ភ្នំពេញ៖ ពលរដ្ឋមួយចំនួន កំពុងរអ៊ូពីការបាត់ចំណូលដោយសារបញ្ហាវីរុសCOVID-19។ នោះក៏ព្រោះតែវីរុសនេះ បង្កការព្រួយបារម្ភយ៉ាងខ្លាំង ដែលធ្វើឱ្យរដ្ឋាភិបាល សម្រេចចិត្តបិទទីតាំងសាលារៀន គ្រឹះស្ថានអប់រំ និងទីកន្លែងកម្សាន្តផ្សេងទៀត។ ពលរដ្ឋដែលអាស្រ័យផល នៅតាមទីតាំងទាំងនោះ ប្រឈមមុខនឹងការខាតបង់ចំណូលយ៉ាងខ្លាំង។
សារព័ត៌មានថ្មីៗ បានធ្វើដំណើរទៅកាន់ទីតាំងផ្លូវលេខ៤០២ ស្ថិតនៅខាងក្រោយវិទ្យាស្ថានវ៉ាន់ដា ដែលជាទីប្រជុំជនមួយ សម្បូរទៅដោយការលក់ចំណីអាហារសម្រាប់មន្ត្រីរាជការ សិស្សានុសិស្ស និងបុគ្គលិកឯកជន។ ប៉ុន្តែខុសពីរាល់ដង ទីតាំងនោះមិនសូវមានមនុស្សអ៊ូអរដូចមុនឡើយ ចាប់តាំងពីរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបិទទ្វារសាលារៀន និងគ្រឹះស្ថានសិក្សាមួយរយៈពេលខ្លី ដើម្បីទុកពេលទប់ស្កាត់ និងប្រយុទ្ធប្រឆាំងវីរុសCOVID-19 កន្លងមក។
ជាងពីរសប្ដាហ៍មកនេះ ពលរដ្ឋ និងអាជីវករនៅតំបន់នោះ ហាក់មិនសូវសប្បាយឡើយ។ នោះក៏ព្រោះតែពួកគេបាត់បង់ចំណូលជាបន្តបន្ទាប់ ដោយសារបញ្ហាវីរុសCOVID-19នេះ។ ជាអ្នកលក់អាហារពេលព្រឹកម្នាក់ នៅខាងក្រោយវិទ្យាស្ថានវ៉ាន់ដារ អ្នកស្រី ដាវី បាននិយាយថា អ្នកស្រី អាចរកចំណូលបានជាង១លានរៀលនៅថ្ងៃធម្មតា។ ប៉ុន្តែក្រោយពីផ្ទុះមានបញ្ហាCOVID-19 មក វាធ្វើឱ្យចំណូលអ្នកស្រីធ្លាក់ចុះជាបន្តបន្ទាប់។
អ្នកស្រី ដាវី បានបញ្ជាក់ថា៖«ភ្ញៀវធ្លាក់ចុះច្រើន ប៉ុន្តែដោយសារតែមានម៉ូយ (អតិថិជនប្រចាំ) គាត់ចេះតែមកញាំហ្នឹងណា។ និយាយទៅ គឺភ្ញៀវធ្លាក់ចុះអស់ច្រើន ហើយ(តាមផ្លូវ)ស្ងាត់ណាស់»។
សូមទស្សនាវីដេអូខាងក្រោម៖
អ្នកស្រី ដាវី ក៏លក់ដូរទាំងភ័យខ្លាចជំងឺ COVID-19 ដែរ ប៉ុន្តែដោយសារកត្តាជីវភាពនោះ ទើបអ្នកស្រី ត្រូវប្រឈមមុខលក់ដូរទាំងប្រុងប្រយ័ត្ន និងការពារដោយខ្លួនឯង។ «ពេលលក់ដូរពាក់ម៉ាសការពារដែរ ពេលអត់ភ្ញៀវទើបដោះចេញ។ តែពេលលក់ ខ្ញុំតែងតែពាក់ម៉ាស បាញ់ទឹកអាលកុល ពាក់ស្រោមដៃត្រឹមត្រូវ ព្រោះខ្លាចឆ្លង ហើយយើងមិនដឹងថាភ្ញៀវណាខ្លះកើតអីទេណា។ យើងការពារសុវត្ថិភាពខ្លួនឯងប្រសើរជាង»។
ដោយឡែកអ្នកលក់ភេសជ្ជៈម្នាក់ទៀតនៅក្បែរនោះ ក៏បាត់បង់ចំណូលប្រចាំថ្ងៃជាបន្តបន្ទាប់ដែរ។ ពួកគេបារម្ភថា ប្រឈមនឹងការបាត់បង់មុខរបរ បើសិនជាវីរុស COVID-19នេះ នៅតែបន្តអូសបន្លាយរយៈពេលយូរនោះ។
ពិភពលោកកំពុងជួបវិបត្តិ និងបញ្ហាប្រឈមនឹងវីរុសCOVID-19 នេះ។ បណ្ដាប្រទេសទាំងនោះ កំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ វីរុសCOVID-19នេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ជីវិតមនុស្សទេ វាថែមទាំងធ្វើឱ្យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ រងផលប៉ះពាល់ទៀតផង។
បច្ចុប្បន្ននេះ វីរុសCOVID-19 បានរីករាលក្នុងប្រទេស១៧៩ហើយ ដោយមានអ្នកឆ្លងជាង២៤ម៉ឺនាក់ ហើយព្យាបាលសះស្បើយជាង៨ម៉ឺននាក់ ខណៈអ្នកស្លាប់ជាង១ម៉ឺននាក់។ គិតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ជាង៤០នាក់ ក្នុងនោះជនជាតិចិនម្នាក់ ត្រូវបានព្យាបាលជាសះស្បើយ៕