COVID-19
អន្តរជាតិ
លោក ត្រាំ ផ្ញើសំបុត្រឲ្យលោក គីម ដោយស្នើសហការជាមួយកូរ៉េខាងជើងទប់ទល់ COVID-19
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសំបុត្រមួយច្បាប់ឲ្យមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយបានស្នើធ្វើកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ អ្នកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតលោក គីម ជាអ្នកប្រកាសព័ត៌មាននេះដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី២២ ខែមីនា។ បើតាមអ្នកស្រី គីម សំបុត្រនេះបង្ហាញពីទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកំពូល ប៉ុន្តែទំនាក់ទំនងរវាងប្រទេសនិងប្រទេសនៅតែមិនទាន់ល្អនៅឡើយ។
អ្នកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន មិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ដែលបងប្រុសខ្លួនទទួលសំបុត្រពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើយ។ ប៉ុន្តែសំបុត្រមួយច្បាប់នេះ ជាឧទាហរណ៍ល្អបង្ហាញពីទំនាក់ទំនងល្អរវាងលោក ត្រាំ និងលោក គីម ។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកស្រី គីម ដែលមានតំណែងជាអនុប្រធាននាយកដ្ឋានមួយនៃបក្សពលករកូរ៉េនោះ បញ្ជាក់ថា៖ «សំបុត្ររបស់លោក ត្រាំ ជាការគន់គូរដ៏ល្អ និងជាសកម្មភាពត្រឹមត្រូវសម្រាប់ប្រធានាធិបតីអាមេរិកដើម្បីរក្សាទំនាក់ទំនងជាមួយលោក គីម ចំពេលដែលបញ្ហាលំបាក និងការប្រឈមមុខនានាស្ថិតលើផ្លូវនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។»
ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម បន្តថា ក្នុងសំបុត្រនេះ លោក ត្រាំ ក៏បានបញ្ជាក់ពីផែនការដើម្បីជំរុញទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងផងដែរ។ អ្វីគួរឲ្យចាប់អារម្មណ៍ ប្រធានាធិបតីអាមេរិក ក៏ចង់សហការជាមួយកូរ៉េខាងជើងលើការងារប្រឆាំងជំងឺឆ្លងទៀតផង។ នេះបើតាមការស្រង់សម្ដីអ្នកស្រី គីម ដោយ KCNA ។
សូមបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់មានករណីឆ្លង COVID-19 នៅឡើយទេ។ យ៉ាងណាមិញ របបដឹកនាំកូរ៉េខាងជើង ត្រូវគេសង្ស័យថា លាក់បាំងករណីឆ្លងជំងឺនេះ ដ្បិតកូរ៉េខាងជើងនៅជាប់ចិនដែលជាទីផ្ទុះករណីឆ្លង COVID-19 ខ្លាំងក្លា។ កន្លងទៅ រដ្ឋាភិបាលកូរ៉េខាងជើងបានអនុវត្តវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ករណីឆ្លងនេះ ដោយបិទព្រំដែនទាំងអស់ អនុវត្តវិធានការនៅដោយឡែក៣០ថ្ងៃ ខណៈស្ថានទូតបរទេសទាំងអស់ ក៏ត្រូវបិទដែរ។
ដូចដឹងស្រាប់ ទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងមិនល្អឡើយ ប៉ុន្តែរវាងលោក ត្រាំ និងលោក គីម ហាក់ប្រសើរខ្លះ។ ជារឿយៗ មេដឹកនាំទាំងពីរ បានផ្លាស់ប្ដូរសំបុត្រគ្នាទៅទៅមក។ កាលពីខែមករា លោក ត្រាំ បានសរសេរសំបុត្រជូនពរលោក គីម ក្នុងថ្ងៃខួបកំណើត។ ប្អូនស្រីលោក គីម អះអាងថា លោក ត្រាំ ក៏ប្រាប់លោក គីម ពីបំណងរក្សាទំនាក់ទំនងនេះ ប៉ុន្តែជួបបបញ្ហាខ្លះ ព្រោះការទាក់ទងទៅវីញទៅមក មិនត្រូវបានធ្វើឲ្យបានញឹកញាប់៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com