ពលរដ្ឋ​សង្កាត់​សៀមរាប ចង់ឱ្យ​ស្ទឹង​សៀមរាប​លែងមាន​សំរាម​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​សង្កាត់​សៀមរាប ចង់ឱ្យ​ស្ទឹង​សៀមរាប​លែងមាន​សំរាម​
22, Mar 2020 , 7:19 pm        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​សង្កាត់​សៀមរាប កាលពី​ថ្ងៃទី​១២ មីនា​កន្លងទៅ បាន​បន្ត​រៀបចំ​កម្មវិធី​សម្អាតបរិស្ថាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ផ្តោត​សំខាន់​លើ​ការបារ​សំរាម​ប្លា​ស្ទិ​ក ចេញពី​ស្ទឹង​សៀមរាប​។ កម្មវិធី​នេះ ធ្វើឡើង​ក្រៅពី​ប្រតិទិន​ប្រចាំខែ​របស់​សង្កាត់ ដែល​តែង​អនុវត្តន៍​ជាប្រចាំ​ខែ​លើ​ការងារ​បរិស្ថាន សំដៅ​ធ្វើឱ្យ​ស្ទឹង​សៀមរាប​លែង​ហ៊ុមព័ទ្ធ​ដោយ​សំរាម​។ ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ បានបង្ហាញ​ការតាំង​ចិត្ត​ខ្ពស់ ក្នុងការ​ធ្វើ​ឲ្យ​ស្ទឹង​សៀមរាប​លែងមាន​សំរាម​។ ហើយ​នេះ​ក៏​ជា​ក្តី​ស្រមៃ​របស់ ប្រជាពលរដ្ឋ​ដែរ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
 
 
 
​ទឹកស្ទឹង​សៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​ជាទូទៅ​ចាត់ទុកជា​ទឹក​ពិសិដ្ឋ ដែល​ហូរ​កាត់​លិង្គ​មួយ​ពាន់ ពី​ភ្នំ​គូលែន​។ ប៉ុន្តែ​កំណើនប្រជាជន និង​មាន​ការតាំង​លំនៅ​តាម​ដងស្ទឹង​នេះ​កាន់តែច្រើន បានធ្វើឱ្យ​ស្ទឹង​នេះ រង​ការបំពុល​ធ្ងន់ធ្ងរ​ដោយ​សំរាម ពិសេស​សំរាម​ប្លា​ស្ទិ​ក ខណៈ​ទឹកស្ទឹង​មាន​ក្លិន​មិនល្អ និង​មិនអាច​ប្រើប្រាស់​បាន​។ សង្កាត់​សៀមរាប ជា​សហគមន៍​មួយ ដែលជា​កន្លែង​ហូរ​កាត់​ផ្នែក​ខាងចុង​នៃ​ស្ទឹង​សៀមរាប មុននឹង​ហូរ​ចាក់​ទៅ​ទន្លេសាប​។ ការបំពុល​ទឹកបាន​កើតឡើង​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​ចោល​សំរាម​ក្នុង​ទឹកស្ទឹង​នេះ​។​
 
​សកម្មភាព​សម្អាត​បរិ​ស្ថាន​ក្នុង​ស្ទឹង​សៀមរាប បានកើត​ឡើង​យ៉ាង​ផុសផុល​ខ្លាំង ចាប់ពី​ចុងឆ្នាំ​២០១៩​កន្លងទៅ ដោយ​ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្រើន ពី​បញ្ហា​បរិស្ថាន និង​ចង់ឃើញ​ស្ទឹង​សៀមរាប ស្រស់ស្អាត​ដូច​កាលពី​អតីតកាល​។​
 
