ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​ព្រួយបារម្ភ​ពី​លទ្ធភាព​ច្រើន​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​
22, Mar 2020 , 7:59 pm        
រូបភាព
កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ឈរទិញបាយ និងម្ហូបក្នុងម៉ោងសម្រាក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ឈរទិញបាយ និងម្ហូបក្នុងម៉ោងសម្រាក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
ដោយ: VOA
​ភ្នំពេញ ៖ កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​ខេត្តកណ្តាល​បានចាប់ផ្តើម​ចេញពី​រោងចក្រ ដើម្បី​ទទួលទាន​បាយ​ថ្ងៃត្រង់​។ ខុសពី​សព្វមួយដង  នៅ​សប្តាហ៍​នេះ ពួកគេ​ម្នាក់ៗ​ពាក់​ម៉ាស និង​លាងដៃ​នឹង​អាល់កុល​ដែល​បាញ់​ដោយ​សន្តិសុខ​ឈរ​នៅ​មាត់ទ្វារ​រោងចក្រ ទាំង​ពេល​ចេញមក​ខាងក្រៅ និង​ពេល​ចូលក្នុង​រោងចក្រ​វិញ​។ សម្មភាព​នេះ​ចាប់ផ្តើម​មាន​ដោយសារ​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩​កំពុង​កើនឡើង​នៅ​កម្ពុជា​។​

 
​កំពុង​ឈរ​ទិញ​បាយ និង​ម្ហូប​កញ្ចប់​នៅខាងមុខ​រោងចក្រ អ្នកស្រី សែ វុទ្ធី កម្មការិនី​ធ្វើការ​ផ្នែក​ដេរខោ​អាវ​ក្មេង ប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា រោងចក្រ​ចាប់ផ្តើម​ដាក់​ទឹក​អាល់កុល​បាញ់សម្លាប់​មេរោគ វាស់​កម្តៅ និង​ផ្តល់​ម៉ាស​ឲ្យ​ពាក់ និង​ពេលខ្លះ​កម្មករ​ទិញ​ម៉ាស​ពាក់​ខ្លួនឯង ដើម្បី​ការពារ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​។ អ្នកស្រី​បន្ថែមថា អ្នកគ្រប់គ្រង​រោងចក្រ​បាន​ប្រាប់​ឲ្យ​ក្រុមកម្មករ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន និង​រក្សា​អនាម័យ​ឲ្យ​បាន​ដិតដល់​។ 
 
«​គេ​ប្រាប់​ឲ្យ​យើង​ពាក់​ម៉ាស ឲ្យ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ហើយ​យើង​កុំទៅ​កន្លែង​ណា​ដែលមាន​ទីប្រជុំជន​ខ្វះ​ការ​អនាម័យ​អី​អ៊ីចឹង​។ [​ពេលធ្វើការ​ក្នុង​រោងចក្រ​] ខ្ញុំ​លាងដៃ​ជាមួយ​ទឹកសាប៊ូ ពេល​ទៅ​បន្ទប់ទឹក​ទៅ​អី ផឹកទឹក​ឲ្យ​ច្រើន ហើយ​មានទឹក​លាងដៃ​ខ្លួនឯង​ផ្សេងទៀត​»​។​

 
 
​នៅ​សប្តាហ៍​នេះ រដ្ឋាភិបាល​បានសម្រេច​ឲ្យ​ផ្អាក​ដំណើរការ​កន្លែង​ដែល​អាចមាន​ការជួបជុំ​មនុស្ស​ច្រើន រួមមាន​ខារ៉ាអូខេ រោងភាពយន្ត ការប្រគំ​តន្ត្រី និង​ការជួបជុំ​បែប​សាសនា​ផ្សេងៗ លុះត្រាតែ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្បើយ​។ រដ្ឋាភិបាល​ក៏បាន​សម្រេច​ផ្អាក​ការបង្រៀន​គ្រប់​កម្រិត ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​នៅ​ទូទាំងប្រទេស​។ 
 
​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​កម្មករ ដោយសារ​ជា​ក្រុមមនុស្ស​ធ្វើការ​នៅ​ជុំគ្នា​ទ្រង់ទ្រាយ​ធំ និង​ពិបាក​ក្នុងការ​ផ្តល់​សម្ភា​រៈការ​ពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា​ជែ​ល​លាងដៃ និង​ម៉ាស​ការពារ​ជាដើម​។​
 
