COVID-19
អន្តរជាតិ
ស្ត្រី​ថៃ​ដែល​ស្លាប់​នៅ​អាមេរិក​ដោយសារ COVID-19 គឺជា​មេ​ចុងភៅ​
23, Mar 2020 , 10:21 am        
រូបភាព
មន្ទីរពេទ្យ MedStar Georgetown ក្នុងរដ្ឋធានី Washington DC សហរដ្ឋអាមេរិក
មន្ទីរពេទ្យ MedStar Georgetown ក្នុងរដ្ឋធានី Washington DC សហរដ្ឋអាមេរិក
ដោយ:
​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែលជា​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ថៃ​មួយកន្លែង​ក្នុង​សហរដ្ឋអាមេរិក​​បាន​ក្លាយជា​ករណី​ស្លាប់​ថៃ​ដំបូង​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ដែល​បាន​រកឃើញ​នៅ​បរទេស​​។ ក្រសួងការបរទេស​ថៃ បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២២ ខែមីនា​។​


 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ លោក CherdkiatAtthakor គូសបញ្ជាក់ថា ក្រសួង​បានទទួល​របាយការណ៍​មួយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​រដ្ឋធានី​Washington ថា ស្ត្រី​ថៃ​អាយុ​៦៦​ឆ្នាំ​ម្នាក់ ដែល​ស្គាល់​ថា Pailin​បាន​បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ​មួយ​ឈ្មោះថា MedStar Georgetown កាលពី​ថ្ងៃ​២១ ខែមីនា​។​តាម​ប្រភពព័ត៌មាន​ថៃ​ដដែល លោក Cherdkiat អះអាង​ទៀតថា ក្មួយ​ស្រី​អ្នកស្រី​បានផ្ដល់​ដំណឹង​ដល់​ស្ថានទូត​ថៃ​នៅ​ទីនោះ​ថា មន្ទីរពេទ្យ បាន​បញ្ជាក់ថា​ការស្លាប់​របស់​ស្ត្រី​វ័យ​៦៦​ឆ្នាំ​រូបនេះ គឺ​បណ្ដាលមកពី COVID-19 មែន​។

ការស្លាប់​នេះ​គឺជា​ជនជាតិ​ថៃ​ដំបូង​ដែល​បាន​ស្លាប់​នៅ​បរទេស ដោយសារ​វីរុស COVID-19 ​ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នេះ និង​ជា​ជនជាតិ​ថៃទី​២ ដែល​ស្លាប់​ដោយសារ COVID-19 ។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ២៣ ខែមីនា ប្រទេស​ថៃ បាន​រកឃើញ​ករណី​ឆ្លង COVID-19 សរុប​៥៩៩​នាក់​ហើយ ខណៈ​ជាសះស្បើយ​មាន ៤៤​នាក់ ហើយ​ស្លាប់​សរុប​ចំនួន​២​ដែល​មួយ​ក្នុងប្រទេស​ថៃ និង​មួយទៀត​នៅ​បរទេស​៕​

Tag:
 ថៃ​
  សហរដ្ឋអាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com