COVID-19
អន្តរជាតិ
ថៃ បិទ​ផ្សារ និង​កន្លែង​មួយចំនួន​ក្នុង​ក្រុង​បាងកក ក្រោយ​រកឃើញ​ករណី​ឆ្លង​ថ្មី COVID-19
21, Mar 2020 , 7:19 pm        
រូបភាព
​នា​រសៀល​ថ្ងៃទី​២១ ខែមីនា ថៃ​បាន​រកឃើញ​អ្នក​ផ្ទុក ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) យ៉ាងច្រើន​បំផុត ចាប់តាំងពី​ផ្ទុះ​ជំងឺឆ្លង​នេះ​មក​។ ភាគច្រើន​នៃ​អ្នក​ជំ​ងឹ គឺមាន​ទាក់ទង​ទៅនឹង​កន្លែង​ប្រដាល់ និង​កន្លែង​កម្សាន្ត​។ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​រីក​សាយភាយ​នៃ​COVID-19 រដ្ឋាភិបាល​ថៃ បានសម្រេច​បិទ​ផ្សារ​ទំនើប និង​កន្លែង​មួយចំនួន​ក្នុង​ទីក្រុង​បាងកក​។


 
​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ថៃ​បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ថ្មី​ចំនួន ៨៩​ករណី​បន្ថែមទៀត នា​រសៀល​ថ្ងៃទី​២១ ខែមីនា​។ នេះ​គឺជា​តួលេខ​ដ៏​ខ្ពស់បំផុត ចាប់តាំងពី​ជំងឺឆ្លង​មួយ​នេះ ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ថៃ​។ បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​សុខាភិបាល អ្នកជំងឺ​ទាំង ៨៩​ករណីនេះ គឺមាន​ទាក់ទង​ទៅនឹង​កន្លែង​ប្រដាល់ និង​កន្លែង​កម្សាន្ត​នៅក្នុង​ទីក្រុង​បាងកក​។ 
 
​ក្នុងចំណោម​ករណី​ថ្មី​នេះ ថៃ​ក៏បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ដែល​ធ្លាប់បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សាសនា​ឥស្លាម​មួយ នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។ ករណី​COVID-19 សរុប​នៅ​ថៃ​បាន​កើនឡើង​រហូតដល់ ៤១១​ករណី ស្លាប់​មួយ​ករណី និង​អ្នកជា​សះស្បើយ ៤២​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Thai Enquirer​។ 
 
​ដើម្បី​ទប់ស្កាត់ និង​បង្ការ​ករណី​ឆ្លងទៅ​មនុស្ស​ផ្សេងទៀត អភិបាល​ទីក្រុង​បាងកក លោក  Asawin Kwanmuang និង​គណៈកម្មការ​គ្រប់គ្រង​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស (Coronavirus Outbreak Action Committee) បាន​បញ្ជា​ឲ្យ​បិទ​ផ្សារ​ទំនើប​(Mall) និង​ផ្សារ​ធម្មតា​នៅក្នុង​ទីក្រុង​បាងកក​មួយចំនួន ចាប់ពី​ថ្ងៃទី​២២ ខែមីនា ដល់​ថ្ងៃទី​១២ ខែមេសា​។ ចំណែក​កន្លែង​មួយចំនួនទៀត ដែលមាន​មនុស្ស​ប្រជុំគ្នា ដូចជា​ហាង​កាហ្វេ កន្លែង​ស្ប៉ា កន្លែង​វាយ​កូន​ហ្គោល កន្លែង​ម៉ាស្សា និង​កន្លែង​ផ្សេងទៀត ក៏ត្រូវ​បិទ​ដែរ​។​
 
​យ៉ាងណាក៏ដោយ អាជ្ញាធរ​ថៃ ក៏​អនុញ្ញាត​ឲ្យ​កន្លែង​មួយចំនួន​បើក​លក់​ដែរ ដូចជា​ផ្សារ​លក់ទំនិញ (supermarket)  កន្លែង​លក់​ថ្នាំពេទ្យ និង​ភោជនីយដ្ឋាន ដែលមាន​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​ជាដើម​។​
 
​ពេលនេះ គណៈកម្មការ​គ្រប់គ្រង​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស កំពុង​សិក្សា​បន្ថែមទៀត ថា​តើ​មុន​ជំនួញ​បែបណា គួរតែ​ផ្អាក​មួយរយៈ ហើយ​មុខ​ជំនួញ​បែបណា គួរតែ​បើក​ឲ្យ​ដំណើរការ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19​។ 
 
​សូមបញ្ជាក់ថា បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល​ថៃ នាពេល​កន្លងមក មនុស្ស​ប្រមាណ​ជា ៥០០​នាក់ អាច​ឆ្លង​COVID-19 ពេល​ទៅ​ទស្សនា​កីឡាប្រដាល់ នា​កន្លែង​ប្រដាល់​ឈ្មោះ Lumphini ក្នុង​ទីក្រុង​បាងកក ខណៈពេល​នេះ អាជ្ញាធរ​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ដែលមាន​ទាក់ទង​ទៅនឹង​សង្វៀន​ប្រដាល់​មួយ​នេះ បានត្រឹមតែ​មួយ​ភាគ​តែប៉ុណ្ណោះ​៕

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com