ពីនេះ ពីនោះ
ជំនួញ​ខ្លះ​«​បិទ​»​ដោយ​បុគ្គលិក ឬ​ថៅកែ​ខ្លាច កូ​វីដ​១៩ ឬ​ដោយសារ​អត់​ម៉ូយ​ទេ​?
21, Mar 2020 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ប្រធានបទ​កូ​វីដ ១៩ មិន​ទៅណា​ឆ្ងាយ​ពី សុធីរ និង​សំណាង ឡើយ​។ ជំនួញ​ខ្លះ​បិទ​ដោយសារ​អត់​ម៉ូយ​ទិញ តែ​ជំនួញ​ខ្លះទៀត​បិទ ឬ​អាច​នឹង​បិទ​ដោយសារតែ​អត់​កម្មករ​-​បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន ឬ​ដោយសារ​ម្ចាស់​ជំនួញ​ខ្លួនឯង​ខ្លាច​ជ្រុល​ពេក​។ នេះ គឺជា​បរិបទ​ដ៏​លំបាក​បំផុត​សម្រាប់​អ្នកធ្វើ​ជំនួញ​ទាំងឡាយ​នៅក្នុង​គ្រប់​ប្រទេស និង​នៅក្នុង​ប្រទេស​កម្ពុជា​។


 
​សំណាង​៖ អា សុធីរ​! អញ​សង្កេតឃើញ​ជំនួញ​ជាច្រើន ចាប់ផ្តើម​ថយ​សកម្មភាព ហើយ​ជំនួញ​ខ្លះ​ក៏​បិទទ្វារ​តែម្តង​។ អ្ហែង​សង្កេតឃើញ​ដូច​អញ​អត់​?  
 
​សុធីរ​៖ ពិតណាស់ សំណាង​។ បន្ត​បើក​ម៉េច​កើត បើ​អត់​ភ្ញៀវ​សោះ​ហ្នឹង​។ សណ្ឋាគារ អត់​ភ្ញៀវ ហាង​អត់​ម៉ូយ ផ្សារ​អត់​សូវ​មាន​មនុស្ស​ដើរ​។ ឲ្យ​គេ​បន្ត​បើក​ម៉េច​ទៅ បើ​ស្ងាត់​ដូច​ចោរលួច​សេះ​ហ្នឹង​។ រឿងនេះ មិនមែន​តែ​បរិបទ​កម្ពុជា​ទេ​ណា៎​។ វា​ជា​រឿង​ទូទៅ នៅ​គ្រប់​ទីកន្លែង​ណា៎ អា សំណាង​។ នៅ​ប្រទេស​ខ្លះ គេ​ប្រកាស​ឲ្យ​ហាង​ស៊ីផឹក​បិទ​តែម្តង​។ 
​សំណាង​៖ បើ​ហាង​បិទ ចុះ​បុគ្គលិក​បាន​ប្រាក់ខែ​មកពីណា​? 
 
​សុធីរ​៖ បើ​ថៅកែ​ងាប់​ហើយ បុគ្គលិក​ក៏​ងាប់​ដូច​តែ​គ្នា​ហ្នឹង (​ប្រាក់ខែ​ត្រូវ​កាត់បន្ថយ​អាស្រ័យ​លើ​ប្រភេទ​ក្រុមហ៊ុន និង​ប្រទេស​នីមួយៗ​)​។ ហើយ​រឿង​ហ្នឹង​វា​កើតឡើង​គ្រប់​ប្រទេស​ទាំងអស់​ហ្នឹង​ណា៎​។ 
 
​សំណាង​៖ សុធីរ​! នៅ​ស្រុក​យើង អញ​លឺ​គេ​និយាយថា ជំនួញ​ខ្លះ​ដួល​បះជើង​ដោយសារ​ខ្វះ​កម្លាំង​បុគ្គលិក​-​កម្មករ ព្រោះ ពួកគេ​ខ្លាច កូ​វីដ​១៩​។ តើ​វា​មែន​ឬទេ​? 
​សុធីរ​៖ មិនទាន់មាន​ច្រើន​ទេ តែ​អាច​ចាប់ផ្តើម​មាន​តើ​។ ជំនួញ​ខ្លះ មិន​បិទទ្វារ​ដោយសារ​អត់​ភ្ញៀវ​ទេ​។ តែដោយសារ​បុគ្គលិក​-​កម្មករ​ខ្លាច កូ​វីដ ខ្លាំងពេក ពួកគេ​សុំ​សម្រាក​ពី​ការងារ ដូច្នេះ ជំនួញ​នោះ ក៏ត្រូវ​បង្ខំចិត្ត​បិទទ្វារ​តែម្តងទៅ​។ នៅក្នុង​បរិបទ​ប្រឈម​យ៉ាង​ដូច្នេះ ឪពុកម្តាយ​បុគ្គលិក​-​កម្មករ​មួយចំនួន​ហៅ​កូនចៅ​របស់​ពួកគេ​ឲ្យ​ឈប់​ធ្វើការ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ឬ​ដើម្បី​សម្រាក​នៅផ្ទះ​តែម្តង​។ ជំនួញ​ខ្លះទៀត​បិទ ដោយសារ​ហៅ​កែ​ខ្លួនឯង​ខ្លាច​ពេក​។ អា សំណាង​! បើតាម​អញ​ដឹង​ខ្លះៗ​ពី​ប្រទេស​នៅ​អឺរ៉ុប​, ក្រុមហ៊ុន​នៅ​ទីនោះ​មួយចំនួន​ក៏​ប្រឈម​នឹង​កង្វះខាត​បុគ្គលិក​ធ្វើការ​ដែរ ព្រោះតែ​បុគ្គលិក​ភ័យខ្លាច​ជ្រុល​ខ្លាំងពេក​។ ជាធម្មតា សហគ្រាស​ផលិតកម្ម​នៅ​អឺរ៉ុប គេ​មិន​តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ​ទេ​។ 
 
​សំណាង​៖ អ៊ីចឹង តើ​អ្វី​ទៅជា​ដំណោះស្រាយ អា សុធីរ​? 
 
​សុធីរ​៖ ដំណោះស្រាយ គឺថា ក្រុមហ៊ុន​ទាំងអស់​មិនគួរ​បិទទ្វារ​ទេ តែ​គួរ​បង្កើន​ការយកចិត្តទុកដាក់រ​ក្សា​សុវត្ថិភាព​ជូន​ដល់​បុគ្គលិក​របស់ខ្លួន​។ ហើយ​ត្រឡប់មកវិញ បុគ្គលិក​ខ្លួនឯង ក៏ត្រូវ​បង្ការ​ខ្លួនឯង​ដោយ​ចៀសវាង​កុំ​ចម្លង​មេរោគ​ពី​ខាងក្រៅ​ចូលក្នុង​ក្រុមហ៊ុន​។ នៅក្នុង​ដំណាក់កាល​នេះ បើ​អាច​ធ្វើបាន បុគ្គលិក​ត្រូវ​កម្រិត​វត្តមាន​ខ្លួនឯង​ត្រឹម​កន្លែងធ្វើការ និង​គេហដ្ឋាន ពោល គឺ​ត្រូវ​កាត់បន្ថយ​ទំនាក់​ទាក់​ទំនង​សង្គម​ផ្សេងៗ​ទៀត​ដែល​មិនចាំបាច់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com