សៀមរាប៖ សកម្មភាពអាជីវកម្មក្នុងតំបន់ផាប់ស្ទ្រីតដែលស្ថិតនៅកណ្ដាលក្រុងសៀមរាប កាន់តែស្ងប់ស្ងាត់ទៅៗ បន្ទាប់ពីកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ និងក្រោយពេលដែលថ្នាក់ដឹកនាំប្រទេសនេះ បានប្រកាសបិទការធ្វើដំណើរនៃបណ្ដាប្រទេសអឺរ៉ុបមួយចំនួនរួចមក។ ក្រុមអាជីវករក្នុងតំបន់នេះ កំពុងប្រឹងប្រែងធ្វើយ៉ាងណាទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់នេះ ខណៈពេលដែលការចំណាយទ្វេដងបើធៀបនឹងចំណូលនាពេលនេះ។ ពួកគេប្រាប់ថា អាជីវកម្មខ្លួនប្រឈមនឹងការបិទទ្វារជាបន្តបន្ទាប់ ប្រសិនបើស្ថានការណ៍នៅបន្តអូសបន្លាយទៅមុខទៀត។
ព័ត៌មានពិស្ដារ សូមស្ដាប់សេចក្ដីរាយការណ៍ពីអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
សកម្មភាពដ៏មមាញឹកនៅតំបន់ផាប់ស្ទ្រីត ឬតំបន់ផ្សារចាស់ក្នុងក្រុងសៀមរាប ប្រែជាស្ងប់ស្ងាត់។ តំបន់ដែលធ្លាប់តែឮតន្ត្រីអ៊ូអរ ប្រគំកំដរភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍ដែលនិយមដើរលំហែនាពេលរាត្រី បែរជាឮល្វើយៗពីភោជនីយដ្ឋានមួយចំនួន ដែលកៅអីនៅស្រឡះធេង មានត្រឹមបុគ្គលិកប៉ុន្មាននាក់ប៉ុណ្ណោះកំពុងឈរហៅភ្ញៀវ។ ម៉ោង៦ល្ងាចទៅហើយ សកម្មភាពមិនអ៊ូអរដូចពេលមុនៗឡើយ គឺទេសចរមានជម្រើសច្រើន ក្នុងការជ្រើសរើសតុអង្គុយ។
ស្ថានភាពបែបនេះ ត្រូវបានកត់សម្គាល់ថា កើតឡើងតាំងពីករណីផ្ទុះឡើងថ្មីៗនៃជំងឺកូវីដ១៩មកម្លេះ ដែលមកដល់ពេលនេះ ជំងឺនេះបានអង្រួនសេដ្ឋកិច្ចពិភពលោក។ ភ្ញៀវទេសចរលែងធ្វើដំណើរចេញក្រៅប្រទេស ដោយបារម្ភឆ្លងជំងឺថ្មីនេះ។
កញ្ញា ណារី បុគ្គលិកក្នុងហាងម៉ាស្សាមួយកន្លែងក្នុងតំបន់ផាប់ស្ទ្រីតបាននិយាយថា ការធ្លាក់ចុះអតិថិជនក្នុងហាងរបស់ខ្លួន គឺមុនផ្ទុះជំងឺកូវីដ១៩ក្នុងខេត្តសៀមរាប។ បុរសជនជាតិខ្មែរមួយរូប ត្រូវបានរកឃើញថាឆ្លងជំងឺនេះពីថៅកែជាជនជាតិជប៉ុនដែលបើកសាលារៀននៅក្រុងសៀមរាប ក្រោយមានប្រវត្តិធ្វើដំណើរនៅបរទេសច្រើន និងបានតេស្តឃើញជំងឺថ្មីនេះនៅប្រទេសជប៉ុន។ កញ្ញា ណារី បន្ថែមថា ហាងមួយចំនួននៅក្បែរៗនោះបានបិទទ្វារជាបន្តបន្ទាប់ ដោយទ្រាំទ្រនឹងការខាតបង់មិនរួច។
