ពីនេះ ពីនោះ
ត្រី​ក្រុស​ម៉េ​ម៉ា​យ មាន​រស់នៅក្នុង​បឹង​ទន្លេសាប ទន្លេ ស្ទឹង ព្រែក ដែលមាន​ទឹក​ហូរ​យឺតៗ និង​នៅ​ស្រទាប់​បាត​ក្រោម​មាន​ភក់ ខ្សាច់
21, Mar 2020 , 8:19 pm        
រូបភាព
​ត្រី​ក្រុស​ម៉េ​ម៉ា​យ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹក​សាន នៃ​រដ្ឋបាល​ជលផល
​ត្រី​ក្រុស​ម៉េ​ម៉ា​យ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹក​សាន នៃ​រដ្ឋបាល​ជលផល
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅក្នុង​ទ្វីបអាស៊ី នៅក្នុង​ទន្លេមេគង្គ និង​ទន្លេ​ចៅ​ប្រា​យ៉ា ឧបទ្វីប​ម៉ា​ឡេ  កោះ​ស៊ូ​ម៉ា​ត្រា កោះ​ជ្វា បូ​ណេ​អូ ទន្លេ​សាល់​វីន ក្នុង​ប្រភេទ​មី​យ៉ាន់​ម៉ា ទន្លេ​មេ​ខ្លង​ក្នុងប្រទេស​ថៃ និង​នៅក្នុង​ប្រភេទ​ចិន​។​

 
​ត្រី​ក្រុស​មេម៉ាយ មានឈ្មោះ​វិទ្យាសាស្ត្រ (Osteochilus vittatus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Bonylip barb មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា​សរុប ៣២.០​ស​.​ម និង​ស្តង់ដា​ប្រវែង​ដងខ្លួន​ទូទៅ ២០.០​ស​.​ម​។ វា​រស់នៅក្នុង​បឹង​ទន្លេសាប ទន្លេ ស្ទឹង ព្រែក ដែលមាន​ទឹក​ហូរ​យឺតៗ និង​នៅ​ស្រទាប់​បាត​ក្រោម​មាន​ភក់ ខ្សាច់​។ វា​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​ទន្លេ​ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក អំឡុងពេល​ទឹកជំនន់ និង​ត្រឡប់​ចូលទៅ​ទីជម្រក​ដើម​ក្នុង​ទន្លេ​វិញ នៅ​ចុងរដូវ​ទឹកជំនន់​។  ត្រី​ក្រុស​មេម៉ាយ​ជំទង់ ជាទូទៅ​ឃើញ​មាន​ជា​លើកដំបូង​នៅក្នុង​ខែសីហា ពួកវា​វិលត្រឡប់​ចូលទៅ​ទីជម្រក​ដើម​វិញ ខណៈ​តាម​តំបន់​វាលទំនាប​លិច​ទឹក​រីង​ហួត​។ វា ស៊ី​ស្លែ កម្ទេចកម្ទី ប្លង់តុង​រុក្ខជាតិ ប្លង់តុង​សត្វ និង​ជន្លេន​ជា​អាហារ​។​
 
​លក្ខណៈ​សម្គាល់​៖ មាន​ព្រុយ​ទ្រនង់ខ្នង​ទន់​មាន​ចំនួន ១៧-១៩​ទ្រនង់​។ ព្រុយ​ទន់​នៅ​គូទ មាន​ចំនួន​៨ ទ្រនង់​។ ខុសប្លែក​ពី​ត្រី​ផ្សេងទៀត ដែល​ស្ថិតនៅក្នុង​ពួក​តែមួយ ព្រុយ​ខ្នង​របស់​ត្រី​ក្រុស​មេម៉ាយ មាន​ទ្រនុង​ព្រុយ​បែក ចំនួន ១២-១៨ ទ្រនុង មាន​ស្នាម​អុត​ខ្មៅ និង​ពណ៌​ទឹកក្រូច​មួយចំនួន​នៅតាម​បណ្តោយ​ជួរ​ស្រកា និង​មាន​ស្នាម​អុត​ខ្មៅ​ធំ​មួយ​ទៅ​ក្បែរ​គល់​កន្ទុយ​។ វា​គ្មាន​ខ្សែ​ឆ្នូត​នៅ​ជំ​ហៀ​ង​ដងខ្លួន​ឡើយ​។ 
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ ការបាត់បង់​ទីជម្រក និង​ការនេសាទ​ហួស​កម្រិត​។ ក្នុងនោះ​ផងដែរ ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ជាពិសេស​ការប្រើ​ឧបករណ៍​ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ​។ 
 
​ដកស្រង់​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org
 

© រក្សាសិទ្ធិដោយ thmeythmey.com