COVID-19
ជាតិ
អ្នកជំងឺCOVID-19 ចំនួន២នាក់ ដែលសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តសៀមរាបមានសុខភាពធម្មតា
× សៀមរាប៖ មកដល់ពេលនេះ ស្ថានភាពអ្នកជំងឺដែលជាជនជាតិខ្មែរ២នាក់ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានសុខភាពល្អធម្មតា តែក្រុមគ្រូពេទ្យបន្តតាមដានសុខភាពពួកគេដោយយកចិត្តទុកដាក់ខ្ពស់។ តាមប្រធានមន្ទីរសុខាភិបាលខេត្ត ម្នាក់ក្នុងចំណោម២នាក់ គឺលទ្ធផលតាមដានការពិនិត្យសុខភាព ឃើញថា អវិជ្ជមានមេរោគហើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ មីនា នេះថា សុខភាពបុរសជនជាតិខ្មែរទី១ ដែលឆ្លងពីជនជាតិជប៉ុនកាលពីដើមខែ មីនាមកនោះ គឺមានសុខភាពធម្មតា តែការតាមដានពិនិត្យសុខភាព ឃើញនៅតែមានមេរោគកូវីដ១៩ តែមានចំនួនតិច។ មកដល់ពេលនេះ គឺការធ្វើតេស្ដមានចំនួន៧ដងរួចហើយ តែលទ្ធផលនៅតែវិជ្ជមាន ហើយរំពឹងថា ការធ្វើតេស្ដមេរោគនៅលើកទី៨ ដែលក្រុមគ្រូពេទ្យនឹងធ្វើនៅថ្ងៃទី២៣នេះ អាចចេញលទ្ធផល អវិជ្ជមាន។ នេះជាការលើកឡើងរបស់លោក ក្រុស សារ៉ាត់។
សូមស្ដាប់សំឡេង លោក ក្រុស សារ៉ាត់ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តនៅព្រឹកថ្ងៃទី២៣ មីនា៖
ចំណែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលទើបមកពីប្រទេសម៉ាឡេស៊ី សុខភាពកាន់តែល្អប្រសើរ។ ការធ្វើតេស្ដត្រួតពិនិត្យឃើញថា មានលទ្ធផលអវិជ្ជមាននៃមេរោគកូវីដ១៩ហើយ តែក្រុមគ្រូពេទ្យនឹងបន្តធ្វើតេស្ដលើកទី២ម្ដងទៀត។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា ប្រសិនណាលទ្ធផលនៅបន្ដអវិជ្ជមាន គ្រូពេទ្យនឹងពិចារណាឱ្យបុរសអាយុ៤០ឆ្នាំនេះ ត្រឡប់ទៅផ្ទះវិញ តែត្រូវស្ថិតនៅដាច់ដោយឡែកពីគ្រួសារក្នុងរយៈពេលដែលបានកំណត់។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានមនុស្ស១៧២នាក់ហើយ ដែលត្រូវបានពិនិត្យ និងធ្វើតេស្ដរកជំងឺកូវីដ១៩ ហើយលទ្ធផលគឺសុទ្ធសឹងអវិជ្ជមាន។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា អ្នកទាំងនោះគឺមានទំនាក់ទំនាក់ជិតស្និទ្ធ និងដោយផ្ទាល់ពីអ្នកជំងឺកូវីដ១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com