ប្រវត្តិ​នៃ​គេហទំព័រ​វីដេអូ «YouTube»
អន្តរជាតិ
ប្រវត្តិ​នៃ​គេហទំព័រ​វីដេអូ «YouTube»
22, Mar 2020 , 9:39 pm        
រូបភាព
«YouTube» គឺជា​គេហទំព័រ​មួយ​ដែលមាន​ភាពល្បីល្បាញ​ជាងគេ​នៅក្នុង​បរិបទ​នៃ​ការ​ទស្សនា និង​បង្ហោះ​វីដេអូ​ទៅ​ឲ្យ​អ្នកប្រើប្រាស់​រាប់រយ​លាន​នាក់​នៅក្នុង​ពិភពលោក​។ ដោយ​ក្នុង​មួយខែៗ ជាង​៤​ពាន់​លាន​ម៉ោង​នៃ​វីដេអូ​ត្រូវបាន​ចំណាយ​ពី​ការ​ទស្សនា​ដោយ​អ្នកប្រើប្រាស់​នានា​នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។

 
 
​ចាប់តាំងពី​ការបង្កើតឡើង​ដំបូង​នៅក្នុង​ឆ្នាំ​២០០៥​មក YouTube បានប្រែក្លាយ​ខ្លួន​ពី​កន្លែង​ទស្សនា​វីដេអូ​ផលិត​ដោយ​ក្រុមមនុស្ស​សាមញ្ញ​ធម្មតា មកជា​កន្លែង​ទស្សនា​វីដេអូ​ដែល​ពោរពេញ​ទៅដោយ​ផលិតករ​អាជីព និង​ក្រុមហ៊ុន​ផ្លូវការ​ធំៗ​ជាច្រើន​។ ក្នុងពេល​ជាមួយគ្នានេះ អាជីព​ថ្មី​ម្យ៉ាង​ក៏ត្រូវ​បាន​គេ​បង្កើតឡើង​ដោយ​វត្ត​មាននៃ YouTube ផងដែរ ដែល​ត្រូវបាន​គេ​ហៅថា YouTuber Contents Creator ដែលជា​អ្នក​
 
​ផលិត​វីដេអូ​អូ​ពេញ​ម៉ោង​នានា​នៅក្នុង​ប្រព័ន្ធ YouTube សម្រាប់​ប្រាក់កម្រៃ​ផ្ទាល់​ពី​ចំនួន​អ្នកទស្សនា និង​អ្នក​ចូល​ជាវ (Subscribe) ។ 
 
​គេហទំព័រ interestingengineering.com បាន​ពន្យល់ថា គោលបំណង​របស់ YouTube ដំបូង​ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុងការ​បង្កើត​គេហទំព័រ​កណ្តាល​ធំ​មួយ​ដែល​មនុស្ស​ទូទៅ​អាច​បង្ហោះ​វីដេអូ​ដែល​ខ្លួន​មាន​ទៅកាន់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ជាមួយនឹង​ការ​រឹតត្បិត​ទាប​។ YouTube ត្រូវបាន​បង្កើតឡើង​នៅក្នុង​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០៥ ដោយ​បុរស​បីនាក់ ក្នុងនោះ​មានដូចជា​លោក Chad Hurley លោក Steve Chen និង​លោក Jawed Karim ដែល​នាក់​ទាំងបី​នេះ​ធ្លាប់ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន PayPal ។ 
 
​គំនិត​ដំបូង​ត្រូវបាន​គេ​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៤ នៅពេលដែល​អ្នក​ទាំងបី​រូប​បាន​គិតថា វា​គឺជា​រឿង​ដ៏​ពិបាក​មួយ​ក្នុងការ​តាមរក​វីដេអូ​នានា​នៅក្នុង​ប្រព័ន្ធ​ដ៏​ធំធេង​នៃ​អ៊ី​ន​ធឺ​ណែ​ត​។ លោក Chad Hurley បាន​និយាយថា មនុស្ស​គ្រប់គ្នា​បាន​ថត​វី​ដែ​អូ​ជាច្រើន​នៅតាម​ទូរ​សព្ទ​ដៃ ឬ​កា​ម៉េ​រា តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ​ក្នុងការ​ចែករំលែក​ទិន្នន័យ​វីដេអូ​ទាំងនោះ​ទៅកាន់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។ 
 
​នៅ​ខែឧសភា​នៃ​ឆ្នាំ​២០០៥ វីដេអូ​ដំបូង​គេ​បង្អស់​ដែលមាន​ចំណងជើង​ថា «Me at the Zoo» ដែលមាន​រយៈពេល​១៩​វិនាទី​ត្រូវបាន​លោក Jawed Karim បង្ហោះ​ឡើង​នៅក្នុង​គេហទំព័រ YouTube ។ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០០៥​ដដែល វីដេអូ​លើកដំបូង​គេ​ដែល​ត្រូវបាន​គេ​ចូល​ទស្សនា​ជាង​១​លាន​ដង​គឺ​វីដេអូ​របស់​ក្រុមហ៊ុន​សំលៀកបំពាក់​កីឡា Nike ជាមួយនឹង​កីឡាករ​ទាត់​បាល់ Ronaldinho ។ នៅក្នុង​ខែធ្នូ ឆ្នាំ​ដដែល ក្រុមហ៊ុន Sequoia Capital បាន​បោះ​ទុក​៣,៥​លាន​ដុល្លារ​លើ YouTube និង​ប្រមាណ​ជា​៨​លាន​ដុល្លារ​ទៀត​ដោយ Sequoia ដដែល​ជាមួយនឹង Artist Capital Management នៅក្នុង​ឆ្នាំ​២០០៦​។ តើ​ឈ្មោះ «YouTube»​មានន័យ​ដូចម្តេច​? 
 
​តាមពិតទៅ​ឈ្មោះ YouTube ពិតជា​មានន័យ​សាមញ្ញ​ណាស់​។ ពាក្យ​«You»​សំដៅទៅ​ពា​ក្ស​«​អ្នក​» ចំណែកឯ​«Tube»​គឺជា​ពាក្យ​បច្ចេកទេស​ចំណាស់​ម្យ៉ាង​ដែល​សំដៅ​ទៅលើ​ផ្នែក​ខាង​ក្នុងនៃ​ទូរទស្សន៍​សេរី​ចាស់ (​គូទ​ប៉ោង​) មាន​តួនាទី​ក្នុង​ការផលិត​រូបភាព​លើ​អេក្រង់​។ នៅក្នុង​ខែតុលា​នៃ​ឆ្នាំ​២០០៦ Google បាន​ទាញយក YouTube ក្នុងតម្លៃ​១.៦៥​ពាន់​លាន​ដុល្លារ និង​បាន​និយាយថា YouTube គឺជា​ជំហាន​បន្ទាប់​ក្នុងការ​ផ្លាស់ប្តូ​រកា​វិវត្តន៍​នៃ​អ៊ី​ន​ធើ​ណែ​ត​។ ក្នុងពេលនោះ YouTube មាន​បុគ្គលិក​ធ្វើការ​ប្រមាណ​ជា​៦៥​នាក់​ប៉ុណ្ណោះ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com