អន្តរជាតិ
បង់​ក្លា​ដែ​ស ខកចិត្ត ក្រោយ​ប្រគល់​បញ្ជី​ជនភៀសខ្លួន​ឲ្យ​មី​យ៉ាន់​ម៉ា តែ​មិនបាន​ចម្លើយ​ព្រម​ឬ​បដិសេធ​
22, Mar 2020 , 8:19 pm        
រូបភាព
ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅលើទឹកដីបង់ក្លាដែស (រូបភាព៖ Xinhua)
ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅលើទឹកដីបង់ក្លាដែស (រូបភាព៖ Xinhua)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា បានប្រគល់​បញ្ជី​ឈ្មោះ​លម្អិត​របស់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជិត​ហាសិប​ម៉ឺន​នាក់​ដល់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ ដើម្បី​សុំ​កិច្ចសហការ​ក្នុង​កិច្ចការ​បញ្ជូន​ពួកគេ​ទៅកាន់​ទីកន្លែង​ដើម​វិញ​។ ក៏ប៉ុន្តែ​មិន​ខុសពី​ពេលមុន​ឡើយ ក្រុង​ដា​ហ្កា មិន​ទទួលបាន​ចម្លើយ និង​កិច្ចសហការ​ពី​ក្រុង​ណៃ​ពិដោរ​ឡើយ ពោលគឺ​ពន្លឺ​នៃ​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន នៅតែ​ស្ថិតក្នុង​ភាពស្រពិចស្រពិល​ដដែល​។​

 
​រដ្ឋមន្ត្រី​ការ​បរ​ទស​បង់​ក្លា​ដែ​ស លោក AK Abdul Momen នៅ​ថ្ងៃ​២០ មីនា បាន​ឲ្យ​ដឹងថា បង់​ក្លា​ដែ​ស បានប្រគល់​បញ្ជី​ឈ្មោះ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៤៩២ ០០០ នាក់ ដែល​ស្នាក់នៅ​ជំរំ​បណ្តោះអាសន្ន​ក្នុងប្រទេស​ខ្លួន ដល់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ហើយ​។ បង់​ក្លា​ដែ​ស នៅតែ​ចង់ឃើញ​កិច្ចសហការ​ពី​មី​យ៉ាន់​ម៉ា ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​នេះ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy លោក​រដ្ឋមន្ត្រី អះអាងថា បញ្ជី​ឈ្មោះ​នេះ បានបញ្ជាក់​ពី​សាវតា និង​ព័ត៌មាន​លម្អិត​របស់​ជ​ន​ភៀសខ្លួន​រាប់បញ្ចូល​ទាំង​ទីកន្លែង​កំណើត និង​សាច់ញាតិ​បងប្អូន ដែល​នេះ គឺជា​អ្វីដែល​មី​យ៉ាន់​ម៉ា ចង់បាន​មុនពេល​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​។​
 
​ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការប្រគល់​បញ្ជី​ឈ្មោះ ដែល​បង់​ក្លា​ដែ​ស​អះអាងថា ជា​លើក​ទី​ប្រាំ​ហើយ​នោះ មិន​ទទួលបាន​ការឆ្លើយតប​ពី​ភាគី​មី​យ៉ាន់​ម៉ា​វិញ​ឡើយ​។ លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សូម្បីតែ​ការឯកភាព (Yes) ឬ បដិសេធ ( No) ក៏​លោក មិន​ទទួលបាន​ផង​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ប្រមុខ​ការទូត​បង់​ក្លា​ដែ​សរូប​នេះ បាន​លើកឡើងថា ៖« យើង​មិន​អាចធ្វើ​អ្វី​ដោយ​បង្ខំ​បានឡើយ​។ មី​យ៉ាន់​ម៉ា​ខ្លួនឯង​ផ្ទាល់ ជា​អ្នកបង្កើត​បញ្ហា ហើយ​ដំណោះស្រាយ ក៏​ស្ថិតនៅលើ​មី​យ៉ាន់​ម៉ា​ដែរ​។ អ្វីដែល​យើង​អាចធ្វើ​នោះ​គឺ សំណើសុំ​កិច្ចសហការ ហើយ​ក្នុងនាម​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព បង់​ក្លា​ដែ​ស មិន​ជ្រើស​យក​សង្គ្រាម ជា​ជម្រើស​ឡើយ »​។​
 
​គួរ​ជម្រាប​ផងដែរ​ថា បង់​ក្លា​ដែ​ស គឺជា​រដ្ឋ​កំពុងតែ​អភិវឌ្ឍ​មួយ ដែល​កំពុងតែ​ទទួលបន្ទុក​មួយ​ដ៏​ធ្ងន់​ក្នុងការ​ធានារ៉ាប់រង​អាយុជីវិត​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់ ដែល​បាន​ភៀសខ្លួន​មី​យ៉ាន់​ម៉ា​តាំងពី​ឆ្នាំ​២០១៧​មក ដោយសារតែ​បញ្ហា​អសន្តិសុខ​ផ្ទៃក្នុង​។ បង់​ក្លា​ដែ​ស ជារឿយៗ​បាន​អំពាវនាវ​សុំ​កិច្ចសហប្រតិបត្តិការ​ពី​បណ្តា​អង្គការ និង​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​មី​យ៉ាន់​ម៉ា​ឲ្យ​ទទួលខុសត្រូវ​លើ​វិបត្តិ​មនុស្សជាតិ​នេះ​៕ 

Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com