​កម្មវិធី​សម្អាត​បរិស្ថាន ត្រូវបាន​រៀបចំ​ឡើងជា​ហូរហែ​នៅ​សង្កាត់​សៀមរាប បំណង​បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ យល់​កាន់តែច្បាស់​ពី​ការចួលរួម​សម្អាត​បរិស្ថាន​។ នៅ​ថ្ងៃទី​១២ មីនា កន្លងទៅ ចៅសង្កាត់​សៀមរាប បាន​កៀងគរ​លោកគ្រូ​អ្នកគ្រូ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន ចុះ​បារ​សំរាម​ចេញពី​ស្ទឹង​សៀមរាប​។ សំរាម​ទាំងនោះ បាន​បញ្ចេញ​ក្លិន​យ៉ាង​ស្អុយរលួយ តែ​មិនបាន​រាំងស្ទះ​ដល់​អ្នក​ចុះ​សម្អាត​ទេ​។​


 
​អ្នកគ្រូ ជា ចាន់ណា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នៅពេលនោះ​ឱ្យដឹងថា អ្នកគ្រូ​យល់ថា​កម្មវិធី​សម្អាត​សំរាម​ពី​ស្ទឹង​នៅពេលនេះ​ពិតជា​ល្អ​ណាស់ ហើយ​កន្លងមក​អ្នកគ្រូ​តែង​អប់រំ​កូនសិស្ស​ឱ្យ​ចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ក៏ដូចជា​ការកាត់បន្ថយ​ជាដើម​។ អ្នកគ្រូ​បន្ថែមថា សំរាម​ក្នុង​ស្ទឹង​បាន​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​បរិស្ថាន ពិសេស​អាចធ្វើឱ្យ​ត្រី​ងាប់​។​
 
​ចំណែក​អ្នកគ្រូ សុ​វណ្ណា​រ័ត្ន វិញ​ក៏​យល់​មិន​ខុសគ្នា​ប៉ុន្មាន​ពី​អ្នកគ្រូ ចាន់ណា​ដែរ​។ អ្នកគ្រូ​ថា សប្បាយចិត្ត​ពេល​ចូលរួម​កម្មវិធី​រើស​សំរាម​ពី​ស្ទឹង​សៀមរាប​ដើម្បីឱ្យ​ទឹកស្ទឹង​ស្អាត និង​លែង​កខ្វក់​។ អ្នកគ្រូ​ប្រាប់ថា​៖« យើង​បោះ​សំរាម​ក្នុង​ទឹក​វា​អត់​ល្អ ណាមួយ​វា​ធ្វើឱ្យ​ទឹក​កខ្វក់ ត្រី​ងាប់ ប៉ះពាល់​ដល់​បរិស្ថាន ខ្ញុំ​បាន​ប្រាប់​ក្មេងៗ​ថា កុំឱ្យ​បោះ​សំរាម​ចូល​ទឹក គឺ​ការបង្រៀន​ខ្ញុំ​មាន​ច្រើន គឺ​ណែនាំ​ក្មេងៗ​រាល់ពេល​»​។​
 
​ចៅសង្កាត់​សៀមរាប លោក ម៉ៃ សា​មេ​ត ដែល​ដឹកនាំ​កម្មវិធី​សម្អាត​បរិស្ថាន​នៅពេលនោះ​បានឱ្យដឹងថា ការសម្អាត​បរិស្ថាន​នៅពេលនេះ គឺ​ដើម្បី​ចូលរួម​អបអរ​បុណ្យ​ទន្លេ​លើក​ទី​៦ ដែល​រៀបចំឡើង​នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី​១៣ ដល់ទី​១៥ មីនា​។ ជាមួយគ្នា​នោះ កម្មវិធី​បរិស្ថាន​នៅពេលនេះ​ក៏​ឆ្លើយតប​ទៅនឹង​ការណែនាំ​ពី​រដ្ឋបាលខេត្ត ឱ្យ​យកចិត្តទុកដាក់​ការសម្អាត​អនាម័យ​បរិស្ថាន​ដើម្បី​បង្ការ​ពី​ជំងឺ​កូ​វីដ​១៩​។ 
 