​កម្មការិនី​វ័យ​៣០​ឆ្នាំ អ្នកស្រី សែ វុទ្ធី មានប្រសាសន៍ថា អ្នកស្រី​ចង់​ឲ្យ​អ្នកធ្វើការ​ក្នុង​រោងចក្រ​គ្រប់គ្នា​ការពារ​ខ្លួន និង​ស្វែងរក​ការពិនិត្យ​ឲ្យ​បាន​ទាន់ពេល ប្រសិនបើ​មាន​ចេញ​រោគសញ្ញា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​។ បើទោះបី​ជាមាន​រោងចក្រ​មួយចំនួន​កំពុង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​ការងារ​ក្តី អ្នកស្រី​នៅតែមាន​ការបារម្ភ​ពី​ករណី​ឆ្លង​នៅក្នុង​រោងចក្រ  ខណៈ​កម្មករ​ទាំងអស់​ឈរ​ធ្វើការ​ត្រឹមតែ​កន្លះ​ម៉ែត្រ​ពីគ្នា​។​
 
«​ខ្ញុំ​ខ្លាច​ដែរ​ហ្នឹង​ណា៎​! ខ្លាច​ខ្លាំង​ទៀត មិនមែន​ខ្លាច​តិច​ទេ​។ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ត្រូវ​ធ្វើការ​អ៊ីចឹង​ហើយ​។ បើ​អត់​ធ្វើការ យើង​មាន​លុយ​ឯណា​? អ៊ីចឹង​ដល់​តែ​យើង​នៅ​ធ្វើការ​សិន​។ យើង​អនាម័យ​ខ្លួនឯង​ខ្លះ ការពារ​ខ្លួនឯង​ខ្លះ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា កម្ពុ​ជាមាន​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩​ដល់​ជិត​៥០​ករណី​នៅ​ទូទាំងប្រទេស​។ នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ចំនួន​១០​នាក់ ទាំង​ពលរដ្ឋ​កម្ពុជា និង​ជនបរទេស​។ 


កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
 
​កម្មការិនី​ម្នាក់ទៀត​ដែល​កំពុងធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​នៅ រាជធានី​ភ្នំពេញ​គឺ​អ្នកស្រី ស៊ីម អ៊​ន់ លើកឡើងថា ក្នុង​សប្តាហ៍​នេះ រោងចក្រ​ដែល​អ្នកស្រី​ធ្វើការ បានចាប់ផ្តើម​ផ្តល់​ម៉ាស​ឲ្យ​កម្មករ និង​ដាក់​ទឹក​អាល់កុល​ឲ្យ​លាងដៃ  ព្រមទាំង​បាញ់​អាល់កុល​លើ​កម្មករ​ដែល​ចេញចូល​រោងចក្រ និង​ដើរ​ចេញពី​បន្ទប់ទឹក​។ ប៉ុន្តែ​មិនទាន់មាន​ឧបករណ៍​ពិនិត្យ​កម្តៅ​នៅឡើយ​។ អ្នកស្រី​បន្តថា បើទោះបី​ជាមាន​ការបារ​ម្ភ​ខ្លាច​ឆ្លង​ក្តី អ្នកស្រី​នឹង​នៅ​បន្ត​ធ្វើការ​រហូត​រោងចក្រ​ប្រាប់​ព័ត៌មាន​ថ្មី ពាក់ព័ន្ធ​នឹង​មេរោគ​នេះ​។ 
 
«​គេ​មិនសូវ​ឲ្យ​និយាយ​ជាមួយគ្នា​អី​ជា​ញឹកញាប់​ទេ រឿង​ការងារ​។ ដូច​ថា ធ្វើ​រឿង​ផ្សេងៗ​គ្នា កុំ​និយាយ​ដាក់គ្នា​។ បើ​មិនចាំបាច់ មិនបាច់​និយាយ​។ ដូច​ថា យើង​ខ្លាច​និយាយ​ដាក់គ្នា​ខ្លាច​ឆ្លង​»​។​
 
