COVID-19
ជាតិ
កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយម្នាក់ទៀតហើយ
21, Mar 2020 , 10:07 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើសន្និសីទកាសែតស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើសន្និសីទកាសែតស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០
ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ជាអ្នកទេសចរម្នាក់លើនាវា Viking Cruise Journey ដែលឆ្លងវីរុសកូវីដ-១៩ បានជាសះស្បើយវិញហើយ ក្រោយឆ្លងកាត់ការព្យាបាលរយៈពេលជាង១០ថ្ងៃ ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល អះអាងថា ស្រ្តីជនជាតិអង់គ្លេសនោះ ត្រូវបានធ្វើតេស្តសាជាថ្មី២ដង ដោយលទ្ធផលប្រែមកជាអវិជ្ជមានវិញទាំង២ដង ពោលគឺលែងមានវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល បញ្ជាក់ថា គាត់ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃស្អែក (ថ្ងៃទី២២ ខែមីនា)។

ដោយសារតែស្រ្តីជនជាតិអង់គ្លេសខាងលើ មានវ័យជរា ហើយពិការជើងម្ខាងថែមទៀត ទើបត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនគាត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមសំណើរបស់គាត់ កាលពីល្ងាចថ្ងៃទី១១ ខែមីនា។

នៅលើនាវា Viking Cruise Journey មានជនជាតិអង់គ្លេស២ទៀត ដែលរកឃើញថា ឆ្លងវីរុសកូវីដ-១៩ គឺម្នាក់ ជាបុរសវ័យ៧៣ឆ្នាំ ដែលជាស្វាមីរបស់ស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំខាងលើ និង ម្នាក់ទៀត ជាស្រ្តីវ័យ៦៩ឆ្នាំ។ អ្នកទាំង២ខាងក្រោយនេះ ក៏ត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅព្យាបាលនៅភ្នំពេញដែរ គឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ពុំបាននិយាយពីស្ថានភាពជំងឺរបស់អ្នកទាំង២ឡើយ។ 

មនុស្សប្រមាណ៦០នាក់ទៀត លើនាវាទេសចរណ៍ Viking Cruise Journey ក៏ឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ តែអវិជ្ជមាន។ កាលពីថ្ងៃទី១២ ខែមីនា អាជ្ញាធរ រៀបចំនាំពួកគេ ចេញពីនាវា ឲ្យទៅសម្រាកនៅសណ្ឋាគារមួយ ជាប់មាត់ទន្លេខេត្តកំពង់ចាម ដើម្បីបន្តតាមដានសុខភាពរយៈពេល១៤ថ្ងៃ ទោះជាលទ្ធផលបង្ហាញថា ពួកគេ គ្មានវីរុសកូវីដ-១៩ក្តី។

នាវា Viking Cruise Journey បានចេញពីកំពង់ផែទីក្រុងហូជីមិញ ចូលមកកំពង់ផែរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ហើយបន្ទាប់មក ក៏នាំភ្ញៀវទៅទស្សនាតាមដងទន្លេខេត្តកំពង់ចាម។

ជាករណីទី២ហើយ ដែលកម្ពុជា អាចព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ។ កាលពីថ្ងៃទី២៧ ខែមករា បុរសជនជាតិចិនវ័យ៦០ឆ្នាំម្នាក់ គឺជាមនុស្សដំបូងគេ ដែលកម្ពុជា រកឃើញថាមានវីរុសកូវីដ-១៩។ គាត់និងគ្រួសារ ចេញពីទីក្រុងវូហាន ដែលជាប្រភពដើមនៃការផ្ទុះវីរុស-១៩ មកលេងនៅខេត្តព្រះសីហនុ។

ក្រោយជាសះស្បើយ បុរសជនជាតិចិននោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈ និងបានត្រឡប់ទៅប្រទេសកំណើតវិញ។ គាត់ ក៏ឆ្លងកាត់ការព្យាបាលជាង១០ថ្ងៃដែរ។

យ៉ាងណាក៏ដោយ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជា ចេះតែកើនឡើងបន្តិចម្តងៗ។ រយៈកាលចុងក្រោយនេះ ក្រសួងសុខាភិបាល ប្រកាសស្ទើរតែមិនលស់ថ្ងៃណាឡើយពីការរកឃើញអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា។

ជាក់ស្តែងនៅយប់ថ្ងៃទី២១ ខែមីនានេះ ក្រសួងបានប្រកាសពីការរកឃើញ២ករណីបន្ថែមទៀត ហើយក៏បានភ្ជាប់ព័ត៌មានពីការជាសះស្បើយរបស់ស្រ្តីជនជាតិអស់គ្លេសវ័យ៦៥ឆ្នាំនោះ។ បច្ចុប្បន្ន ចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា កើនឡើងដល់៥៣នាក់ បើរាប់ទាំងបុរសជនជាតិចិននិងស្រ្តីជនជាតិអង់គ្លេស ដែលជាសះស្បើយ៕

អត្ថបទទាក់ទង

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com