COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ចង់​រួម​ដៃ​ជាមួយ​ចិន​និង​ជប៉ុន​ដើម្បី​បន្ថយ​ផលប៉ះពាល់​សង្គម​និង​សេដ្ឋកិច្ច​ដោយសារ COVID-19
20, Mar 2020 , 11:39 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ:
​នៅ​ថ្ងៃ​សុក្រ ២០​មីនា​នេះ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង អ្នកស្រី  Kang Kyung-wha បានស្នើ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​រួម​រវាង​កូរ៉េ​ខាង​ត្បួ​ង ចិន និង​ជប៉ុន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សង្គម​និង​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី COVID-19 ។ អ្នកស្រី Kang ស្នើ​បែបនេះ ធ្វើឡើង​ក្នុងជំនួប​តាម​វីដេអូ​ជាមួយ​សម​ភាគី​ចិន និង​ជប៉ុន​។​

 
«​ខ្ញុំ​ជឿថា ប្រទេស​ទាំង​៣ គួរ​ពិភាក្សាគ្នា​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម ក៏ដូចជា​ការថយចុះ​នូវ​ការប្រាស្រ័យ​ទាក់ទង​រវាង​មនុស្ស​នឹង​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​ក្នុងកំឡុងពេល​មាន​វិបត្តិ រួម​ជាមួយនឹង​កិច្ចប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការ​រាល​ដល់​របស់​វី​រ៉ុ​ស​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Kang Kyung-wha ក្នុងពេល​ពិភាក្សា​ជាមួយ​សម​ភាគី​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Toshimitsu Motegi​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កិច្ចសន្ទនា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ នេះ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង​បានទាមទារ​ជាច្រើន​ដង​ឲ្យ​ប្រទេស​ដទៃ​លើកចោល​បម្រាម​មួយចំនួន ដោយ​អនុញ្ញាត​ឲ្យ​អ្នកជំនួញ ឫ​អ្នក​ដែលមាន​ការសំខាន់​រប​ស់​កូរ៉េខាងត្បូង អាច​ចូល​ទឹកដី​ប្រទេស​ដទៃ​បាន​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា មាន​ប្រទេស និង​ដែនដី​ចំនួន ១៧៤​ហើយ ដែល​បាន​ហាម​មិន​ឲ្យ​អ្នកដំណើរ​មកពី​កូរ៉េខាងត្បូង​ចូល​ទឹកដី​របស់ខ្លួន ដោយ​ខ្លាច​ការ​សាយភាយ​របស់​ជម្ងឺ COVID-19​។ ការហាមឃាត់​បែបនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​កូរ៉េ​ជាច្រើន​ដែល មាន​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​។ ទីក្រុង Daegu និង​ខេត្ត North Gyeongsang ជា​គោលដៅ​នៃ​បម្រាម​ធ្វើដំណើរ​របស់​ប្រទេស​ទាំងនោះ ព្រោះ​តំបន់​ទាំងពីរ​ជា​ប្រភព​ចម្លង COVID-19 ។ 
 
​ជប៉ុន​បាន​ហាមឃាត់ មិន​ឲ្យ​អ្នកដំណើរ​មកពី​ភាគ​អាគ្នេយ៍​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ ចូល​ប្រទេស​របស់ខ្លួន​។​ជាការ​ឆ្លើយតប កូរ៉េខាងត្បូង​បានសម្រេច​បញ្ឈប់​ការផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​ទេសចរណ៍​ជប៉ុន​។ ចំពោះ​ចិន​វិញ ទីក្រុង និង​ខេត្ត​ចំនួន​២០ របស់ខ្លួន​តម្រូវ​ឲ្យ​អ្នកធ្វើដំណើរ​ពី​កូរ៉េខាងត្បូង នៅ​ឲ្យ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ​។ 
 
​តុល្យការ​ត្រឹម​ថ្ងៃទី​២០ ខែមីនា កូរ៉េ​ខាង​ត្បួ​ង​មាន​ករណី​ឆ្លង​ចំនួន ៨,៦៥២​ករណី និង​ស្លាប់​ចំនួន​៩៤​ករណី​។ ទោះ​មាន​ករណី​ឆ្លង​មែន កូរ៉េខាងត្បូង មាន​ករណី​ស្លាប់​តិច​បើ​ប្រៀបធៀប​នឹង​ប្រទេសមួយ​ចំនួន​ដូចជា​អ៊ីរ៉ង់ និង​អ៊ីតាលី​ជាដើម​៕

Tag:
 កូ​រ៉​ខាង​ត្បួ​ង​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com