​កម្មការិនី​ដែលមាន​កូន​ពីរ​នាក់​នេះ​បន្ថែមថា អ្នកស្រី​ក៏បាន​ណែនាំ​កូន​របស់​អ្នកស្រី​ទាំងពីរ​នាក់​ឲ្យ​ឧស្សាហ៍​លាងដៃ និង​ត្រូវ​លេង​នៅក្នុង​ផ្ទះ កុំ​ចេញទៅ​ក្រៅ​។​
 
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា លើកឡើងថា ដោយសារ​រោងចក្រ​គឺជា​កន្លែងធ្វើការ​ដែលមាន​បណ្តុំ​មនុស្ស​ច្រើន  ដូច្នេះ​ហានិភ័យ​នៃ​ការឆ្លង​ក្នុងអំឡុង​វិបត្តិ​មេរោគ​ផ្លូវដង្ហើម​ថ្មី​នេះ​ក៏​ច្រើន​ផងដែរ​។ លោក​បន្តថា ប្រសិនបើ​មានការ​ផ្អាក​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​ដោយសារ​មេរោគ​នេះ នោះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចកម្ពុជា  ព្រមទាំង​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​កម្ពុជា​ប្រមាណ​៨០​ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​ក្នុង​វិស័យនេះ​។​
 
​ទោះយ៉ាងណា លោក​ថា ក្រុម​សហជីព​កំពុង​ជជែក​គ្នា​អំពី​ដំណាក់​កាលដែល​ត្រូវ​ស្នើ​ឲ្យ​មាន​ការបិទ​រោងចក្រ​ជា​បណ្តោះអាសន្ន  ប្រសិនបើ​មេរោគ​ផ្លូវដង្ហើម​ថ្មី​មួយ​នេះ​រាលដាល​ដល់​សហគមន៍​។ ប៉ុន្តែ​លោក​ថា សម្រាប់​ស្ថានភាព​បច្ចុប្បន្ន  អ្វីដែល​អ្នកពាក់ព័ន្ធ​អាច​ធ្វើបាន​ក្នុងអំឡុង​នេះ គឺ​បង្កើន​ការការពារ និង​ទប់ស្កាត់​កម្រិត​ខ្ពស់បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។ 
 
«​ការដែល​ពេលបច្ចុប្បន្ន​នៅតែ​បន្ត​ធ្វើការ​ហ្នឹង យើង ក្នុងនាម​សហជីព ក៏បាន​ជជែក​ជាមួយ​ក្រុមហ៊ុន​ច្រើន​ដែរ  ស្នើ​ឲ្យ​ក្រុមហ៊ុន​វាស់​កម្តៅ ឲ្យ​ក្រុមហ៊ុន​ពិនិត្យមើល​។ អ្នក​ឈឺ​អត់​ឲ្យ​ចូលមក ហើយ​ក្រុមហ៊ុន​ពិនិត្យមើល​ទឹក​លាងដៃ និង​ប្រព័ន្ធ​ការពារ ម៉ា​សអីហ្នឹង គឺ​យើង​បានស្នើ​ច្រើន​កន្លែង​ណាស់​ដើម្បី​ឲ្យ​គាត់​ការពារ​។ ហើយ​ក្រុមហ៊ុន​ហ្នឹង​ក៏មាន​វិធានការ​ច្រើន​ដែរ  ព្រោះ​គាត់​បារម្ភ​ដែរ​។ គាត់​ថាបើ​សិន​មាន​កើត​មួយ​ពីរ​នៅ​កន្លែង​គាត់​អាច​នឹង​ក្រុមហ៊ុន​នឹងមាន​បញ្ហា បិទ​ក្រុមហ៊ុន បិទ​អី​អ៊ីចឹង​។ គាត់​ក៏មាន​ការបារម្ភ​ខ្លាំង​ដែរ ក្នុង​បញ្ហា​ហ្នឹង​»​។​
 
VOA មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC និង លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​បានទេ​។​
 