តាមការប៉ាន់ស្មានរបស់កញ្ញា ណារី ហាងរបស់នាងបាត់ភ្ញៀវប្រមាណ៦០ភាគរយ ដែលកន្លងមកមានភ្ញៀវចម្រុះជាតិសាសន៍ចេញចូល តែបច្ចុប្បន្ននៅសល់ទេសចរប៉ែកអឺរ៉ុបមួយៗប៉ុណ្ណោះ។ កំពុងស្ថិតក្នុងស្ថានភាពស្រពិកស្រពិល តើអាជីវកម្មហាងម៉ាស្សាដែលឈរជើងច្រើនឆ្នាំក្នុងតំបន់ដ៏មមាញឹកនេះ អាចនឹងត្រូវបិទទ្វារឬយ៉ាងណា? កញ្ញា ណារី បញ្ជាក់ថា កំពុងមើលស្ថានការណ៍បន្តទៀត ថាតើអាចនឹងស្ងប់ស្ងាត់ទៅវិញនៅពេលណា។ ក្នុងកាលៈទេសៈនេះ ម្ចាស់ផ្ទះក៏បានព្រមព្រៀងបញ្ចុះតម្លៃដល់អ្នកជួលដែរ ពិសេសក្នុងតំបន់ផាប់ស្ទ្រីត ដែលតម្លៃជួលខ្ពស់ខ្លាំង ក្នុងនោះក៏មានហាងម៉ាស្សា ដែលកញ្ញា ណារីកំពុងធ្វើការផង។
រីឯហាងលក់វត្ថុអនុស្សាវរីយ៍របស់អ្នកស្រី សំបូរ ស្ថិតនៅជ្រុងខាងកើតផ្សារចាស់នោះវិញ ក៏កំពុងពិបាកដែរ។ អ្នកស្រីប្រាប់ថា កំពុងបារម្ភនឹងអាជីវកម្មដែលឈរជើងបាន៤ឆ្នាំមកហើយនេះ ថាអាចនឹងទ្រាំទ្រទៅនឹងស្ថានការណ៍នេះដល់ពេលណាទៀត។ «ចំណូលមិនអាចទប់ចំណាយរាល់ថ្ងៃបានទេ យើងបានចរចាជាមួយម្ចាស់ផ្ទះដែរ ឱ្យបន្ធូបន្ថយថ្លៃជួលខ្លះ តែយើងមិនទាន់ដឹងថាគាត់សម្រេចយ៉ាងណាទេ ចង់ឱ្យជ្ញាធរជួយសម្រួលការងារនេះជាមួយម្ចាស់ផ្ទះដែរ អាជីវកម្មទៅមុខទៀតយើងមើលមិនដឹងទេថាតើអាចទប់ទល់បានយ៉ាងណា»។ នេះជាការបញ្ជាក់បន្ថែមពីអ្នកស្រី សំបូរ។
យុវជន វិច្ឆ័យ មានរបរជាអ្នកដើរលក់វែនតាការពារកម្ដៅថ្ងៃក្នុងតំបន់នេះក៏រអ៊ូពីការធ្លាក់ភ្ញៀវដែរ។ ធ្លាប់លក់បានក្នុងមួយថ្ងៃបានខ្ទង់៣០ដុល្លារ ធ្លាក់មកសល់១០ដុល្លារ ឬថ្ងៃខ្លះរកមិនបានផងក៏មាន ធ្វើឱ្យ វិច្ឆ័យ ត្រូវដើរលក់ច្រើនម៉ោងជាងរាល់ដងដើម្បីបានលុយខ្លះត្រឡប់ទៅផ្ទះជួលវិញ។ «ពីមុនលក់ពីម៉ោង១០ ដល់ម៉ោង៥រសៀល ឥឡូវអត់ភ្ញៀវអ៊ីចឹង រៀងនៅយូរបន្ដិច»។ វិច្ឆ័យ បន្ថែម។
អ្នកគ្រប់គ្រងហាងការ៉េមឆាមួយកន្លែង យុវជន រដ្ឋ បង្ហាញទឹកមុខស្រពោនពេលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន។ តាំងពីដើមខែ មីនា មកហើយ ដែលការលក់ដូរនៅហាងនេះមានសភាពស្ងប់ស្ងាត់។ រដ្ឋ ប្រាប់ថា ខ្លួនធ្លាប់លក់ការ៉េមឆាក្នុងមួយយប់បាន៥០ទៅ៦០កែវ ធ្លាក់មកនៅត្រឹម១០កែវ ឬយប់ខ្លះលក់មិនដាច់ក៏មាន។ រដ្ឋ បន្ថែមថា៖« បរទេសពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្លាក់ទៅៗទប់ទល់ចំណាយមិនបានទេ ព្រោះតម្លៃថ្លៃ ការធ្លាក់នេះចាប់ពីដើមខែ ៣មក ហាងការ៉េមឆាយើងទើបនឹងលក់បាន២ឆ្នាំនេះទេ តែហាងម៉ាស្សាដែលមានថៅកែតែមួយនេះ បើកបាន៦ ទៅ៧ឆ្នាំហើយ»។
ដូចអ្នកលក់ឯទៀតខាងលើដែរ រដ្ឋ ប្រាប់ថា បើស្ថានការណ៍នៅអូសបន្លាយ យ៉ាងយូរអាជីវកម្មការ៉េមឆា ឬហាងម៉ាស្សា អាចនឹងប្រឈមមុខបិទទ្វារ ព្រោះថាការចំណាយច្រើនសន្ធឹកទាំងតម្លៃទីតាំង និងបុគ្គលិក៕