ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​កសិកម្ម ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​គ្រូ​បច្ចេកទេស ៥០០​នាក់ និង​ថវិកា គាំទ្រ​កសិករ ដើម្បី​ពង្រីក​កសិផល​
22, Mar 2020 , 12:56 pm        
រូបភាព
​ភ្នំពេញ​៖ តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម បានស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​គ្រូ​កសិកម្ម​ល្អ​ចំនួន ៥០០​នាក់ និង​ថវិកា​ទៅ​គាំទ្រ​កសិកម្ម​។ ស្រប​ពេលដែល​កម្ពុជា បានសម្រេច​ជា​ផ្លូវការ​ពី​ការបិទច្រក​ចេញចូល​ទាំងអស់​ជាមួយ​វៀតណាម​ជា​បណ្ដោះអាសន្ន លោក យ៉ង សាំង​កុមារ នេះ​ជា​ឱកាស និង​ជា​មេរៀន ដែល​កម្ពុជា​។


​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖ 



 
​ទាក់ទង​នឹង​ការស្នើសុំ​គ្រូ​កសិកម្ម​ល្អ និង​ថវិកា​មួយចំនួន ដើម្បី​គាំទ្រ​ការផលិត​របស់​កសិក​រ លោក យ៉ង សាំង​កុមារ លើកឡើងថា​៖ «​តាមពិត​ខ្ញុំ​ប្រមើល​ឃើញ តាំង​ពីមុន​បញ្ហា​បិទ​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​។ បញ្ហា​នេះ​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​ស្បៀង ជាពិសេស​បន្លែ សាច់ និង​ស៊ុត ដោយសារ​នាំចូល​ច្រើន ដូច្នេះហើយ ទើប​យើង​ត្រូវការ​គ្រូ​កសិកម្ម​ល្អ ដែលមាន​ជំនាញ​ខាង​ដឹកនាំ​ផលិត និង​ដាំ​ដុះ ចុះទៅ​ធ្វើការ​ជាមួយ​កសិករ ដែល​កំពុង​ដាំ​បន្លែ ចិញ្ចឹមសត្វ​នៅ​ទូទាំងប្រទេស មាន​ប្រមាណ ៣​ម៉ឺន​នាក់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​»​។ 
 
​បើតាម​លោក យ៉ង សាំង​កុមារ ការបិទ​ព្រំដែន​នេះ ក៏​ជា​ឱកាស និង​ជា​មេរៀន​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ផងដែរ​។ អ្នកជំនាញ​ក​សិ​ម្ម លោក យ៉ង សាំង​កុមារ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​នេះ​ជា​មេរៀន ហើយក៏​ជា​ឱកាស​។ មានន័យថា ក្នុងពេលដែល​ពិភពលោក កំពុង​ផ្ទុក​កូ​វីដ​១៩  ប្រទេស​នីមួយៗ បាន​ការពារ​ប្រជាជន និង​ប្រទេស​ខ្លួនឯង ដោយ​បិទ​ព្រំដែន​។ អ្វីដែល​គេ​បារម្ភ​បំផុត​គឺ​ការផលិត​ស្បៀង ហើយ​នេះ​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ងាក​មក​គាំទ្រ និង​ពង្រឹង​ការផលិត ការកែច្នៃ​ក្នុងស្រុក​។ ប៉ុន្តែ​ប្រសិនបើ​មិន​ព្រមធ្វើ​ក្នុង​ពេលនេះ​ទេ ហើយ​ស្ថានភាព​អូសបន្លាយ យើង​អូសបន្លាយ​ដែរ នោះ​រយៈពេល ២​ទៅ​៣​ខែ​ខាងមុខ នឹងមាន​វិបត្តិ​ដ៏​ធំ​ទាក់ទង​នឹង​ស្បៀង​»​។​
 
​ក្នុងស្ថានភាព​កម្ពុជា កំពុងមាន​អ្នក​ឆ្លង​កូ​វីដ​១៩ លោក យ៉ង សាំង​កុមារ អះអាងថា ផលិតផល​នៅក្នុង​ស្រុក​របស់​កម្ពុជា នៅមាន​ការខ្វះខាត​នៅឡើយ​ដូចជា សាច់ បន្លែ ស៊ុត ដោយ​លើកលែងតែ​ស្រូវ​អង្ករ​ដែលមាន​ច្រើន​។ អ្នកជំនាញ​កសិកម្ម​រូបនេះ បន្តថា តាម​ការសិក្សា​ចុងក្រោយ​នេះ លោក​សង្កេតឃើញថា​កសិផល​របស់​កម្ពុជា មាន​ច្រើន​សមរម្យ ប៉ុន្តែ​ត្រូវ​ការធ្វើ​ពាណិជ្ជកម្ម និង​សម្របសម្រួល​ការដឹកជញ្ជូន​៕
 

Tag:
 កសិកម្ម​
  កសិករ​
  នាំចេញ​នាំចូល​
  បន្លែ​
  គ្រូ​កសិកម្ម​
  យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com