​ទាក់ទង​នឹង​ការសម្អាត​បរិស្ថាន​នៅតាម​ដងស្ទឹង​សៀមរាប​នេះ លោក ម៉ៃ សា​មេ​ត ពន្យល់ថា សង្កាត់​លោក​មាន​ផែនការ​សម្អាត រហូតដល់​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង ហើយ​ការងារ​នេះ​ចាប់ផ្តើម​អនុវត្តន៍​តាំងពី​ចុងឆ្នាំ​២០១៩​មក ហើយ​មកដល់ពេលនេះ​ការងារ​នេះ ធ្វើបាន​ជាង​៨០​ភាគរយ​ហើយ​។ លោក​ចៅសង្កាត់ ក៏បាន​រៀបចំ​ផ្សព្វផ្សាយ និង​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ការ​ចោល​សំរាម​ក្នុង​ស្ទឹង ព្រមទាំង​គ្រោង​អនុវត្តន៍​សារា​ចរណ៍​លេខ​១១៣ ស្ដីពី​ការផាកពិន័យ​អ្នក​ចោល​សំរាម​ក្នុង​មូលដ្ឋាន​លោក​ផងដែរ​។​
 
​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​ដែល​សហការ​ផ្តល់​សម្ភារ​សម្អាត​បរិស្ថាន​ក្នុង​សង្កាត់​សៀមរាប បាន​លើកឡើងថា សំរាម​ប្លា​ស្ទិ​ក​ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សោភ័ណភាព​សាធារណ ពិសេស​ដល់​វិស័យ​ទេសចរណ៍​។ ហើយ​ការ​ចោល​សំរាម​ក្នុង​ស្ទឹង បាន​បង្កឱ្យមាន​សារធាតុពុល​ក្នុង​ទឹក និង​បង្ក​ជា​មេរោគ​ធ្វើឱ្យប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវៈចម្រុះ​ក្នុង​ទឹក​។​


 
​ជាមួយនឹង​ទស្សន​និង​គោលដៅ​ចង់បាន​បរិស្ថាន​ស្អាត អ្នកគ្រូ ចាន់ណា មាន​ក្ដី​ស្រមៃ​ចង់ឱ្យ​សហគម៍​ខ្លួន​គ្មាន​សំរាម​។ អ្នកគ្រូ​ចង់ឱ្យ​ក្មេងៗ​បន្ត​ជួយ​សំអាត​បរិស្ថាន ដើម្បី​សុខភាព​យើងទាំងអស់គ្នា​។​
 
 
​ចំណែក​អ្នកគ្រូ សុ​វណ្ណា​រ័ត្ន​៖« បើ​ស្ទឹង​គ្មាន​សំរាម ទឹកនឹង​ថ្លា ពីមុន​ស្ទឹង​ល្អ​ណាស់​គ្មាន​សំរាម អាច​ងូត បើ​ឆ្លុះ​ដល់​បាត ចឹ​ង​គួរតែ​ធ្វើឱ្យ​ទឹកស្ទឹង​ល្អ​ដូច​ពីមុន​...​សូមឱ្យ​ពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់ ជួយ​ថែរក្សា​ទឹកស្ទឹង​ផង កុំ​ចោល​សំរាម និង​ដប​ក្នុង​ទឹក​»​។​
 
​រីឯ​លោក​ចៅសង្កាត់​សៀមរាប​៖​​« សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ចោល​សំរាម​ក្នុង​ស្ទឹង ព្រោះ​ស្ទឹង​សៀមរាប​ជា​ស្ទឹង​ពិសិដ្ឋ ជា​ស្ទឹង​បុរាណ ស័ក្ដិ​សិទ្ធ​ណាស់​មាន​ប្រភពពី​ភ្នំ​គូលែន មាន​លិង្គ​មួយ​ពាន់​ដែល​ចាស់​បុរាណ​ជឿ​ណាស់​»៕

Tag:
 សំរាម​
  បរិស្ថាន​
  សង្កាត់​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com