ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
​កញ្ញា ឆន ចាន់​ដា​រ៉ា ប្រឹង​ជម្នះ​នឹង​ផ្នត់គំនិត​ដែលថា​«​ជំនាញ​មេកានិច​»​រៀន​បានតែ​មនុស្ស​ប្រុស​
22, Mar 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ថ្វីបើ​ការសិក្សា​ជំនាញ​មេកានិច ភាគច្រើន​ឃើញតែ​វត្តមាន​បុរស​ក៏ពិតមែន តែ​សម្រាប់​កញ្ញា ឆន ចាន់​ដា​រ៉ា ដែល​កំពុង​សិក្សា​មេកានិច នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា យល់ថា ជំនាញ​អ្វី​ក៏ដោយ​មនុស្ស​ប្រុស​អាច​រៀន​បាន មនុស្ស​ស្រី​ក៏​អាច​រៀន​បានដែរ​។ ដោយ​ស្គាល់​ខ្លួនឯង​ថា ចូលចិត្ត​មុខវិជ្ជា​បែប​វិទ្យាសាស្ត្រ និង​ចូលចិត្ត​ការបង្កើត​គំនិត​ថ្មីៗ ទើប​ធ្វើ​ឲ្យ​យុវតី​វ័យ​២២​ឆ្នាំ​រូបនេះ មិន​រុញ​រា​ក្នុងការ​សំរេចចិត្ត​ជ្រើសរើស​ជំនាញ​មេកានិច​នេះឡើយ​។ បើទោះបីជា គ្រួសារ​មិនសូវ​ពេញចិត្ត​ឲ្យ​រៀន​ជំនាញ​បច្ចេកវិទ្យា​ក៏ដោយ ព្រោះ​ពួកគាត់​យល់ថា ជំនាញ​នេះ​ត្រូវ​ប្រើ​កម្លាំង​មិន​សាក​សម​នឹង​មនុស្ស​ស្រី​រៀន តែ ចាន់​ដា​រ៉ា បាន​ជម្នះ​នឹង​ការយល់ឃើញ​របស់​ឪពុកម្តាយ រហូត​ទាល់តែ​ពួកគាត់​ក្លាយជា​អ្នកជំរុញ​ទឹកចិត្ត​ឲ្យ​កូនស្រី​របស់ខ្លួន រៀន​ជំនាញ​វិទ្យាសាស្ត្រ​មេកានិច​នេះ​ចប់​ថ្នាក់​បរិញ្ញាបត្រ​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា ឆន ចាន់​ដា​រ៉ា និស្សិត​មេកានិច​ដូចតទៅ​៖ 

 
«​គាត់​ព្រួយបារម្ភ​ខ្លាច​ខ្ញុំ​រៀន​អត់​កើត មាន​បញ្ហា​សុខភាព ព្រោះ​អ្នករៀន​ជំនាញ​(​មេកានិច​)​ហ្នឹង ភាគច្រើន​សុទ្ធតែ​ប្រុស តែ​ក្រោយមក​ខ្ញុំ​បាន​ពន្យល់​គាត់​ថា ពេល​រៀន​មិន​អី​ទេ មាន​មិត្ត​ភ័ក្ក​ជួយ​ណែនាំ​ច្រើន​។ បើ​ពេលធ្វើការ​វិញ យើង​មាន​ការងារ​ផ្នែក​នៅក្នុង​ការិយាល័យ អត់​ធ្វើការ​នៅ​រោង​ម៉ាស៊ីន​ទេ គាត់​ខ្លាច​ខ្ញុំ​ធ្វើការ​កន្លែង​មាន​សំឡេង​ខ្លាំង​អត់​បាន ហើយ​សព្វថ្ងៃ​មានតែ​ការលើកទឹកចិត្ត​វិញ​»​។ នេះ​ជា​សម្ដី​របស់​និស្សិត ចាន់​ដា​រ៉ា ដែល​បាន​ជម្នះ​ការមិន​ពេញចិត្ត​របស់​គ្រួសារ ឱ្យ​ងាក​មក​គាំទ្រ​ការសម្រេចចិត្ត​របស់ខ្លួន​។ ទោះបី​គ្រួសារ​មិនសូវ​ពេញចិត្ត តែ​ពួកគាត់​មិនបាន​បង្ខំ​ឱ្យ​កញ្ញា ឆន ចាន់​ដា​រ៉ា ចាប់យក​ជំនាញ​ផ្សេង​នោះឡើយ​។​
 
