COVID-19
អន្តរជាតិ
COVID-19៖ លោក ជេ​ក ម៉ា បរិច្ចាគ​ម៉ាស់​និង​សម្ភារ​ចាំបាច់​ឲ្យ​កម្ពុជា​និង​ប្រទេស​៩​ទៀត​នៅ​អាស៊ី​
21, Mar 2020 , 4:18 pm        
រូបភាព
មហាសេដ្ឋីចិន ជេក ម៉ា ពេលទស្សនាអង្គរវត្តនាពេលកន្លងមក។
មហាសេដ្ឋីចិន ជេក ម៉ា ពេលទស្សនាអង្គរវត្តនាពេលកន្លងមក។
​មហាសេដ្ឋី​ចិន លោក ជេ​ក ម៉ា (Jack Ma) នៅ​ថ្ងៃទី​២១ ខែមីនា បានប្រកាស​ចែក​ម៉ាស់ និង​សម្ភារ​ចាំបាច់​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​ចំនួន​១០​នៅ​តំបន់​អាស៊ី ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។ ប្រទេស​ទាំង​១០​នេះ មិនទាន់មាន​ការឆ្លង​រាលដាល COVID-19 ខ្លាំងក្លា​ឡើយ ប៉ុន្តែ​ត្រូវបាន​មើលឃើញថា មាន​ហានិភ័យ​ក្នុង​ការឆ្លង​។ នៅលើ Twitter របស់ខ្លួន អ្នកមាន​លំដាប់​កំពូល​នៅ​អាស៊ី​រូបនេះ​អះអាងថា នឹង​ព្យាយាម​បញ្ជូន​សម្ភារ​ទាំងនេះ​ឲ្យ​បាន​លឿន​។​

 
​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដែ​ស កម្ពុជា  ឡាវ ម៉ា​ល់​ឌី​វ ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​ស្រីលង្កា ជា​ប្រទេស​ទាំង​១០ ដែល​មហាសេដ្ឋី​ចិន ជេ​ក ម៉ា ផ្ដល់​សម្ភារ​សម្រាប់​ការ​ទប់​ទល់នឹង​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ 
 
​លោក ជេ​ក ម៉ា បានប្រកាស​លើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​ថា សម្ភារ​បន្ទាន់​សម្រាប់​ទាំង​១០​រួមមាន ម៉ាស់​១,៨​លាន​សន្លឹក​, ឧ​បករ​ណ៏​ធ្វើតេស្ត​ចំនួន​២១០០០០​គ្រឿង​, សម្លៀកបំពាក់​ការពារ​ចំនួន​៣៦០០០​សម្រាប់ បូករួម​ទាំង​ឧបករណ៍​ស្ទង់កម្ដៅ និង​ឧបករណ៍​បញ្ចូល​ខ្យល់​ផងដែរ​។​
 
 
 
«​ការចែក​ចាយ​ឲ្យ​បាន​រហ័ស​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ ប៉ុន្តែ​យើង​នឹងធ្វើ​បាន​។​» លោក ជេ​ក ម៉ា សរសេរ​បែបនេះ​លើ Twitter នៅ​ថ្ងៃទី​២១ ខែមីនា​។ 
 
​នេះ​មិនមែនជា​លើកទីមួយ​ដែល​អ្នកមាន​ចិន​រូបនេះ ចែក​ម៉ាស់ និង​គ្រឿង​បរិក្ខារ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​នឹង COVID-19 ឡើយ​។ កន្លងទៅ លោក ក៏​ធ្លាប់​បរិច្ចាគ​ម៉ាស់​ឲ្យ​អ៊ីតាលី​ដែល​រងគ្រោះ​ខ្លាំង​នៅ​អឺរ៉ុប ហ្វីលីពីន រួមទាំង​អាមេរិក​ផងដែរ​៕ 

Tag:
 COVID-19
  Jack Ma
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com