ទន្ទឹមនឹង​អនាម័យ អ្នកភូមិ​មួយចំនួន​ក្នុងស្រុក​ស្អាង ធ្វើ​ទីងមោង​មុខផ្ទះ ព្រោះ​ជឿថា អាច​បណ្តេញ​កូ​វីដ​-១៩
ជាតិ
សង្គមជាតិ
ទន្ទឹមនឹង​អនាម័យ អ្នកភូមិ​មួយចំនួន​ក្នុងស្រុក​ស្អាង ធ្វើ​ទីងមោង​មុខផ្ទះ ព្រោះ​ជឿថា អាច​បណ្តេញ​កូ​វីដ​-១៩
22, Mar 2020 , 5:30 pm        
រូបភាព
​កណ្តាល​៖  ក្រៅពី​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ  និង​មិន​ហ៊ាន​ទៅ​ទីប្រជុំជន ដែលមាន​មនុស្ស​ច្រើន​កុះករ អ្នកភូមិ​មួយចំនួន​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល បាននាំគ្នា​ធ្វើ​ទីងមោង​ពី​ចំបើង និង​ពី​ក្រណាត់ ឬ​សម្លៀកបំពាក់​ចាស់ៗ​ដាក់​នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​ពួកគេ យល់ឃើញថា ជា​ផ្នែក​មួយ​នៃ​ការបណ្តេញ​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​ជុំវិញ​ពិភពលោក និង​កំពុងមាន​វត្ត​មាននៅ​កម្ពុជា​ផងដែរ​។

 
 
​ក្រោយ​ទទួលបាន​ព័ត៌មាន​ថា​កម្ពុជា​រកឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ អ្នកស្រី ញ៉េប សៃ​ឡាក់ បានធ្វើ​ទីងមោង​មួយ​អំពី​ចំបើង​ដែលមាន​ពាក់មួក​ពណ៌​ក្រហម និង​មាន​ពាក់​ម៉ាស​ពណ៌​ខៀវ ដាក់​ឈរ​ចោល​នៅក្បែរ​គុម្ព​ផ្កា​នៅ​ចំហៀង​ខាងឆ្វេង​មុខផ្ទះ​របស់​អ្នកស្រី​ផ្ទាល់​តែម្តង​។ ផ្ទះ​របស់​អ្នកស្រី សៃ​ឡាក់ គឺ​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​២១ ក្នុងភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ដែលមាន​ចម្ងាយ​ជិត​៤០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​។​
 
 
 
 
​បើតាម​អ្នកស្រី សៃ​ឡាក់ ការធ្វើ​ទីងមោង​ដាក់​នៅមុខ​ផ្ទះ​នេះ​គឺជា​អ​បិ​យ​ជំនឿ​មួយ​ត​ពី​ចាស់ៗ​បុរាណ ក្នុងការ​បណ្តេញ​ព្រាយ​អាសន្នរោគ និង​គ្រោះ​ចង្រៃ​រាតត្បាត​នានា​ក្នុងប្រទេស​កុំ​ឲ្យ​មក​រំខាន និង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ដល់​មនុស្ស​រស់នៅក្នុង​ផ្ទះ​នីមួយៗ​។ អ្នកស្រី និយាយថា​៖«​ទីងមោង​ធ្វើ​ដាក់​មុខផ្ទះ​ពេលនេះ គឺ​ដើម្បី​បណ្តេញ​មេរោគ​កូ​រ៉ូ​ណា​»​។ 
​អ្នកស្រី គិតថា មេរោគ​នេះ មាន​លក្ខណៈ​រាតត្បាត​និង​ឆ្លង​ខ្លាំង ដូច​ជំងឺ​អាសន្នរោគ​ដែលមាន​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​បាន​យ៉ាង​លឿន និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន​ក្នុង​រយៈពេល​ខ្លី​ផងដែរ​។ អ្នកស្រី បានធ្វើ​ទីងមោង​ដាក់​មុខផ្ទះ អស់​រយៈ​៤​ថ្ងៃ​មកហើយ ដោយ​អ្នកស្រី​សង្ឃឹមថា ការដាក់​ទីងមោង​មុខផ្ទះ នឹង​ជួយ​បណ្តេញ​មេរោគ​កូ​វីដ​-១៩ កុំ​ឲ្យ​ឆ្លង​ដល់​ក្រុមគ្រួសារ​។ 


 
​អ្នកភូមិ​ម្នាក់ទៀត គឺ​អ្នកស្រី ខាក់ សូ​នី ក៏បាន​ធ្វើ​ទីងមោង​មួយ​ដាក់​នៅមុខ​ផ្ទះ​របស់ខ្លួន សម្រាប់​បណ្តេញ​មេរោគ​កុំ​ឲ្យ​ចូល​រាតត្បាត​ក្នុង​គ្រួសារ​ផងដែរ​។ យ៉ាងណា អ្នកស្រី អះអាងថា នៅតែ​អនុវត្ត​វិធានការ​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ដើម្បី​បង្ការ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩   ដោយ​លាងដៃ​ជាមួយ​សាប៊ូ ទាំង​មុន​-​ក្រោយ​ទទួលទាន​អាហារ ក្រោយ​បាន​ប៉ះពាល់​របស់​កង្វក់ ក្រោយ​ក្រោយ​មកពីផ្សារ ឬ ក្រោយ​មកពី​ចម្ការ​វិញ​ជាដើម​។ 
 
