COVID-19
អន្តរជាតិ
សិង្ហបុរី មានករណីស្លាប់ដោយសារ COVID-19 ពីរនាក់ដំបូង
21, Mar 2020 , 11:22 am        
រូបភាព
សិង្ហបុរី នៅថ្ងៃទី២១ ខែមីនា បានប្រកាសពីករណីស្លាប់ចំនួនពីរដែលបង្កដោយជំងឺ COVID-19 ។ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី អ្នកស្លាប់ទាំងពីរ សុទ្ធតែមានជំងឺប្រចាំកាយ។



ករណីស្លាប់ទីមួយនៅសិង្ហបុរី គឺស្រ្តីជនជាតិសិង្ហបុរីផ្ទាល់ អាយុ៧៥ឆ្នាំ។ អ្នកជំងឺរូបនេះ បានចូលសម្រាក់ព្យាបាលនៅមជ្ឈមណ្ឌលបង្ការជំងឺឆ្លងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ហើយត្រូវដាក់ក្នុងបន្ទប់សង្រ្គោះបន្ទាន់ចាប់ពីពេលនោះមក។ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី អ្នកជំងឺរូបនេះ មានជំងឺប្រចាំកាយដូចជាជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។

ក្នុងសេចក្ដីប្រកាសដដែល ករណីស្លាប់មួយទៀត គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ៦៤ឆ្នាំ។ អ្នកជំងឺរូបនេះ ចូលសម្រាកក្នុងមជ្ឈមណ្ឌលខាងលើកាលពីថ្ងៃទី១៣ ខែមីនា បន្ទាប់ពីទៅដល់សិង្ហបុរីនៅថ្ងៃដដែល។ បុរសរូបនេះ ត្រូវបានបញ្ជាក់ថា មានផ្ទុក COVID-19 នៅថ្ងៃទី១៤ ខែមីនា ហើយត្រូវបានថែទាំក្នុងបន្ទប់ ICU រហូតមក។ មុនទៅសិង្ហបុរី បុរសរូបនេះធ្លាប់ទទួលការព្យាបាលជំងឺរលាកសួត និងមានជំងឺបេះដូងផងដែរ។

គិតត្រឹមថ្ងៃទី២០ ខែមីនា សិង្ហបុរីមានករណីឆ្លងសរុប៣៨៥ ហើយសះស្បើយមានចំនួន១៣១នាក់។ ករណីស្លាប់ទើបមាន២ខាងលើប៉ុណ្ណោះ៕

Tag:
 សិង្ហបុរី
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com