COVID-19
អន្តរជាតិ
COVID-19៖ ៤ករណី​បន្ថែមទៀត​នៅ​កម្ពុជា សរុប​៥១នាក់​ហើយ
20, Mar 2020 , 9:09 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែមីនា នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​៤ករណី​បន្ថែមទៀត​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់៥១នាក់​ហើយ​។ ក្នុងចំណោម​៤ករណីនេះ មាន​៣ករណីជាបុរសជនជាតិខ្មែរដែលបានទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង១ករណីទៀតជាជនជាតិម៉ាឡេស៊ី។​



១ករណីនៅកំពង់ចាម ជាជនជាតិម៉ាឡេស៊ីអាយុ៣៩ឆ្នាំ ដែលស្នាក់នៅ​បណ្តោះអាសន្ន​ឃុំអង្គរបាន ស្រុកកងមាស និងជាអ្នក​ផ្សព្វផ្សាយ​សាសនាតាមខេត្ត។ បច្ចុប្បន្ន​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

១ករណីនៅភ្នំពេញ ជា​បុរសវ័យ៣៣ឆ្នាំ នៅច្រាំងចំរេះ២ ហើយបច្ចុប្បន្នសម្រាកព្យាបាលនៅ​មណ្ឌលសុខភាពចក្រអង្រែ។ តាមរបាយការណ៍ បុរសនេះ មិនបានទៅម៉ាឡេស៊ីឡើយ ហើយឆ្លងតាមរយៈការចាប់ដៃស្វាគមន៍អ្នកជំងឺ​ដែលទើបមកពីចូលរួមសាសនានៅម៉ាឡេស៊ី។

២ករណីនៅបាត់ដំបង មាន​បុរសអាយុ៤៨ឆ្នាំនៅ​ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង និងបុរសអាយុ៣៨ឆ្នាំនៅភូមិពោធិ៍២ ឃុំគារ ស្រុកម៉ោងឬស្សី។ ជាអ្នកទើបមកពីពិធីសាសនានៅម៉ាឡេស៊ី ហើយបច្ចុប្បន្នសម្រាកនៅពេទ្យខេត្ត។


​ករណី​ទាំង​៤៧​កន្លងមក​នៅ​កម្ពុជា​រួមមាន​៖ ភ្នំពេញ ១០​ករណី (​ខ្មែរ​៦, បារាំង​២, បែលហ្ស៊ិក​១, កាណាដា​១) កំពង់ចាម ៩​ករណី (​ម៉ាឡេស៊ី​៦, អង់គ្លេស​៣) បាត់ដំបង ៦​ករណី (​ខ្មែរ​៦) ត្បូងឃ្មុំ ៤​ករណី (​ខ្មែរ​៤), កែប ៤​ករណី (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង ៣​ករណី (​ខ្មែរ​៣), សៀមរាប ២​ករណី (​ខ្មែរ​២), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), កោះកុង ១​ករណី (​ខ្មែរ​១), ព្រះសីហនុ ១​ករណី (​ចិន​១ សះស្បើយ​), កណ្តាល ១​ករណី (​ខ្មែរ​១)៕​

© រក្សាសិទ្ធិដោយ thmeythmey.com