COVID-19
ជាតិ
COVID-19៖ រកឃើញ២ករណីទៀតដែលជាជនជាតិបារាំងនៅខេត្តព្រះសីហនុ សរុប​៥៣ករណីនៅកម្ពុជា
21, Mar 2020 , 9:03 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២១ ខែមីនា នេះ បាន​ប្រកាសពីការរកឃើញ​២ករណីទៀតនៅខេត្តព្រះសីហនុ ដែលជាជនជាតិបារាំង។ ការរកឃើញនេះ នាំឲ្យ​កម្ពុជាមានអ្នកឆ្លង COVID-19 សរុប​៥៣ករណីហើយ។



របាយការណ៍បាន​បង្ហាញថា បុរសទេសចរបារាំងទាំងពីរអាយុ៦៧ឆ្នាំ និង​៨០ឆ្នាំ ស្នាក់នៅសណ្ឋាគារ​ក្នុងក្រុងព្រះសីហនុ  ដោយបានទៅដល់ខេត្តសមុទ្រមួយនេះ នៅថ្ងៃទី​១៨ ខែមីនា ហើយ​គ្រោងវិលត្រឡប់​ទៅវិញនៅ​ថ្ងៃទី២១ ខែមីនា។ ពួកគាត់ទាំងពីរស្ថិតនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្ត។ ខេត្តព្រះសីហនុ មានសរុប​៣ករណី បន្ទាប់ពីករណីដំបូងបំផុតនៅ​កម្ពុជា​ត្រូវបាន​រកឃើញនៅខេត្តមួយនេះ កាលពីខែមករា កន្លងមក ដោយអ្នកជំងឺជាជនជាតិចិនពីវូហាន អាយុ៦០ឆ្នាំ និងបានជាសះស្បើយ។



ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាន​បញ្ជាក់ពីករណីស្ត្រីអង់គ្លេសវ័យ​៦៥ឆ្នាំ ដែលជាជនពិការ និងជាអ្នកដំណើរលើនាវា Viking Cruise។ ស្ត្រីរូបនេះ មានលទ្ធផលតេស្តអវិជ្ជមាន​២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ នា​ថ្ងៃស្អែក៕

© រក្សាសិទ្ធិដោយ thmeythmey.com