COVID-19
កីឡាជាតិ
ជាតិ
សន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​ផ្អាក​ដោយសារ COVID-19
21, Mar 2020 , 12:59 pm        
រូបភាព
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ត្រូវបាន​ផ្អាក​រៀបចំ​គ្មាន​ពេល​កំណត់ ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​មេរោគ COVID-19​។ ការផ្អាក​នេះ ធ្វើឡើង​ក្រោយ​ចំនួន​អ្នក​ផ្ទុកមេរោគ COVID-19 នៅ​កម្ពុជា ចេះតែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។​

 
​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃទី​១៨ មីនា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ផ្អាក​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០​។ សន្និបាត​ប្រចាំឆ្នាំ​មួយ​នេះ គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ Garden City​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបញ្ជាក់​បន្ថែមថា ការផ្អាក​ជា​បណ្តោះអាសន្ន​នេះ គ្មាន​កំណត់​ពេលវេលា​នោះទេ​។ ពោលគឺ​សហព័ន្ធ នឹង​ផ្តល់ដំណឹង​ពី​ការរៀបចំ​ឡើងវិញ​នៅពេល​ស្ថានភាព​ការរីក​រាលដាល​នៃ COVID-19 មាន​ភាពល្អ​ប្រសើរឡើង​វិញ​។ 
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​សម្រេច​ផ្អាក​ការរៀបចំ​ការប្រកួត​ពា​ន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​១៨​ឆ្នាំ ក្រោម​ហេតុ​ផង​ដូចគ្នានេះ​ផងដែរ​។  
 
​ការសម្រេច​បែបនេះ ធ្វើឡើង​ក្រោយ​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​ពី​ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ចំនួន​អ្នក​ផ្ទុក COVID-19 ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា និង​លើ​ពិភពលោក​។ បញ្ហា​ការ​រាតត្បាត​នៃ COVID-19 នេះដែរ ក្រសួង​អប់រំ​យុវជន​និង​កីឡា បានប្រកាស​រំសាយ​ការប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ផ្អាក​ការរៀបចំ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ប្រចាំឆ្នាំ​២០២០ ដោយ​មិន​កំណត់​ពេលវេលា​ផងដែរ​៕   

Tag:
 បាល់ទាត់​
  FFC
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com