អន្តរជាតិ
យោធា​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ពីរ​គ្រាប់
21, Mar 2020 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២១ ខែមីនា បាន​បាញ់​កាំជ្រួច​ពីរ​គ្រាប់​សំដៅ​សមុទ្រ​ជប៉ុន​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង​ដែល​ជឿថា កាំជ្រួច​ដែល​កូរ៉េខាងជើង​បាញ់​នេះ ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​។ យោធា​កូរ៉េខាងត្បូង បង្ហាញ​ជំហរ​សោកស្ដាយ​នឹង​ទង្វើ​របស់​កូរ៉េខាងជើង ព្រោះ​វា​កើតឡើង​ខណៈ​ពិភពលោក​កំពុង​វីវក់​នឹង​ជំងឺ COVID-19 ។​

 
​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ទាំងពីរ ត្រូវបាន​បាញ់​ចេញពី​ខេត្ត North Pyongan នៅ​ម៉ោង​៦ និង​៤៥​នាទី​មួយ​គ្រាប់ និង​នៅ​ម៉ោង​៦ និង​ម៉ោង​៥០​នាទី​មួយ​គ្រាប់​ទៀត​។ សេនាធិការដ្ឋាន​កងទ័ព​កូរ៉េខាងត្បូង​បញ្ជាក់ថា មី​ស៊ី​ល​នេះ ហោះ​បាន​ចម្ងាយ​៤១០​គីឡូម៉ែត្រ ជាមួយនឹង​កម្ពស់​អតិបរមា​៥០​គីឡូម៉ែត្រ​។ 
 
​យោធា​កូរ៉េខាងត្បូង បាន​រិះគន់​ការបាញ់​នេះ ដោយ​ចាត់ទុកជា​ទង្វើ​មិន​សមរម្យ​នៅពេលដែល​ពិភពលោក​ទាំងមូល​ប្រឈមមុខ​បញ្ហា COVID-19 ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap កូរ៉េខាងត្បូង​បានស្នើ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​បែបនេះ​ជាបន្ទាន់​។​
 
​នេះ​ជាការ​បាញ់​លើក​ទី​បី​របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០២០​នេះ បន្ទាប់ពី​នៅ​ស្ងាត់ស្ងៀម​ជា​យូរ​មក​។ កាលពី​ថ្ងៃទី​៩ ខែមីនា កូរ៉េខាងជើង ក៏បាន​សាកល្បង​កាំជ្រួច​របស់ខ្លួន​ម្ដង​ហើយ​ដែរ ដែល​កាលណោះ​ជាការ​សាកល្បង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​។ គេ​មិនទាន់​ដឹងថា ប្រមុខ​ដឹកនាំ​កំពូល គីម ជុង​អ៊ុន ត្រួតពិនិត្យ​ការបាញ់​នេះ​ឬ​យ៉ាងណា​ឡើយ​។ កន្លងទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង តែង​ផ្សាយ​ពី​វត្តមាន​លោក គីម ដឹកនាំ​កិច្ចការ​នេះ​។​
 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com