​អ្នកស្រី សូ​នី បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey ថា ការ​ធ្វើឡើង​ទីងមោង​ដាក់​នៅមុខ​ផ្ទះ​នេះ គឺជា​អ​បិ​យជំនឿមួយ ដែល​ប្រជាជន​ខ្មែរ ពិសេស​ស​ខ្មែរ​បុរាណ​គ្រប់រូប​តែងតែ​នាំគ្នា​ធ្វើ​ទីងមោង​ឡើង នៅពេល​ភូមិ ស្រុក និង ប្រទេសជាតិ​ជួប​គ្រោះ​ចង្រៃ​រាតត្បាត​ណាមួយ​ដែលមាន​ជំងឺឆ្លង និង​ស្លាប់​ភ្លាមៗ​។ 
 
​ជាមួយគ្នានេះ អ្នកស្រី ងឺ គឹម​សូ បាន​និយាយថា ការធ្វើ​ទីងមោង ដែលជា​លក្ខណៈ​អ​បិ​យ​ជំនឿ​នេះ ដើម្បី​ឲ្យ​ផ្លូវ​ងងឹត (​វិញ្ញាណ​អាក្រក់​) ខ្លាច​មិន​ហ៊ាន​ចូល​រាតត្បាត​បង្ក​គ្រោះថ្នាក់​នានា​ដល់​សមាជិក​ក្នុងផ្ទះ និង​ពលរដ្ឋ​ក្នុងភូមិ​។ អ្នកស្រី បន្ថែមថា នៅពេល​ស្រុកទេស​មាន​គ្រោះអាសន្ន​រោគរាតត្បាត មនុស្ស​ចាស់​ពី​ដើម ក្រៅពី​ធ្វើ​ទីងមោង​ដាក់​មុខផ្ទះ ក៏មាន​ដុត​ភ្លើង​ភ្នក់​តាម​ផ្ទះ​នីមួយៗ​ផងដែរ​។ 


 
​ថ្វី​ដ្បិតថា​អ្នកស្រី គឹម​សូ យល់ដឹង​អំពី​វិធី​ការពារ និង​បង្ការ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ដោយ​អនុវត្ត​សកម្មភាព​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ព្រមទាំង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ និង​ការព្យាបាល​មេរោគ​នេះ ដោយ​គ្រូពេទ្យ​ជំនាញ​ក៏ដោយ ប៉ុន្តែ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ នៅតែ​ធ្វើ​ទីងមោង​ដាក់​មុខផ្ទះ​។ អ្នកស្រី លើកឡើងថា​៖«​ការធ្វើ​ទីងមោង​ក្នុង​ពេលនេះ គឺជា​ផ្នែក​មួយ​ជួយ​បាន​ខ្លះ​ដល់​មនុស្ស​យើង​ក្នុង​ផ្លូវ​ងងឹត (​អ​បិ​យ​ជំនឿ​) កុំ​ឲ្យ​មាន​វិញ្ញាណ​អាក្រក់​មក​រំខាន​យើង​បាន​»​។ អ្នកស្រី បន្ថែមថា ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ ដូចជា​ជំងឺ​អាសន្នរោគ​អ៊ីចឹង ហើយ​បើ​ក្នុងផ្ទះ មាន​អ្នក​កើត​ម្នាក់​ហើយ គឺ​ឆ្លង​ពេញ​គ្រួសារ​តែម្តង​។ 
 
​មេរោគ​កូ​វីដ​-១៩ គឺ​ឆ្លងតាម​ដំណក់​ទឹកតូចៗ​ដែល​ខ្ទាត​ចេញមកក្រៅ​តាមរយៈ​ការ​ក្អក ឬ​កណ្តាស់ (​មិនមែន​ហោះហើរ​ក្នុង​ខ្យល់​ឡើយ​)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​កន្លងមក​។ ការចុះផ្សាយ​ដដែល បាន​បញ្ជាក់ថា មនុស្ស​ដែល​ផ្ទុកមេរោគ​កូ​វីដ​-១៩ បាន​ក្អក ឬ​កណ្តាស់ ដែល​ខ្ទាត​ដំណក់​ទឹកតូចៗ​ចេញពី​មាត់​ដល់​ទីណា មេរោគ នឹង​ទៅដល់​ទីនោះ ដូច្នេះ​អ្នក​ដែលមាន​ជំងឺ​បង្កឡើង​ដោយ​មេរោគ​នេះ គឺ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​កន្សែង ក្រមា ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ ព្រមទាំង​លាងដៃ​សម្លាប់​មេរោគ​ឲ្យ​បាន​ញឹកញាប់​ផងដែរ​។​


 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បុគ្គល​ដែល​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ ត្រូវមាន​រោគសញ្ញា​មួយ​យ៉ាងតិច​ក្នុងចំណោម​រោគសញ្ញា​ទាំងនោះ ដូចជា​ក្តៅខ្លួន​ក្នុង​កម្តៅ​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ហត់ និង ពិបាក​ដកដង្ហើម​។  ដើម្បី​បង្ការ និង​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ ពលរដ្ឋ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ឲ្យ​លើសពី​១​ម៉ែត្រ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាកុល  និង ជេ​ល ជាដើម ព្រមទាំង​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ​ផងដែរ​។ 
 
​មេរោគ​កូ​វីដ​-១៩ បាន​ឆ្លង​ទៅដល់​ប្រទេស​និង​ដែនដី​ជាង​១៨០​ហើយ​។ ចំណែក​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​នេះ ចំនួន​៥៣​នាក់​ហើយ ដោយ​គិត​ត្រឹម​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០៕ 


 

Tag:
 ទីងមោង​
  អ​បិ​យ​ជំនឿ​
  COVID-19
  មេរោគ​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com