពលោក៖
ករណីឆ្លងមកពីបរទេស (Imported Case) គឺជាករណី ដែលមនុស្សម្នាក់បានទៅបរទេស ឬមកពីបរទេស ហើយត្រូវបានអាជ្ញាធរក្នុងស្រុក រកឃើញថាមានផ្ទុក COVID-19។ ក្នុងករណីនេះ អ្នកជំងឺអាចជាប្រជាជនក្នុងស្រុក ឬជនបរទេស ដែលឆ្លងកូរ៉ូណាវីរុសមកពីបរទេស ហើយត្រលប់ ឬចូលមកក្នុងប្រទេសកំណើត ឬទៅប្រទេសណាមួយ។ ជាក់ស្តែង កន្លងមក កម្ពុជាបានរកឃើញជនជាតិអង់គ្លេស ៣នាក់លើទេសចរណ៍ Viking Cruise Journey គឺជាករណីឆ្លងមកពីបរទេស។ ក្នុងពេលថ្មីៗនេះ កម្ពុជា បានរកឃើញជនជាតិរបស់ខ្លួនមួយចំនួន ដែលត្រលប់មកពីពិធីបុណ្យសាសនាឥស្លាមមួយនៅម៉ាឡេស៊ី មានផ្ទុក COVID-19។ នេះក៏ត្រូវគេចាត់ទុកថា ជាករណីឆ្លងមកពីបរទេសដែរ។
ចំណែកករណីឆ្លងក្នុងស្រុកវិញ (Local Transmission) គឺជាករណីឆ្លង ដែលត្រូវបានគេរកឃើញថា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតនៅក្នុងស្រុក និងអាចកំណត់អត្តសញ្ញាណបាន។ ករណីឆ្លងក្នុងស្រុកនេះ អាចកើតមានពីអ្នកជំងឺផ្ទុក COVID-19 ទៅក្រុមគ្រួសារ ឬទៅអ្នកជិតស្និទ្ធ។ បន្ថែមពីលើនេះ ករណីឆ្លងក្នុងស្រុក អាចបង្កដោយជនបរទេសមានផ្ទុកកូរ៉ូណាវីរុសទៅប្រជាជនក្នុងស្រុក ឬអាចពីប្រជាជនក្នុងស្រុក ដែលទើបត្រលប់មកពីបរទេស ទៅមនុស្សនៅក្នុងស្រុក។ សម្រាប់ករណីនៅកម្ពុជាវិញ ករណីឆ្លងក្នុងស្រុកនេះ កម្ពុជាក៏មានដែរ ពោលគឺកើតលើបុរស រស់នៅសៀមរាប ដែលមានការទាក់ទងជាមួយ បុរសជនជាតិជប៉ុន មានផ្ទុក COVID-19។ លើសពីនេះនាថ្ងៃទី១៩ ខែមីនា កម្ពុជាបានរកឃើញករណីឆ្លងក្នុងស្រុក ពីរករណីបន្ថែមទៀត នាខេត្តបាត់ដំបង។
ដោយឡែក ករណីឆ្លងជាសហគមន៍ (Community Transmission) វិញ គឺជាករណីឆ្លងនៅក្នុងតំបន់មួយ ដែលអាជ្ញាធរមិនអាចកំណត់បានពីប្រភពចម្លង។ ករណីនេះ អាចចម្លងទៅមនុស្សច្រើននាក់ ទាំងនៅកន្លែងធ្វើការ កន្លែងលក់ទំនិញ និងកន្លែងផ្សេងទៀតជាដើម។ សម្រាប់ករណីចុងក្រោយនេះ អ្នកផ្ទុកCOVID-19 អាចមិនដឹងខ្លួនថាមានជំងឺប្រភេទនេះ នៅក្នុងខ្លួនឡើយ។ ម្យ៉ាងវិញទៀត អ្នកឆ្លងក្នុងករណីចុងក្រោយនេះ គឺមិនមានប្រវត្តិធ្វើដំណើរទៅបរទេស ឬទៅកន្លែងណាផ្សេង។
យ៉ាងណាមិញ នៅកម្ពុជាមិនទាន់មានករណីឆ្លងជាសហគមន៍នេះនៅឡើយទេ ប៉ុន្តែវាបានកើតឡើងនៅក្នុងបណ្តាប្រទេសមួយចំនួន ដូចជាកូរ៉េខាងត្បូង អ៊ីតាលី ចិន ឥណ្ឌូណេស៊ី ជាដើម។ បើទោះបីជា កម្ពុជាមិនទាន់កើតមានក៏ដោយ ក៏អាជ្ញាធរសុខាភិបាល នៅតែបន្តស្រាវជ្រាវ និងយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហានេះ។
គិតមកត្រឹមពេលនេះ កម្ពុជាមានករណីឆ្លងCOVID-19 ក្នុងស្រុកសរុបចំនួន ៣ករណី និងករណីឆ្លងមកពីបរទេស ៤៤ករណី។ សរុបករណី COVID-19 ទាំងអស់មាន ៤៧ករណី និងអ្នកជាសះស្បើយ ១ករណី៕
Tag:
កម្ពុជា
WHO
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com