COVID-19
អន្តរជាតិ
វៀតណាម ស្នើ​ឲ្យ​ពលរដ្ឋ​ប្រកាន់​ស្មារតី «​ប្រយុទ្ធប្រឆាំង​វីរុស​រាតត្បាត ដូច​ប្រយុទ្ធប្រឆាំង​សត្រូវ​រួម​
22, Mar 2020 , 7:39 pm        
រូបភាព
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម Nguyễn Phú Trọng (រូបភាព៖ ​AFP)
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម Nguyễn Phú Trọng (រូបភាព៖ ​AFP)
ដោយ:
​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ពី​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេល​របស់​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​ការពារ និង​ទប់ស្កាត់​វីរុស Covid-19​។ បក្ស​កុម្មុយនីស្ត​ជាមួយគ្នានេះ ក៏បាន​ក្រើនរម្លឹក​ដល់​អ្នកពាក់ព័ន្ធ​កុំ​មានការ​ត្រេកត្រអាល និង​ជឿជាក់​ពេក ដ្បិត​វិបត្តិ​នៃ​វីរុស Covid-19 នៅតែ​បន្ត​គំរាមកំហែង និង​ពិបាក​ក្នុងការ​ព្យាករ​ពី​ការរីក​រាលដាល​។​

 
​តាមរយៈ​កិច្ចប្រជុំ​បន្ទាន់​មួយ ដឹកនាំ​ដោយ​អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី​វៀតណាម លោក Nguyen Phu Trong និង​មាន​ចូលរួម​ដោយ​នាយករដ្ឋមន្ត្រី ប្រធានសភា​ជាដើម​នោះ វៀតណាម បាន​ក្រើនរម្លឹក​ដល់​ភាគី​ពាក់ព័ន្ធ​របស់​ប្រទេស​ទាំងអស់ ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ស្ថានភាព​នៃ​វីរុស Covid-19 ដោយ​មិនត្រូវ​មើលស្រាល​លើ​ស្ថានភាព​ឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News មេបក្ស​កុ​ម្មុនី​ស្ត​វៀតណាម​រូបនេះ បានស្នើ​ឲ្យ​មានការ​អនុវត្ត​ទូទាំងប្រទេស​ដោយ​បន្ត គ្រប់គ្រង​ស្ថានភាព​និង​លំហូរ​របស់​ប្រជាជន​ដែល​មកពី​តំបន់​មាន​ឆ្លង​វីរុស​នេះ​ច្រើន ក៏ដូចជា​ពិនិត្យ វាយតម្លៃ និង​ដាក់​ឲ្យ​នៅ​ដាច់ឡែក​លើ​អ្នក​ដែលមាន​រោគសញ្ញា​សង្ស័យ ។ វៀតណាម មានជំនឿថា​ប្រទេស​ខ្លួន អាច​ធ្វើបាន​ជោគជ័យ​ដូច​ករណី​ជំងឺ SARS-CoV-២​ផងដែរ​។​
 
​ក្នុង​វេទិកា​ដដែល​នោះ លោក Phu Trong បាន​កោតសរសើរ​ក្រុម​ជួរមុខ​របស់ខ្លួន ក៏ប៉ុន្តែ​ក៏បាន​ភ្ជាប់​ជាមួយនឹង​ការ​ដាស់តឿន​បន្ថែម​ដោយ​មិនត្រូវ​ត្រេកត្រអាល និង​ជឿជាក់​ជ្រុល​លើ​ស្ថានភាព​ឡើយ​។ ក្នុង​ជំហរ​របស់​វៀតណាម វីរុស​ប្រភេទ​រាតត្បាត Covid-19 នេះ នឹង​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ និង​ពិបាក​ព្យាករ  ហើយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រជាជន​ផងដែរ​។​
 
​ដោយសារតែ​ឆ្នាំ​២០២០​នេះ វៀតណាម ត្រូវ​អង្គុយ​កៅអី​ពីរ​សំខាន់​ក្នុង​ឆាក​អន្តរជាតិ គឺ​កៅអី​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​កៅអី​ប្រធាន​វិលជុំ​អាស៊ាន​ផង​នោះ ដែល​តម្រូវ​ឲ្យ​វៀតណាម រៀបចំ​ប្រជុំ​ច្រើន​នោះ ប្រមុខ​ដឹកនាំ​កំពូល​វៀតណាម បាន​ទទូច​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បង្ហាញ​ការរួបរួម​ជាតិ​មួយ​ដើម្បី​ប្រឆាំងនឹង​វីរុស​នេះ ក្រោម​ស្មារតី «​ប្រយុទ្ធប្រឆាំង​វីរុស​រាតត្បាត ដូច​ប្រយុទ្ធប្រឆាំង​សត្រូវ​របស់​យើង​»​។ 
 
​គួរ​ជម្រាប​ផងដែរ វៀតណាម ក៏ដូចជា​ប្រទេស​ប្រាំពីរ​ផ្សេងទៀត​របស់​អាស៊ាន លើកលែង​ឡាវ និង​មី​យ៉ាន់​ម៉ា បាន​ទទួលរង​ការគំរាមកំហែង​ពី​វីរុស Covid-19​។ ក៏ប៉ុន្តែ​មិនទាន់មាន​ករណី​ស្តាប់​ដោយសារ​ការឆ្លង​វីរុស នេះ​នៅឡើយ​នោះទេ​ក្នុងប្រទេស​វៀតណាម​៕ 

Tag:
 វៀតណាម​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com