កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ឯកភាព​ឲ្យ​ផ្អាក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ដោយ​បារម្ភ COVID-19
22, Mar 2020 , 9:59 am        
រូបភាព
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុន សែន ពេលចូលរួមបើកការប្រកួតកីឡាជាតិលើកទី២កន្លងមក
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុន សែន ពេលចូលរួមបើកការប្រកួតកីឡាជាតិលើកទី២កន្លងមក
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​តាម​សំណើរ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុងការ​ផ្អាក​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នៅ​ឆ្នាំនេះ​។ ការផ្អាក​ជា​បណ្តោះអាសន្ន​នេះ ធ្វើឡើង​ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ដែល​បង្កឡើង​ដោយ​មេរោគ COVID-19 ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា​។​

 
​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ បានដាក់​លិខិត​ជូន​សម្តេច ហ៊ុន សែន ដើម្បី​ស្នើសុំ​ផ្អាក​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​។ ជាការ​ឆ្លើយតប​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ នេះ បាន​ឯកភាព​ចំពោះ​សំណើរ​សុំ​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ​។​
 
​បើ​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ដាក់ជូន​សម្តេច ហ៊ុន សែន ការស្នើសុំ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ធ្វើឡើង​ក្រោយ​ទទួលបាន​លិខិត​ស្នើសុំ​ពន្យា​ពេល​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ ការស្នើសុំ​ពន្យា​ពេល​រៀប​ចំនេះ ដោយសារ​ក្រសួង​អប់រំ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ម​រោគ COVID-19 ដែល​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក និង​នៅ​កម្ពុជា​។ 
 
​ម្យ៉ាងទៀត​ការស្នើសុំ​ពន្យា​ពេល​រហូត​ស្ថានភាព​ការរីក​រាល​នៃ COVID-19 មាន​ភាព​ធូរស្បើយ​នេះ គឺ​បន្ទាប់ពី​កម្ពុជា​រកឃើញ​អ្នក​ផ្ទុកមេរោគ COVID-19 ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ គិត​ត្រឹម​យប់​ថ្ងៃទី​២១ ខែមីនា ម្សិលមិញ តួលេខ​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា​កើនឡើង​ដល់​៥៣នាក់ហើយ ដោយក្នុងនោះជា២នាក់ គឺបុរសជនជាតិចិននិងស្រ្តីជនជាតិអង់គ្លេស៕

Tag:
 កីឡា​ជាតិ​លើក​ទី​៣
  សម្តេច ហ៊ុន សែន​
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com