COVID-19
អន្តរជាតិ
វេជ្ជបណ្ឌិតម៉ាឡេស៊ីម្នាក់ ស្លាប់ដោយសារ COVID-19 រូបភា៖ AFP
× ម៉ាឡេស៊ី នាថ្ងៃទី២២ ខែមីនា បានរាយការណ៍ថា មានអ្នកស្លាប់ ១ករណីទៀត ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ករណីចុងក្រោយនេះ គឺជាវេជ្ជបណ្ឌិត។ សរុបតួលេខអ្នកស្លាប់នៅម៉ាឡេស៊ី បានកើនដល់ ៩ករណី ខណៈករណីCOVID-19មានចំនួនលើសពី ១ពាន់ករណី។
អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា វេជ្ជបណ្ឌិតម៉ាឡេស៊ីម្នាក់ បានទទួលមរណភាពដោយសារ COVID-19។ ជាអ្នកជំងឺក្នុងករណីទី ៨៩០ របស់ម៉ាឡេស៊ី បុរសរូបនេះ ធ្លាប់ធ្វើដំណើរទៅប្រទេសតួកគី និងត្រូវបានគេតេស្តរកឃើញថាមានផ្ទុកកូរ៉ូណាវីរុសនៅថ្ងៃទី១៨ មីនា។ នៅថ្ងៃបន្ទាប់សុខភាពរបស់លោក បានធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ នាថ្ងៃទី២២ ខែមីនា លោកត្រូវបានគេរាយការណ៍ថា បានទទួលមរណភាព ដោយសារCOVID-19។
យ៉ាងណាក៏ដោយ ម៉ាឡេស៊ី មិនបានបញ្ជាក់ទេ ថាតើលោកវេជ្ជបណ្ឌិតរូបនេះ មានផ្ទុកជំងឺរាំរ៉ៃប្រចាំកាយឬក៏អត់នោះឡើយ។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ម៉ាឡេស៊ីមានករណី COVID-19សរុប ១១៨៣ករណី អ្នកស្លាប់ ៩ករណី និងអ្នកជាសះស្បើយ ១១៤ករណី។ ម៉ាឡេស៊ី នៅតែជាប្រទេសមាន COVID-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com