COVID-19
អន្តរជាតិ
Covid-19៖ នាយករដ្ឋមន្ត្រី​ឡាវ ទទូច​ឲ្យ​ពលរដ្ឋ​ដាំ​បន្លែ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង​
22, Mar 2020 , 1:59 pm        
រូបភាព
នាយករដ្ឋមន្ត្រឡាវ Thongloun Sisoulith (រូបភាព៖ Malaysia Gazette)
នាយករដ្ឋមន្ត្រឡាវ Thongloun Sisoulith (រូបភាព៖ Malaysia Gazette)
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​របស់ខ្លួន​ធានា​ពី​ចំណីអាហារ​ប្រចាំថ្ងៃ តាមរយៈ​ការបន្ត​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​ជាដើម​។ ការណ៍​ដែល​ក្រុង​វៀងចន្ទន៍​ធ្វើបែបនេះ ដើម្បី​ជា​ផ្នែក​មួយ នៃ​ការទប់ស្កាត់​ពី​ការរីក​រាល​នៃ​វីរុស Covid-19 ពី​ការប្រាស្រ័យ​ទាក់ទង​នៅ​ទីប្រជុំជន និង​សុវត្ថិភាព​ចំណីអាហារ​ក្នុងដំណាក់កាល​វិបត្តិ​វីរុស​នេះ​។

 
​តាមរយៈ​សេចក្តីណែនាំ​ដែល​ទើបតែ​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ថុង​លួ​ន ស៊ី​សូលី​ត  បាន​ដាស់តឿន​ប្រជាជន​ឡាវ​ឲ្យ​មានការ​ត្រៀមខ្លួន និង​គិតទុក​ជាមុន​ពី​លទ្ធភាព​នៃ​ការផ្ទុះ​ឡើង​នៃ​វិបត្តិ Covid-19 ខណៈដែល​ពិ​ភ​លោក ជាពិសេស​ប្រទេសជិតខាង​របស់​ឡាវ បន្ត​កើនឡើង​ករណី​អ្នក​ឆ្លង​វីរុស នេះ​ជា​បន្តបន្ទាប់​។​
 
​គួរ​ជម្រាប​បន្តិច​ថា ឡាវ ប្រទេស​ដែល​គ្មាន​ព្រំដែន​សមុទ្រ​ជាប់​ជាមួយ​ប្រទេស​ដទៃទៀត​នោះ ពុំទាន់​រកឃើញ​មាន​ពី​ករណី​ឆ្លង​វីរុស Covid-19 នៅឡើយ​នោះទេ​។ ជា​អ្នកជិតខាង​របស់​ចិន​ផង​នោះ ឡាវ បាន​មានការ​រឹតបន្តឹង​ខ្ពស់​លើ​ការត្រួតពិនិត្យ​អ្នកដំណើរ ដែល​ឆ្លងតាម​ព្រំដែន​របស់ខ្លួន​។​
 
​ទោះបី​បែបនេះ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Laotian Times លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ទទូច​ឲ្យ​ពលរដ្ឋ ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ជាការ​ត្រៀម​ទុកជាមុន​ពី​កង្វះខាត​នៃ​ការផ្គត់ផ្គង់​ចំណីអាហារ​នៅ​ផ្សារ ក្នុងករណី​មាន​វិបត្តិ​នេះ​ផ្ទុះឡើង​។ កន្លងមក​ទំនិញ និង​របស់​ប្រើប្រាស់​ភាគច្រើន​នៅ​ឡាវ ត្រូវបាន​នាំចូល​ពី​បណ្តា​ប្រទេសជិតខាង​នោះទេ​។ 
 
​តាម​ការអះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី បញ្ហា​ចំណីអាហារ មិនអាច​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​ប្រជាជន​ឡាវ​ប៉ុន្មាន​នោះទេ ក្នុងករណី​ពាណិជ្ជកម្ម​អន្តរជាតិ រាប់បញ្ចូល​ទាំង​ការ​ផ្គត់​ផ្ត​ង់​ទំនិញ ជាពិសេស​ចំណីអាហារ ត្រូវបាន​ផ្អាក​។ នោះ ក៏​ព្រោះតែ​ប្រជាជន ឡាវ អាចមាន​លទ្ធភាព​ក្នុង​ការដាំដុះ​តាមបែប​ប្រពៃណី​របស់ខ្លួន​សម្រាប់​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង បាន​ក្នុង​រយៈពេល​លំបាក​នេះ​៕ 

Tag:
 ឡាវ​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com