​យុវតី ចាន់​ដា​រ៉ា ដែលជា​និស្សិត​ឆ្នាំ​ទី​៥ ជំនាញ​មេកានិច នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) បានឱ្យដឹងថា ទោះបី​ជំនាញ​មេកានិច​នេះ មាន​ផល​លំបាក​មួយចំនួន​ចំពោះ​មនុស្ស​ស្រី​ក៏ដោយ ប៉ុន្តែ ទាំង​ការសិក្សា ការងារ និង​ពេល​ចូលរួម​កម្មវិធី​ផ្សេងៗ គេ​ផ្ដល់​អទិភាព​ឱ្យ​មនុស្ស​ស្រី​ច្រើនជាង​។ ដា​រ៉ា បាន​អះអាង​បែបនេះ​ថា​៖ «​ពួកគាត់ (​និស្សិត​ប្រុស​) លើកទឹកចិត្ត​ច្រើន ហើយ​ពេលខ្លះ​ខ្ញុំ​ទទួលបាន​ការជួយ​ពី​ពួកគាត់​ដែរ ដូចជា ការធ្វើ​កិច្ចការ​សាលា ពេល​ម៉ោង​អនុវត្ត គាត់​ផ្ដល់​អទិភាព​ឱ្យ​ខ្ញុំ ជ្រើស​រើសយក​ការងារ​ណា​ដែល​មិន​ប្រើ​កម្លាំងកាយ​ច្រើន​។ មួយវិញទៀត បើ​ខ្ញុំ​ចង់​កាន់​ម៉ាស៊ីន គាត់​ផ្ដល់ឱកាស​ឲ្យ​ខ្ញុំ ទោះបី​ដឹងថា បើ​ខ្ញុំ​ធ្វើ​ការងារ​ហ្នឹង​ត្រូវ​យឺត​ក៏ដោយ​»​។ 
 
​រយៈពេល​៥​ឆ្នាំ​សិក្សា​លើ​ជំនាញ​មេកានិច​នេះ និស្សិត​ស្រី​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម រូបនេះ បានបង្ហាញ​សមត្ថភាព និង​ការព្យាយាម​រៀនសូត្រ​ឱ្យ​ក្រុមគ្រួសារ​បានឃើញ​ពីអ្វី ដែល​ខ្លួន​ស្រលាញ់ ដូចជា​ការចូលរួម​ក​ម្ម​វិធី​នៅក្រៅ​ប្រទេស និង​ការចុះ​កម្មសិក្សា​តាម​ក្រុមហ៊ុន​ជា​ហូរហែ​ជាដើម​។ ក្នុង​ឆ្នាំ​២០១៨ ដា​រ៉ា បាន​ចូលរួម​កម្មវិធី Jonesy ២០១៨ ដែល​សិក្សា​ពី​ផលិតកម្ម​និង​បច្ចេកវិទ្យា នៅ​ប្រទេស​ជប៉ុន​រយៈពេល​១០​ថ្ងៃ និង​បាន​ចុះ​កម្មសិក្សា​ផ្នែក​ឌី​ហ្សា​ញ និង​បរិក្ខា​ត្រជាក់ នៅ​ក្រុមហ៊ុន Cominkhmere និង Khmere AZoZ រយៈពេល​៦​ខែ​។​
 
​នៅសល់​រយៈពេល​៥​ខែ​ទៀត​ប៉ុណ្ណោះ និស្សិត ឆន ចាន់​ដា​រ៉ា នឹងត្រូវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​មេកានិច នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​មុខជំនាញ​នេះ​ត្រូវ​រៀន​រយៈពេល​៥​ឆ្នាំ​។ ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ យុវតី ដា​រ៉ា មានបំណង​ចង់​ធ្វើជា​អ្នក​ឌី​ហ្សា​ញ និង​សិក្សា​បរិក្ខា​ត្រជាក់ នៅក្នុង​ក្រុមហ៊ុន​មួយ ដើម្បី​ដកស្រង់​បទពិសោធ មុននឹង​ចាប់​ផ្តើមធ្វើ​ជំនួញ​លើ​មុខជំនាញ​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​៕

Tag:
 និស្សិត​ស្រី​
  ជំនាញ​
  មេកានិច​
© រក្សាសិទ្ធិដោយ thmeythmey.com