ភ្នំពេញ៖ «តាមការស្រាវជ្រាវនៅក្នុងប្រទេសមួយចំនួនឃើញថា អ្នកទេសចរ បានកំណត់គោលដៅទេសចរណ៍របស់ខ្លួន ដើម្បីទៅទស្សនានៅកន្លែងណាមួយ តាមរយៈការមើលភាពយន្តហ្នឹងហើយ»។ នេះជាការលើកឡើងរបស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីមហោស្រពភាពយន្តអន្តរជាតិ កាលពីពេលកន្លងទៅ។
ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវ ប្រជាជនអង់គ្លេស ប្រមាណជា៨០ភាគរយបានកំណត់គោលដៅទេសចរណ៍របស់ខ្លួន តាមរយៈការទស្សនាខ្សែភាពយន្ត។ ហើយប្រជាជនបារាំង ប្រមាណជាជាង៧០ភាគរយ ក៏បានកំណត់គោលដៅទេសចរណ៍ក្នុងស្រុក ក្រោយពីបានទស្សនាភាពយន្តផងដែរ។
សូមស្ដាប់សំឡេងរបស់លោក ប៉ុក បូរក្ស ដូចតទៅ៖
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ប៉ុក បូរក្ស ពន្យល់ដូច្នេះ៖«ជាទិន្នន័យដែលយើងធ្វើការស្រាវជ្រាវ យើងឃើញថា នៅប្រទេសមួយចំនួន គេកំណត់គោលដៅទេសចរណ៍ តាមរយៈការមើលភាពយន្តនេះឯង។ បើនៅប្រទេសអង់គ្លេស ប្រជាជនគេប្រហែលជា៨០ភាគរយ បានកំណត់គោលដៅទេសចរណ៍ក្រោយពីមើលភាពយន្ត។ នៅប្រទេសបារាំង ទេសចរណ៍ទៅទស្សនកិច្ចនៅ ទួអេហ្វេល គឺមានរហូតទៅដល់ជាង៧០ភាគរយ ក្រោយពីបានមើលកុន ហើយគាត់សម្រេចទៅលេងនៅទីនោះ។ ដូច្នេះនេះហើយជាអត្ថប្រយោជន៍របស់ភាពយន្ត»។
ជាមួយគ្នានេះប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រូបនេះ ក៏បានបញ្ជាក់ផងដែរថា ផលិតករភាពយន្តកម្ពុជា អាចមានឱកាសច្រើនក្នុងការស្វែងរកដៃគូសហការផលិតភាពយន្តជាមួយផលិតករបរទេសកាន់តែច្រើន ក្នុងឱកាសមហោស្រពភាពយន្តអន្តរជាតិផងដែរ។
នេះជាសំឡេងរបស់លោក ប៉ុក បូរក្ស៖
«នៅពេលដែលផលិតករយើងបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ ជាឱកាសមួយនាំឱ្យគាត់ចាប់យកដៃគូវិនិយោគរួមគ្នា ជាមួយផលិតករភាពយន្តបរទេស។ មកដល់ពេលនេះយើងឃើញមានផលិកររបស់យើងធំៗមួយចំនួន បានចាប់ដៃគួជាមួយផលិតករនៅក្រៅប្រទេស នៅក្នុងតំបន់អាស៊ានក្ដី នៅក្នុងតំបន់អ៊ឺរ៉ុបក្ដីក្នុងការផលិតភាពយន្ត។ នេះជាឱកាសមួយ នៅពេលដែលគាត់សហការគ្នាផលិត បានន័យថាផលិតផលរបស់គាត់ហ្នឹង នឹងមានសញ្ជាតិ២ ឬក៏មានសញ្ជាតិច្រើន។
ឧទាហរណ៍ថា បើយើងសហការជាមួយបារាំង បានន័យថាផលិតផលរបស់យើងហ្នឹង ក្លាយជាភាពយន្តរបស់ខ្មែរផង របស់បារាំងផង។ ហើយបើជាភាពយន្តរបស់បារាំង បានន័យថាវាអាចចូលក្នុងទីផ្សារអ៊ឺរ៉ុបបានទាំងអស់។ ឥឡូវយើងឃើញមានផលិតកររបស់យើង សហការជាមួយបរទេស ដូចជាម៉ាឡេស៊ី មីយ៉ាន់ម៉ា នេះជាឱកាសមួយទៀតក្នុងការពង្រីកទីផ្សាររបស់យើងនៅក្រៅប្រទេស»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ុក បូរក្ស។
ចំណែកលោក Cedric ELOY ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក៏បានសង្កេតឃើញដែរថា នាពេលបច្ចុប្បន្នផលិករកម្ពុជា បានប្រឹងប្រែងផលិតភាពយន្តរបស់ខ្លួន ឱ្យមានគុណភាពខ្ពស់ ដើម្បីអាចប្រកួតប្រជែងជាមួយភាពយន្តអន្តរជាតិបាន បើទោះជាការប្រឹងប្រែងនេះ ស្ថិតក្នុងភាពប្រថុយប្រថានក្ដី។
លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (ឈរខាងឆ្វេងដៃ)
សូមស្ដាប់សម្ដីរបស់លោក Cedric ELOY តាមរយៈអ្នកបកប្រែ៖
តាមរយៈអ្នកបកប្រែ លោក Cedric ELOY បញ្ជាក់ដូច្នេះ៖«ឃើញថាសមិទ្ធិករយើងមួយចំនួននៅពេលបច្ចុប្បន្នហ៊ានប្រថុយប្រថាន ក្នុងការបង្កើនគុណភាពភាពយន្តរបស់ខ្លួនដល់ទៅកម្រិតអន្តរជាតិ។ យើងដឹងហើយកាលណាធ្វើឱ្យមានគុណភាពខ្ពស់ តម្លៃក៏កាន់តែកើនដែរ ដូច្នេះគាត់ព្យាយាមអភិវឌ្ឍន៍ខ្លួនគាត់ ឱ្យដល់កម្រិតអន្តរជាតិបាន។ អ៊ីចឹងសូមអស់លោក លោកស្រី មេត្តាចូលរួមគាំទ្រភាពយន្តខ្មែរ ធ្វើយ៉ាងណាឱ្យកុនខ្មែរប្រមូលបានថវិកាទាំងអស់ហ្នឹង យកមកជួយផលិតកម្មរបស់គាត់ ដើម្បីបង្កើនគុណភាពឱ្យកាន់តែខ្ពស់ថែមទៀត»។
តាមការសង្កេតជារួមទៅលើវិស័យភាពយន្ត ដែលជាសិល្បៈសកលនេះ ភាពយន្តមានគុណតម្លៃជាច្រើន ដូចជាវាអាចជួយអភិវឌ្ឍន៍សង្គម ជួយអប់រំមនុស្ស ជួយជីវភាពប្រជាជនក្នុងតំបន់ ក៏ដូចជាជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនដែលរស់នៅក្នុងប្រទេសឬតំបន់ផ្សេងគ្នាជាដើម។ ជាងនោះទៅទៀត ភាពយន្តក៏មានតួនាទីក្នុងការស្វែងរកសន្តិភាព សម្រាប់ពិភពលោកទាំងមូលផងដែរ៕