ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឈ​ត ប៊ុន​ថង​៖ ការរើសអើង​គ្នា នាំ​ឲ្យ​មានការ​បែកបាក់ និង​ជម្លោះ​
21, Mar 2020 , 10:59 am        
រូបភាព
រូបភាពពីគណនីហ្វេសប៊ុក លោក ឈត ប៊ុនថង
រូបភាពពីគណនីហ្វេសប៊ុក លោក ឈត ប៊ុនថង
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ខ្មែរឥស្លាម​មួយចំនួន បាន​ឆ្លង​វីរុស Covid-19 បន្ទាប់ពី​ត្រឡប់​មកពី​កម្មវិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ខ្លះ បង្ហាញ​ការខឹង​សម្បា ឬ​ខ្លះទៀត សរសេរ​ឌឺដង​ឲ្យ​អ្នក​ឆ្លង​វីរុស​នោះទេ​ទៀតផង​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ឈ​ត ប៊ុន​ថត អះអាងថា ការបង្ហាញ​ទស្សនៈ​លើ​បណ្តាញ​សង្គម គួរតែ​ពិរ​ចារណា ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​។ លោក​អំពាវនាវ​កុំ​ឲ្យ​មានការ​រើសអើង​គ្នា ព្រោះ​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គី និង​ងាយ​បង្ក​នូវ​ជម្លោះ​ជាដើម​។


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ជាមួយ​លោក ឈ​ត ប៊ុន​ថត សាស្ត្រាចារ្យ​ទស្សនវិជ្ជា ដូចតទៅ​៖ 
 
 
 
​ជម្លោះ​ពាក្យសម្ដី រវាង​អ្នកលេង​បណ្តាញ​សង្គម​នៅ​កម្ពុជា ទាក់ទង​នឹង​ការឆ្លង​វីរុស​កូ​វីដ​១៩​លើ​ជនជាតិខ្មែរ​ឥស្លាម​កន្ល​ង​ទៅនេះ ត្រូវបាន លោក ឈ​ត ប៊ុន​ថង ចាត់ទុកថា មិនមែន​ជាការ​រើស​នោះទេ គឺ​គ្រាន់តែ​ការបញ្ចេញ​អារម្មណ៍ និង​ទស្សនៈ​របស់​បុគ្គល​មួយចំនួន​តូច​ប៉ុណ្ណោះ​។ លោក​បន្តថា ការបញ្ចេញ​ទស្សនៈ​យ៉ាង​ទូលំទូលាយ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​គួរតែ​ប្រយ័ត្នប្រយែង ដ្បិត​ការបញ្ចេញ​ទស្សនៈ​ទាំង​គ្មាន​ហេតុផល អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង​ប៉ះពាល់​អារម្មណ៍​អ្នកផ្សេងៗ​ទៀត ព្រមទាំង​ងាយ​បង្ក​ជា​អំពើហិង្សា​នៅតាម​សហគមន៍​។
  
​លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​តាមពិតទៅ ខ្ញុំ​មិន​គិតថា មានការ​រើសអើង​អី​ទេ នោះ​ប្រហែល​ជាការ​រអៀសខ្លួន ឬ​ការយល់ឃើញ​ជា​បុគ្គល​របស់​បងប្អូន​ខ្មែរឥស្លាម​។ ខ្ញុំ​សង្កេតឃើញថា សហគមន៍​ខ្មែរឥស្លាម ដែល​រស់នៅ​ខ្មែរ​យើង គឺ​មិនមាន​ការរើសអើង​ដុំ​ធំ​អី​ទេ លើកលែងតែ​ក្នុង​របប​ប៉ុលពត គេ​សង្កេតឃើញថា​មានការ​រើសអើង​ខ្មែរឥស្លាម រើសអើង​ចិន​…​។ ប៉ុន្តែ​ក្រោយ​របប​ប៉ុលពត​មក ជនជាតិ​ផ្សេងៗ​ដែល​រស់នៅក្នុង​ស្រុក​ខ្មែរ​យើង មិនមាន​ការរើសអើង​ទេ​។ ហើយ​អ្វីដែល​ពួកគាត់​លើកឡើង​នេះ គ្រាន់តែ​ជា​ទស្សនៈ​បុគ្គល​ប៉ុណ្ណោះ​»​។ 
 
​បើតាម​សាស្ត្រាចារ្យ​ជំនាញ​ទស្សនវិជ្ជា​រូបនេះ ការរើសអើង និង​វិធាន​ការពារ​ជំងឺ Covid-19 មិន​ដូចគ្នា​ទេ​។ វិធាន​ការពារ​ដោយ​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដោយឡែក និង​មិន​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ចូលទៅ​ជិត មិនមែន​ជាការ​រើស​នោះទេ​។ លោក​ពន្យល់​ពី​អត្ថន័យ​នៃ​ការរើសអើង​យ៉ាង​ដូច្នេះ​ថា​៖ «​ពាក្យ​ថា ការរើសអើង ជា​ន័យ​ទូលាយ ឧបមា​ថា សាសនា​ដទៃ គេ​ប្រជុំ អាច​ជជែក​គ្នា ជួបគ្នា​ទ្រង់ទ្រាយ​ធំ​បាន តែ​សាសនា​ឥស្លាម គេ​មិន​ឲ្យ​ធ្វើ អាហ្នឹង​គេ​ហៅថា ការ​រើស​សាសនា​។ ឧទាហរណ៍​ថា ប្រជា​ទូទៅ ពេល​មាន​ជំងឺ គេ​ព្យាបាល​ទាំងអស់  ប៉ុន្តែ ប្រជាជន​ដែលមាន​ដើមកំណើត​ជា​ឥស្លាម​ហ្នឹង គេ​អត់​ព្យាបាល ឬ​អត់​យកចិត្តទុកដាក់ អាហ្នឹង គឺ​ការ​រើស​ដោយសារតែ​គាត់​កាន់សាសនា​ឥស្លាម​។ មួយទៀត អ្នកប្រព្រឹត្ត​ខុស​ដូចគ្នា ប៉ុន្តែ​អ្នកនោះ​ជាធំ គេ​អត់​កាត់ទោស​ទេ តែ​អ្នកតូច​គេ​កាត់ទោស អាហ្នឹង ហៅថា ការរើសអើង​ឋានៈ​»៕    
 
 
 

Tag:
 ឈ​ត ប៊ុន​ថង​
 ​កូ​រ៉ូ​ណា​
 ​ខ្មែរ​-​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com