COVID-19
អន្តរជាតិ
ថៃ​រកឃើញ​ករណី​​ឆ្លង​ថ្មី​១២២​ទៀត​, ករណី​សរុប​ឡើងដល់​៧២១
23, Mar 2020 , 2:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ថៃ នា​ថ្ងៃទី​២៣ ខែមីនា បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ១២២​ករណី​បន្ថែមទៀត​។ បើ​ធៀប​ទៅនឹង​ថ្ងៃ​ម្សិលមិញ តួលេខ​បាន​ថមថយ​បន្តិច ដែលមាន​ចំនួន​រហូត​ទៅដល់ ១៨៨​នាក់​ឯណោះ ខណៈពេល​រដ្ឋាភិបាល​បាន​ចាត់វិធានការ​រឹតបន្តឹង​ថែមទៀត ដើម្បី​ទប់ស្កាត់​COVID-19​។


 
​បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ថៃ​បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ១២២​ករណី​បន្ថែមទៀត​។ ក្នុងចំណោម ១២២​ករណីនេះ មាន​២០​ករណី​ទាក់ទង​នឹង​ករណី​ចាស់ៗ ១០​ករណី​ឆ្លង​មកពី​បរទេស និង ៩២​ករណី​ទៀត កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​។ តួលេខ​COVID-19 សរុប​នៅ​ថៃ បាន​កើន​ដល់ ៧២១​ករណី អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ ៥២​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​តាមរយៈ​ចំណាត់ការ​រដ្ឋាភិបាល​ថៃ ដែល​កំពុង​តែមាន​អនុវត្ត​នៅក្នុង​ពេលនេះ ផ្សារ​ទំនើប កន្លែង​កម្សាន្ត ភោជនីយដ្ឋាន និង​កន្លែង​ជួបជុំ​មួយចំនួន ត្រូវ​ផ្អាក​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​បង្ការ​ការរីក​សាយភាយ​COVID-19 នៅក្នុង​ប្រទេស​។ បទបញ្ជា​របស់​រដ្ឋាភិបាល ដែល​បាន​ចូល​ជា​ធរមាន​នា​ថ្ងៃទី​២២ ខែមីនា​នេះ នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី​១២ ខែមីនា ខាងមុខ​។ 
 
​បន្ថែម​ពីលើ​នេះ បទបញ្ជា​មួយ​នេះ គឺមាន​ភ្ជាប់​ជាមួយ​ការពិន័យ​។ បានសេចក្តីថា ប្រសិនបើ​បុគ្គល​ណា​ហ៊ាន​បំពាន​បទបញ្ជា​មួយ​នេះ នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ប្រមាណ ៣​ពាន់​ដុល្លារ​។  
 
​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែមីនា ក្នុងចំណោម​បណ្តា​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍ ថៃ​គឺ​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់ពី​ម៉ាឡេស៊ី ដែលមាន​ករណី COVID-19 ច្រើនជាងគេ​បំផុត ខណៈពេល​ឡាវ និង​មី​យ៉ាន់​ម៉ា នៅតែ​មិនទាន់មាន​របាយការណ៍​ស្តីពី​COVID-19 នៅក្នុង​ប្រទេស​៕

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com