អន្តរជាតិ
COVID-19៖ អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ អាមេរិក បារាំង និង​អ៊ីរ៉ង់ មាន​អ្នកជំងឺ​ខ្ទង់​ម៉ឺន​នាក់​
21, Mar 2020 , 7:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ករណី​ឆ្លង​ជំងឺ COVID-19 នៅតែ​មិនទាន់​ថមថយ​ដដែល​។ ករណី​ឆ្លង​ត្រូវបាន​រាយការណ៍​សឹង​ទូទាំង​ពិភពលោក ខណៈ​ប្រទេស​លោកខាងលិច​មាន​ករ​ណី​ឆ្លង​មេរោគ​កាន់តែច្រើន​។ គ្រាន់តែ​ថ្ងៃទី​២០ ខែមីនា​មួយ អ៊ីតាលី​មាន​អ្នកស្លាប់​៦២៧​នាក់ ដែលជា​ចំនួន​ច្រើន​មិន​ធ្លាប់មាន​។ តួលេខ​ឆ្លង​សរុប​នៅ​អាល្លឺម៉ង់​វិញ បានកើត​លើស​ករណី​ឆ្លង​នៅ​អ៊ីរ៉ង់ ស្របពេល​អាមេរិក និង​បារាំង​រកឃើញ​ករណី​ឆ្លង​ថ្មី​ជាង​មួយ​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។ ចិន​ឯណោះ គ្មាន​ការឆ្លង​ក្នុងស្រុក​បី​ថ្ងៃ​ជាប់​គ្នា​។​

 
​ស្ថានភាព COVID-19 នៅ​អ៊ីតាលី បាន​ប្រែប្រួល​កាន់តែ​យ៉ាប់យ៉ឺន ដោយ​ចំនួន​អ្នក​ឆ្លង​ថ្មី​បន្ត​កើនឡើង​ឥត​ស្រាកស្រាន្ត​។ ត្រឹម​មួយ​ថ្ងៃទី​២០ ខែមីនា អ៊ីតាលី​មាន​ចំនួន​អ្នកស្លាប់​៦២៧​នាក់ ដែល​នាំ​ឲ្យ​អ្នកស្លាប់​សរុប​ឡើងដល់​៤០៣២​នាក់​។ ករណី​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​មាន​ចំនួន​ជាង​៤៧០០០​នាក់ ស្ថិតនៅ​លំដាប់​ទី​ពីរ​បន្ទាប់​ចិន​។ 
 
​អេ​ស្ប៉ា​ញ ឈរ​នៅ​លេខ​បី​នៃ​បញ្ជី​ប្រទេស​មាន​ករណី​ឆ្លង​ទូទាំង​ពិភពលោក​។ គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា អេ​ស្ប៉ា​ញ​មាន​ករណី​ឆ្លង​សរុប​២៤៦២៦​នាក់ ស្លាប់​១៣២៦​នាក់​។ អាល្លឺម៉ង់​វិញ បាន​ហក់​ឡើងមក​លំដាប់​ទី​បួន ក្រោយ​រកឃើញ​ករណី​ឆ្លង​ចំនួន​៤៥២៨​នាក់​ទៀត​នៅ​ថ្ងៃ​ដូចគ្នា ដែល​នាំ​ឲ្យ​តួលេខ​ឆ្លង​សរុប​មាន​១៩៨៤៨​នាក់ និង​ស្លាប់​៦៨​នាក់​។ អាមេរិក ក៏មាន​ករណី​ឆ្លង​ខ្ទង់​ម៉ឺន​នាក់​ដែរ គឺ​១៩៦៥០​នាក់​នៅ​ទូទាំងប្រទេស និង​មាន​អ្នកស្លាប់​២៦៣​នាក់​។ នេះ​បើតាម​វេ​ប​សាយ Worldometer ។​
 
​អ៊ីរ៉ង់​ដែលជា​ប្រទេស​រងគ្រោះ​ជាងគេ​នៅ​មជ្ឈិមបូព៌ា នៅតែមាន​ចំនួន​អ្នក​ឆ្លង​ថ្មី​ច្រើន​ដដែល​។ បច្ចុប្បន្ន អ៊ីរ៉ង់ មាន​អ្នក​ឆ្លង​ទាំងអស់​ជិត​ពីរម៉ឺន​នាក់ និង​អ្នកស្លាប់​ជាង​១៤០០​នាក់​។ បារាំង​វិញ ក៏មាន​ករណី​ឆ្លង COVID-19 ច្រើន​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា បារាំង​មាន​អ្នក​ឆ្លង​សរុប​១២៦០០​នាក់ និង​ស្លាប់​ចំនួន​៤៥០​នាក់​។ កូរ៉េខាងត្បូង ដែល​ធ្លាប់មាន​ករណី​ឆ្លង​ច្រើន​បន្ទាប់ពី​ចិន មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ជិត​៨៧០០​ករណី​ប៉ុណ្ណោះ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់ គឺ​ចិន​។ ថ្ងៃទី​២០ ខែមីនា ជា​ថ្ងៃទី​បី​ដែល​ចិន​មិនមាន​ករណី​ឆ្លង​ក្នុងស្រុក សូម្បីតែ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​ដែលជា​តំបន់​កណ្ដាល​នៃ​ការឆ្លង COVID-19 ។ ប៉ុន្តែ​ករណី​នាំចូល​ពី​ប្រទេស​ផ្សេង ធ្វើ​ឲ្យ​ការឆ្លង​នៅ​ចិន​មាន​ចំនួន​សរុប​៨១០០០​ករណី​។ 
 
​មកដល់ពេលនេះ ប្រទេស និង​ដែនដី​១៨៥​ហើយ ដែល​អះអាង​ពី​ករណី​ឆ្លង ដោយ​សរុប​មាន​ជិត​២៧៦ ០០០​នាក់ ស្លាប់​ជាង​១១ ០០០​នាក់ និង​សះស្បើយ​ជិត​៩២ ០០០​នាក់​៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com