​កាលពី​ថ្ងៃទី​១៨ ខែមីនា សហភាព​សហជីព​កម្ពុ​ជា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ខណៈ​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩​កំពុង​ឆ្លង​ដល់​ពលរដ្ឋ​ខ្មែរ សហភាព​សហជីព​កម្ពុ​ជាមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុវត្ថិភាព សុខភាព​របស់​កម្មក​រ កម្មការិនី​តាម​បណ្តា​រោងចក្រ សហគ្រាស ដែល​ថៅកែ​មិនបាន​ប្រើ​វិធី​បង្ការ​ការពារ និង​ប្រឆាំង​ទប់ស្កាត់​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩​។​
 
​ក្រោយ​សហភាព​សហជីព​ចេញ​សេចក្តីថ្លែងការណ៍​នោះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) នៅ​ថ្ងៃទី​១៩ ខែមីនា​នេះ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ការលើកឡើង​រប​ស់​សហភាព​សហជីព​ក​ម្ពុ​ជា​។ GMAC លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា  សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​របស់​កម្មករ​និយោជិត​ទាំងអស់ គឺជា​ចំណុច​អាទិភាព​មួយ​។​


សន្តិសុខកម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ត្រួតពិនិត្យកម្តៅកម្មករនៅពេលចូលរោងចក្រ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
 
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់ VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​រោងចក្រ​ណាមួយ​បិទ ឬ​ព្យួរការងារ​ដោយសារ​ព្រួយបារម្ភ​ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩​នេះ​នៅឡើយ​។ លោក​បន្តថា ការកំណត់​ឲ្យ​កម្មករ​កម្មការិនី​ធ្វើដំណើរ​តែ​ពី​ផ្ទះ​ទៅ​រោងចក្រ និង​ពី​រោងចក្រ​ទៅផ្ទះ​វិញ​គឺជា​វិធីសាស្ត្រ​ដែលមាន​សុវត្ថិភាព​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩​។​
 
«​បងប្អូន​កម្មករនិយោជិត​របស់​យើង​ពេលដែល​នៅផ្ទះ​ក៏​នៅតែ​ជាមួយ​ក្រុមគ្រួសារ ហើយ​ពេលដែល​ចេញពីផ្ទះ​គឺ​ឡើងលើ​មធ្យោបាយ​ធ្វើដំណើរ​ដែល​សុទ្ធតែជា​បងប្អូន​កម្មក​រ​និយោជិត​ដែល​ស្នាក់​នៅផ្ទះ​ដូចគ្នា  សុវត្ថិភាព​ដូចគ្នា​រួចទៅហើយ​។ ពេលដែល​កាត់​មកដល់​កន្លែងធ្វើកា​រ  គាត់​អត់​មាន​អតិថិជន​ថ្មី​ដូច​នៅតាម​ភោជនីយដ្ឋាន ឬមួយ​ក៏​កន្លែង​ផ្សេងៗ​ទៀត​ទេ គឺ​គាត់​មក​ធ្វើការ​រួមជាមួយ​សហកា​រី​របស់គាត់​ដែលជា​អ្នក​ដែលមាន​សុវត្ថិភាព​រួចទៅហើយ​»​។​
 
​លោក ហេង សួរ បន្ថែមថា ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាននិងកំពុង​អនុវត្តតាម​និយាម​នៃ​បទដ្ឋាន​អន្តរជាតិ និង​គោលការណ៍​រួម​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាល​ដាន​មេរោគ​កូ​វីដ​-១៩​នេះ​។​
 
​កាលពីដើម​ខែមីនា  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​៣ ខែមីនា​មានកម្ម​ករ កម្មការិនី​ប្រមាណ​ជាជាង​១៨.០០០​នាក់​បាន​បាត់បង់​ការងារ​ធ្វើ  បន្ទាប់ពី​រោងចក្រ​ខ្លះ​សុំ​ព្យួរការងារ​ដោយសារ​ខ្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​។ លោក ហ៊ុន សែន បញ្ជាក់ថា កម្មករ​ទាំងអស់​ដែល​ត្រូវបាន​ព្យួរការងារ​បណ្ដោះអាសន្ន​ទទួលបាន​ប្រាក់បៀវត្ស​ន៍​៦០​ភាគរយ ដោយ​ថៅកែ​រោងចក្រ​ផ្ដល់​៤០​ភាគរយ និង​រដ្ឋ​ផ្ដល់​២០​ភាគរយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com